(ភ្នំពេញ)៖ ព្រឹត្តិការណ៍ ​«កាលយើងនៅក្មេង» គឺជាគម្រោងទី​២​​របស់ក្រុមទាយាទអង្គរ បន្ទាប់ពីយើងបានធ្វើ ដោយជោគជ័យនូវគម្រោងទី​១ ​ម្ដងរួចមកហើយនៅឯរាជធានី ភ្នំពេញ គឺ​ «លក្ខណៈពិសិដ្ឋ​នៃអក្សរសាស្ត្រ និង សាស្រ្តាស្លឹករឹតខ្មែរ»​ កាលពីឆ្នាំ ២០១៦ នៅ CKCC។ «​កាលយើងនៅក្មេង​» នឹងប្រព្រឹត្តទៅចំនួន​​២​ថ្ងៃកន្លះ គឺថ្ងៃសៅរ៍ អាទិត្យ និង ព្រឹកថ្ងៃចន្ទ​៨ - ៩ - ១០ (ព្រឹក) រោច ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១៧-១៨ និង ១៩ ខែមិថុនា ព.ស. ២៥៦១ គ.ស. ២០១៧ នៅឯវត្តបុរាណ ចំប៉ា ជិតកៀនស្វាយ តាមបណ្ដោយផ្លូវជាតិលេខ ១ រាជធានីភ្នំពេញ។

នៅក្នុងព្រឹត្តិការណ៍ «កាលយើងនៅក្មេង» មានកម្មវិធីដូចជា៖

១៖ គោរពទង់ជាតិ និង ភ្លេងជាតិខ្មែរ បទនគររាជ។
២៖ លេង ល្បែងកាលនៅក្មេង និង ល្បែងប្រជាប្រិយ ក្នុងមួយថ្ងៃ ១៨ មុខ។
៣៖ សរសេររឿងរ៉ាវ អនុស្សាវរីយ៍ និង បទពិសោធន៍កាលនៅក្មេង នៅលើ ខ្លោងទ្វាររឿង​។
៤៖ កូនទំពាំងពិសិដ្ឋ៖ ជាកូនបណ្ណាល័យតូចមួយ ដែលឱកាសឲ្យអ្នកចូលរួមក្លាយ​ជាគ្រូរបស់ក្មេងៗ​មួយថ្ងៃដូចជា៖ ការអានសៀវភៅឲ្យ​ក្មេងៗស្ដាប់ បង្រៀនក្មេងៗ ។ល។ ទីនេះក៏បំផុសគំនិត៖ កុមារម្នាក់ អ្នកចូលរួមម្នាក់ សំរាមមួយថង់ ផងដែរ។
៥៖ ហត្ថកម្ម៖ បត់រូបផ្សេងៗ​អំពីក្រដាស-ស្លឹកត្នោត-ស្លឹកដូង រៀនចាក់ចេក រៀនបត់ឈូកថ្វាយព្រះ និង​រៀនដោតភួងម្លិះ​ថ្វាយចំពោះព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រីយានី (អបអរព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រីយានី សម្ដេចយាយ)។
៦៖ ពិព័រណ៍វត្តបុរាណ៖ បង្ហាញលក្ខណៈវត្ត និងព្រះវិហារបុរាណខ្មែរ-សាស្ត្រាស្លឹករឹត-គំនូរសាស្ត្រាល្បែង
៧៖ ជិះរទេះគោ ទៅទស្សនាព្រះវិហារបុរាណ ៣ ទៀត​នៅក្នុងភូមិ ដូចជា វត្តមជ្ឈិមវ័ន វត្តមុនីសាគរ និង វត្តវិចិត្តារាម-ផ្ទះបុរាណខ្មែរ​-សិប្បកម្មតម្បាញក្រមា។
៨៖ ដើរភ្លក្សអាហារ និង ទិញរបស់របរកាលនៅក្មេង។
៩៖ រៀនធ្វើ ចង្កៀង និង គោមផ្កាយនិស្ស័យ។

១០៖ វេទិកាកុមារ៖ ការបង្ហាញម៉ូដកុមារ នារីសប្បុរស និង ទស្សនីយភាពដោយកុមារៗ ដែលមានទេពកោសល្យ។
១១៖ រាត្រីចាប៉ីដងវែង-ភ្លេងបុរាណខ្មែរ។
១២៖ ក្បួនថ្វាយភួងម្លិះ ចំពោះព្រះឆាយាល័ក្ខណ៍ ដើម្បីអបអរព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម នៅថ្ងៃចម្រើនព្រះជន្ម។
១៣៖ នារីសប្បុរស-រំដួលលិចទឹក៖ កញ្ញារំដួលលិចទឹកលក់​បាយឡុកបាយឡ និង​ការស្វែងរកសប្បុរសធម៌ជួយកុមារ និង ចាស់ជរាទុរគត​ក្នុងភូមិ។ យើងក៏បំផុសផងដែរ នូវកុសលដែលអ្នកចូលរួម​បានសម្អាតវត្តអារាម ព្រះវិហារបុរាណរួមគ្នាផងដែរ។
១៤៖ ល្បែងបេសកកម្ម៖ បេសកកម្មដែលអ្នកចូលរួម ត្រូវធ្វើទាក់ទងនឹងព្រឹត្តិការណ៍។
១៥៖ អ្នកចូលរួមនឹងទទួលបាននូវ ផែនទីទេសចរណ៍ ម្នាក់មួយផ្ទាំង ដែលតម្រូវឲ្យចូលរួមគ្រប់​សកម្មភាពរបស់ព្រឹត្តិការណ៍ ដើម្បីទទួលបានត្រា ដែលមានឱកាសទទួលបាន តុក្កតាអាថ៌កំបាំង​-​និមិត្តរូបរបស់ព្រឹត្តិការណ៍។

គួរបញ្ជាក់ផងដែរថា កម្មវិធី «កាលយើងនៅក្មេង» មានទស្សនវិស័យដ៏សំខាន់មួយគឺ «ដើម្បីលើកស្ទួយព្រះវិហារបុរាណរបស់ខ្មែរ ដែលជាបេតិកភណ្ឌជាតិ ដែលកំពុងតែសាបសូន្យ» ដោយផ្សារភ្ជាប់ការកម្សាន្ត សប្បុរសធម៌ ការលើកស្ទួយវប្បធម៌​ជាតិ-វិស័យអប់រំ និង ការបំផុសគំនិតទេសចរណ៍ សហគមន៍។ ជាអត្ថន័យ​ដ៏ស៊ីជម្រៅ ព្រឹត្តិការណ៍ «កាលយើងនៅក្មេង» ចង់ឲ្យអ្នកគ្រប់គ្នា នឹកឃើញដល់កាលដែលគេនៅជាកុមារ ដែលវេលានោះ នៅក្នុងព្រះនគរយើង នៅសេសសល់ព្រះវិហារបុរាណ មានចំនួនច្រើនជាង​សព្វថ្ងៃ។ ឆ្លងកាត់ដំណើរនៃពេលវេលា ព្រះវិហារបុរាណទាំងឡាយ ជាភស្ដុតាងប្រវត្តិសាស្រ្ត​ដ៏មានសារៈសំខាន់ កំពុងតែរងគ្រោះដោយការ​វាយកំទេចចោល ហើយជំនួសមកវិញ​នូវព្រះវិហារថ្មី គួរជាទីព្រួយបារម្ភ ជាពន់ពេកណាស់។

ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook ទាយាទអង្គរ - Angkor Inheritor
https://www.facebook.com/AngkorInheritor/videos/1734440400182212/
https://www.facebook.com/AngkorInheritor/videos/1732330023726583/ ៕