(ក្រចេះ)៖ មន្រ្តីកាំកុងត្រូលខេត្តក្រចេះ សហការជាមួយមន្ទីរពាណិជកម្មខេត្ត រួមនិងអាជ្ញាធរដឹកនាំដោយលោក យាង បាក់ អនុប្រធានសាខាកាំកុងត្រួលខេត្ត នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ចុះត្រួតពិនិត្យលើមុខម្ហូបចំណីអាហារ ជាពិសេសប្រេងខ្យងម៉ាក YUAN នៅផ្សារស្នួល និងតាមផ្ទះល្វែងជុំវិញផ្សារ នៅស្រុកស្នួល ខេត្តក្រចេះ។
លោក យាង បាក់ អនុប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ មើលទៅលើផលិតផល ប្រើប្រាស់ប្រចាំថ្ងៃនិងចំណីអាហារ ដែលអាជីវករដាក់លក់ឲ្យពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលជំនាញធ្លាប់ចុះណែនាំ ជាច្រើនលើកច្រើនសារ។ តែការចុះពិនិត្យលើកនេះ រាល់អាហារទាំងនេះ មិនមានសារធាតុបូរ៉ាក និងម្សៅគីមីទេ គឺមានសុវត្ថិភាពត្រឹមត្រូវអាចហូបមិនប៉ះពាលដល់សុខភាព។
លោក យាង បាក់ បន្ដទៀតថា កម្លាំងរបស់លោកចុះត្រួតពិនិត្យ នៅព្រឹកថ្ងៃទី១៦នេះ ផ្ដោតសំខាន់បំផុតនោះ គឺប្រេងខ្យងម៉ាកសញ្ញា YUAN ដែលផលិតនៅប្រទេសហុងកុង ហាមមិនឲ្យបងប្អូនអាជីវករ លក់ឬទិញមកលក់ជាដាច់ខាត ព្រោះមានផ្ទុកសារជាតិគីមី បណ្ដាលឲ្យខូចសុខភាព។
លោកបានបន្ថែមថា ការពិនិត្យផ្សារស្នួលនេះ បងប្អូនអាជីវករនៅផ្សារស្នួល មិនមានដាក់លក់ប្រេងខ្យងសញ្ញា YUAN នេះទេ។ ប៉ុន្តែកម្លាំងរបស់លោកបានរឹបអូសទំនិញ ខូចគុណភាព និងលើសកាលបរិច្ឆេត ដែលពួកគាត់ដាក់លក់មានដូចជា៖ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកប៉េងប៉ោះ និងម្សៅស៊ុប បានមួយចំនួន យកទៅដុតបំផ្លាញចោល និងអប់រំពួកគាត់មិនឲ្យលក់ដូរផលិតផល ហួសកំណត់ឲ្យប្រើប្រាស់ បណ្ដាលឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើ។
លោកអនុប្រធាន បានបញ្ជាក់ទៀតថា ក្នុងចុះត្រួតពិនិត្យនៅផ្សារស្នួលលើកនេះ គឺបានរកទំនិញលើសកំណត់ឲ្យប្រើប្រាស់តិចទួចបំផុត ដោយសារបងប្អូនអាជីវករនៅផ្សារស្នួលនេះ មានការយល់ដឹងច្រើន អំពីបញ្ហាទំនិញខូចគុណភាព និងទំនិញហួសការបរិច្ឆេត ក្រោយមន្ទីរជំនាញបានអប់រំពួកគាត់រួចមក៕