(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ សេចក្តីព្រាងច្បាប់ចំនួន២ ត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្រ្តីដែលដឹកនាំប្រជុំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។
សេចក្តីព្រាងច្បាប់ចំនួន២នោះរួមមាន៖ ១, សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥។ ២, សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការ ត្រួតពិនិត្យផលិតផលថ្នាំជក់។
នៅក្នុងសេចក្តីប្រកាសលទ្ធផល បានបញ្ជាក់បន្ថែមថា អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបានអនុម័តបញ្ជូន «កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាពនៃ ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប» ទៅសុំសច្ចាប័នពីស្ថាប័ន នីតិប្បញ្ញត្តិ។
ខាងក្រោមនេះជាលទ្ធផលទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី៖
១៖ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុង ផ្តោតការយកចិត្តទុក្ខដាក់ខ្លាំងលើគ្រប់វិស័យ ជាពិសេស ការអភិវឌ្ឍវិស័យការងារ ការពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងជំរុញការ អប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពដូចដែលបានរំលេចឡើងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។
ជាក់ស្តែងនាពេលថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិធំៗមួយចំនួន ក្នុងនោះរួមមានគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ វិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់របស់កម្លាំងពលកម្មដែលប្រកួតប្រជែងប្រសើរជាងមុនជាមួយបណ្តាប្រទេសក្នុងតំបន់។
ដើម្បីរួមចំណែក ក្នុងការសម្រចគោលដៅរបស់គោលនយោបាយជាតិធំៗ ដែលដាក់ចេញខាងលើ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាង «គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ដោយ កំណត់ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តឲ្យបានច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សមត្ថភាព និងជំនាញឆ្លើយតបទៅ នឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច នាពេលបច្ចុប្បន្ន និងអនាគត។
គោលបំណងធំៗទាំង៤ របស់គោលនយោបាយជាតិនេះ រួមមាន (១) ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យស្របតាមតម្រូវការ ទីផ្សារការងារក្នុង និងក្រៅប្រទេស (២) បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយសមធម៌សម្រាប់ បង្កើតការងារ (៣) លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង (៤) លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
២៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការ ត្រួតពិនិត្យផលិតផលថ្នាំជក់។
ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រក-ម/០៥១៥/០០៤ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៥។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១ គណៈកម្មការអន្តរក្រសួងដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើង តាមរយៈសេចក្តីសម្រេចលេខ ៣៥សស ដែលមានសមាសភាព៨ក្រសួង បន្ទាប់មកនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១០ បានចេញសេចក្តីសម្រេចបន្ថែមសមាសភាព៣ ក្រសួងទៀត។ ដោយអនុលោមតាមមាត្រា៧ នៃច្បាប់ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ហៅកាត់ថា គ.ត.ផ.ថ ដែលរៀបចំឡើងដោយ ក្រសួងសុខាភិបាលមានបន្ថែមក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈអភិបាលរាជធានី ខេត្តទាំង២៥ផងដែរ ដើម្បីជំរុញឲ្យការងារត្រួតពិនិត្យថ្នាំជក់កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួត ពិនិត្យផលិតផលថ្នាំជក់មាន៦ជំពូក និង១៤មាត្រា៕