(ភ្នំពេញ)៖ បន្ទាប់ពីអនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងថា ការទាន់មិនត្រឡប់ភ្លាមៗរបស់ លោក សម រង្ស៊ី មកកាន់កម្ពុជា គឺមិនសំខាន់សម្រាប់គណបក្សសង្គ្រោះជាតិឡើយ និងដើម្បីកុំឱ្យគេរំលាយគណបក្ស ភ្លាមៗឆ្លើយតបនឹងការលើកឡើងថា អ្នកវិភាគចៅចាក់ស្មុក ហៅការលើកឡើងរបស់លោក អេង ឆៃអ៊ាង ថា គឺជាការបិទបាំងការពារអ្នកនយោបាយមាន់សម្លតែប៉ុណ្ណោះ !
ជុំវិញករណីនេះ អ្នកវិភាគតាមបណ្តាញសង្គមដ៏ល្បីមួយរូប «ចៅចាក់ស្មុក» បានចាត់ទុកថា លោក សម រង្ស៊ី ដែលធ្លាប់រត់ចោលស្រុកជាញឹកញាប់ នៅតែជាមនុស្សកំសាកដដែល ហើយអ្នកវិភាគរូបនេះ បានហៅ លោក សម រង្ស៊ី ដែលកំពុងរស់នៅបែបនីរទេសខ្លួន នៅក្រៅប្រទេសថា «ជាអ្នកនយោបាយមាន់សម្ល»។
អ្នកវិភាគ «ចៅចាក់ស្មុក» បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្វីដែល អេង ឆៃអ៊ាង លើកឡើងគ្រាន់តែ ដើម្បីជួយបិទបាំង និងការពារភាពកំសាកញីរបស់ អតីតមេបក្សសង្គ្រោះជាតិ សម រង្ស៊ី តែប៉ុណ្ណោះ។ ពលរដ្ឋខ្មែរដឹងជាទូទៅហើយថា អ្វីដែល សម រង្ស៊ី ខ្លាចបំផុតក្នុងមួយជីវិតរបស់ខ្លួនគឺគុក។ សម រង្ស៊ី ហ៊ាន ប្រព្រឹត្តល្មើសច្បាប់ តែមិនក្លាហានប្រឈមមុខ និងទទួលខុសត្រូវ។ បើខ្លួនគ្រាន់តែជា អ្នកក្លាហានខ្លាក្រដាស ចាំបាច់ខែងរ៉ែងចេញមកប្រកាសថា ប្រសិនបើសម្តេចតេជោ លើកបម្រាមពេលណា នឹងវិលចូលពេលនោះធ្វើអ្វី? តែធាតុពិត សម រង្ស៊ី គឺពិតជា អ្នកនយោបាយមាន់សម្លពិតមែន ហើយក៏មានអ្នកនយោបាយ ក្នុងស្រុកមួយចំនួន កំពុងការពារមាន់សម្ល ដែលចេះតែដើរញុះញង់នេះដែរ»។
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោក អេង ឆៃអ៊ាង បានលើកឡើងនៅលើទំព័រ Facebook របស់លោក ថា «រឿងថា លោកប្រធាន សម រង្ស៊ី ក្លាហានឬកំសាក ក្នុងការចូលស្រុកខ្មែរវិញនោះ មិនសំខាន់សម្រាប់គណបក្សសង្គ្រោះជាតិឡើយ ។ រឿងដែលសំខាន់ បើលោកប្រធាន សម រង្ស៊ី ចូលមក នាំឲ្យគណបក្សសង្គ្រោះជាតិទទួលជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៨ នោះលោកប្រធាន ដាច់ខាតត្រូវតែចូលទោះជាប់គុកឬបាត់បង់ជីវិតក៏ដោយ ។ តែបើចូលឬមិនទាន់ចូល នាំឲ្យគេយកលេសលើកការបោះឆ្នោតជាតិ ឬរំលាយគណបក្សសង្គ្រោះជាតិ នោះដាច់ខាតមិនត្រូវចូលឡើយ»។
ការចេញមុខបកស្រាយរបស់ អនុប្រធានគណបក្សប្រឆាំងនេះ បានធ្វើឡើងបន្ទាប់ពីមានមហាជនជាច្រើន ជាពិសេសអ្នកគាំទ្រគណបក្សប្រឆាំង បានរិះគន់ លោក សម រង្ស៊ី ដែលបានក្រឡាសពាក្យសម្តី មិនហ៊ានត្រឡប់មកកម្ពុជា ក្រោយពេលដែលរាជរដ្ឋាភិបាល ដកបម្រាម ដែលហាមមិនឱ្យយន្តហោះដឹក លោក សម រង្ស៊ី ដែលជាប់ងារជាទណ្ឌិតឱ្យត្រឡប់មកកម្ពុជា។
លោក សម រង្ស៊ី បានផ្តល់បទសម្ភាសជូនវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ថា លោក នឹងត្រឡប់មកម្ពុជាភ្លាម បើរដ្ឋាភិបាលដកបំរាម ដែលហាមមិនឱ្យយន្តហោះដឹកលោកទៅកម្ពុជាចេញ។ ប៉ុន្តែបន្ទាប់ពី មានការលើកឡើងបែបនេះ រដ្ឋាភិបាលក៏សម្រេចលុបចោលសេចក្តីជូនដំណឹងដែល ជាបំរាមនោះដើម្បីបើកផ្លូវឱ្យលោក សម រង្ស៊ី មកអនុវត្តទោសនៅក្នុងប្រទេសកម្ពុជា៕
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក សម រង្ស៊ី និងលោក ជុន ច័ន្ទបុត្រ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧