(បន្ទាយមានជ័យ)៖ មន្ត្រីគយសាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីគយចល័តក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យទំនិញតាមស្តង់អាជីវករលក់ដូរ ដើម្បីរឹតបន្តឹងខ្លាចក្រែងទំនិញនាំចូល គ្មានការបង់ពន្ឋជូនរដ្ឋឲ្យបានត្រឹមត្រូវ។ ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ នៅតាមស្តង់មួយចំនួន ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ដែលនៅតាមបណ្ដាយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សាររ៉ាចាស់ និងនៅម្តុំផ្សារអគ្គថ្មីប៉ោយប៉ែត។
មន្ត្រីជំនាញគយចល័ត បានបង្ហើបឲ្យដឹងថា ការចុះអនុវត្តន៍ត្រួតពិនិត្យទំនិញតាមស្តង់លក់ដូររបស់អាជីវករ ដោយសារតែមានការសង្ស័យ មានទំនិញនាំចូលពីប្រទេសជិតខាង ដោយមិនមានការបង់ពន្ធជូនរដ្ឋឲ្យ បានត្រឹមត្រូវទៅតាមច្បាប់ ដូច្នេះទើបក្រុមមន្ត្រីជំនាញទទួលបញ្ជាពីថ្នាក់លើ ដើម្បីចុះមកត្រួតពិនិត្យមើលតែម្តង។
យ៉ាងណាមិញជំនាញបានបង្ហើបថា ការចុះត្រួតពិនិត្យតាមស្តង់លក់ដូររបស់អាជីវករ ជាច្រើនកន្លែង នៅក្នុងតំបន់ជាយដែនប៉ោយប៉ែតនេះ បានសង្កេតឃើញថា មានមុខទំនិញ មិនមានការបង់ពន្ធ ហើយទំនិញខុសច្បាប់ទាំងនោះ មន្ត្រីជំនាញបានបញ្ជាក់ថា ត្រូវផាកពិន័យឲ្យម្ចាស់ បង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវ។
ជាមួយគា្ននោះ ក្រុមអាជីវករ ក៏ដូចជាពលរដ្ឋរស់នៅ ប៉ោយប៉ែតបានរិះគន់ថា ហេតុអ្វីក៏មន្ត្រីជំនាញគយចល័តប៉ោយប៉ែត ចាំបាច់ចុះមកត្រួតពិនិត្យ ទំនិញរបស់អាជីវករដាក់តាំងលក់តាមស្តង់ធ្វើអី? ប្រសិនបើនៅពេលដែលពួកគាត់បានដឹកទំនិញ តាមរទេះអូស ចូលមកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកក៏មានក្រុមមន្ត្រីគយ នៅទីលានត្រួតពិនិត្យទំនិញ ឲ្យពួកគាត់ចូលទៅប្រកាសបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវរួចរាល់ហើយនោះ។ តើហេតុអ្វី នៅមានសេសសល់ទំនិញ អត់ពន្ធបែបនេះតទៅទៀត?
លោក ឆែ សុធា ប្រធានគយ និងរដ្ឋាករសាខាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បញ្ហាខាងលើនេះ គឺកម្លាំងមន្ត្រីជំនាញបានត្រួតពិនិត្យ ក្រែងមានទំនិញលួចនាំចូលតាមច្រករបៀង ដែរបង្កឲ្យបាត់បង់ចំណូលពន្ធ ហើយក្នុងឆ្នាំនេះដែរ គឺសង្កេតឃើញថា ក្រុមឈ្មួញអាជីវកបានយល់បញ្ហាបង់ពន្ធចូល ហើយពុំសូវមានលួចនាំយកទំនិញគេចពន្ធទៀតដែរ។ លោកបន្តថា ដូច្នេះហើយមន្ត្រីជំនាញនៅតែបន្តការត្រួតពិនិត្យបន្ថែមទៀត និងឈានដល់ការអនុវត្តឲ្យបាន១០០ភាគរយ៕