(ភ្នំពេញ)៖ សន្និសីទអន្តរជាតិ នៃអង្គការយូណេស្កូស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ ដែលបានរៀបចំនៅលើទឹកដីអង្គរ នៃខេត្តសៀមរាប បានបិទបញ្ចប់​នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ថា ប្រទេសកម្ពុជាជាប្រទេសគំរូមួយ ដែលស្ថាប័នទេសចរណ៍ និងវប្បធម៌រួមសហការគ្នាយ៉ាងល្អ ដើម្បីធ្វើឲ្យវិស័យទេសចរណ៍ និងតំបន់បេតិកភណ្ឌមាននិរន្តរភាពយូរអង្វែង។

លោកស្រី អាន ឡឺម៉េស៍ (Anne Lemaistre) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានហៅសន្និសីទនាពេលនេះថា វាជាការចាប់ផ្តើមមួយដ៏ល្អ ដែលនឹងនាំឲ្យថ្នាក់ដឹកនាំប្រទេសនានា គិតគូរលើការអភិវឌ្ឍទីក្រុងដែលជាបេតិកភណ្ឌ។ លោកស្រីបញ្ជាក់ថា បេតិកភណ្ឌ គឺជាបេតិកភណ្ឌ វាមានតម្លៃផ្ទាល់ខ្លួន ដែលបង្ហាញនូវអត្តសញ្ញាណរបស់សហគមន៍ណាមួយ មិនថាវាជាបេតិកភណ្ឌជាតិ ឬជាបេតិកភណ្ឌពិភពលោកនោះទេ គឺ​ត្រូវយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អ ដើម្បីរក្សានូវអត្តសញ្ញាណ នៃតំបន់នោះឲ្យមានចីរភាព។

ជាមួយគ្នានោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ដែរថា​ សន្និសីទនេះពិតជាបានសម្រេចលទ្ធផលយ៉ាងជោគជ័យ ដោយហេតុថា សមាជិកចូលរួមដែលមកពីជុំវិញពិភពលោក មិនត្រឹមតែបង្ហាញនូវបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានបង្ហាញនូវដំណោះស្រាយ តាមរយៈបទពិសោធន៍ នៃតំបន់រៀងៗខ្លួន ដែលជួយឲ្យយើងអាចយកមកដោះស្រាយកង្វល់នានា ដែលកំពុងកើតមានឡើង ក្នុងទីក្រុងបេតិកភណ្ឌរបស់កម្ពុជា​។

លោកស្រីបន្តថា ក្នុងដំណាក់កាល នៃចរន្តសាកលភាវូបនីយកម្ម ទំនើបកម្ម ការរីកសាយភាយយ៉ាងឆាប់រហ័ស នៃនគរូបនីយកម្មនាពេលបច្ចុប្បន្ននេះ បានក្លាយជាក្តីកង្វល់យ៉ាងខ្លាំង ដែលនាំទៅរកការបាត់បង់ទីក្រុងចាស់ៗ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌនៃមនុស្សជាតិ។ ហេតុនេះហើយ ការពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ដើម្បីរៀបចំបង្កើតនូវវិធានផ្សេងៗ ស្តីពីការអភិរក្ស និងថែរក្សាសំណង់បេតិកភណ្ឌ ដើម្បីបន្សាំជាមួយច្បាប់រៀបចំក្រុងថ្មី ប្រកបដោយសង្គតិភាព ដែលមានរចនាសម្ព័ន្ធ នៃលំហសាធារណៈ លំហធម្មជាតិ គឺជាចំណុចសំខាន់ដែលអង្គសន្និសីទ ត្រូវយកចិត្តទុកដាក់បង្កើតឡើង។

រដ្ឋមន្ដ្រីជឿជាក់ថា ឆ្លងកាត់ការធ្វើបទបង្ហាញ ការពិភាក្សា និងការធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅទីក្រុងបាត់ដំបង ដែលជាទីក្រុងចាស់មួយ ពោរពេញដោយសំណង់ស្ថាបត្យកម្មយ៉ាងប្រណីត ដែលបន្សល់ទុកតាំងពីសម័យអាណាព្យាបាលបារាំងមក ហើយជាភស្តុតាងបង្ហាញអំពីប្រវត្តិសាស្ត្រ និងលក្ខណៈដោយឡែក នៃស្ថាបត្យកម្មនៅកម្ពុជា ជាមួយនឹងដំណើរទស្សនកិច្ចតំបន់បេតិកភណ្ឌពិភពលោក ក្នុងខេត្តសៀមរាបនេះ អង្គសន្និសីទទាំងមូលពិតជាបានដកបទពិសោធន៍ និងរៀនសូត្រជាច្រើនថែមទៀត ដើម្បីរៀបចំទេសចរណ៍ និងទីក្រុងបេតិកភណ្ឌឲ្យបានល្អប្រសើរ ដើម្បីឲ្យមានភាពទាក់ទាញ និងប្រកបដោយនិរន្តរភាព។

លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ​កម្ពុជាមានគម្រោងនឹងរៀបចំឯកសារដើម្បីបញ្ចូលផ្នែកខ្លះ នៃទីក្រុងចំនួន៣ចូល ក្នុងសម្បត្តិបេតិកភណ្ឌពិភបលោកគឺ បាត់ដំបង កំពត និងក្រចេះ។ តែទោះជាយ៉ាងណា ដំណើរការនេះនៅមានភាពវែងឆ្ងាយតទៅទៀត ដោយហេតុថា ការចងក្រងឯកសារដើម្បីបញ្ចូលបេតិកភណ្ឌជាតិមួយ ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ជារឿងស្មុគស្មាញណាស់៕