(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសពិធីសម្ពោធ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃអន្តរជាតិ-កម្ពុជាលើកទី៣ ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងថា «ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ» គឺជាប្រធានបទដ៏សំខាន់មួយ សម្រាប់ពាណិជ្ជករ និងផលិតករគ្រឿងអលង្ការ និងត្បូងមានតម្លៃ ដែលត្រូវបានក្លាយទៅជាព្រឹត្តិការណ៍ ប្រចាំឆ្នាំកម្រិតអន្តរជាតិដ៏សំខាន់មួយ នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីក៏បានសម្តែង នូវការយល់ឃើញផ្ទាល់ខ្លួនថា «ព្រឹត្តិការណ៍នេះ គឺមានទិសដៅបង្ហាញដល់ អ្នករចនាម៉ូតគ្រឿងអលង្ការនូវគំនិតច្នៃម៉ូតថ្មីៗ ប្រកដោយភាពទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ម៉្យាងវិញទៀត វាក៏ជាឱកាស ដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការបើកច្រកឧស្សាហកម្មមួយ សម្រាប់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជាឆ្ពោះទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក»។
ពិធីសម្ពោធពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃអន្តរជាតិ-កម្ពុជាលើកទី៣ ឆ្នាំ២០១៧ មានការចូលរួមក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកជំទាវ និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងមានការចូលរួម ពីសំណាក់លោកជំទាវឧកញ៉ា លីម ឈីវហូរ ប្រធានសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិ ជាច្រើនទៀត នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងបន្តដោយភាពជឿជាក់ថា «ការជួបជុំគ្នានៅក្នុងពិធីសម្ពោធ នាពេលនោះ មិនគ្រាន់តែជាសក្ខីកម្ម នៃការអបអរសាទរ និងការគាំទ្ររបស់យើង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ផ្នែក ឯកជនប៉ុណ្ណោះទេ តែវាឆ្លុះបញ្ចាំងឲ្យឃើញពី ភាពជោគជ័យរបស់យើង ក្នុងការអនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឧស្សាហកម្ម គ្រឿងអលង្ការ និងត្បូងមានតម្លៃឲ្យ កាន់តែមានភាពសកម្មឡើង!»។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា ជាមួយនឹងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លោកជឿជាក់ថា ការរីកចម្រើនលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា នឹងសម្រេចបាននូវចំណុច ជាសារវ័ន្តដូចខាងក្រោម៖
* ទីផ្សារក្នុងស្រុក នឹងកាន់តែរីកធំទូលាយ។
* ទីផ្សារនាំចេញ នឹងកាន់តែសម្បូរបែប។
* សកម្មភាពនៃការផលិតគ្រឿងអលង្ការ កាន់តែមានការរីកចម្រើន ហើយគុណភាពផលិតផល ក៏ត្រូវបានពង្រឹង ។
* ប្រជាជន ដែលមានចំណេះដឹង ជាពិសេសយុវជន នឹងមានការងារធ្វើ ប្រកបដោយវិជ្ជាជីវៈ ហើយពួកគេ នឹងអាចរកចំណូលបានកាន់តែច្រើន ពីការងារប្រភេទនេះ ។
* ការវិនិយោគដោយផ្ទាល់ និងប្រយោល នឹងកាន់តែកើនឡើង លើជំនួញគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។
* ភ្ញៀវបរទេស និងអ្នកជំនួញផ្នែកគ្រឿងអលង្ការសំខាន់ៗ នៅជុំវិញតំបន់ និងនៅលើពិភពលោក នឹងអញ្ជើញមកធ្វើធុរកិច្ច រួមទាំងទស្សនា ប្រទេសកម្ពុជាតាមរយៈព្រឹត្តិការណ៍ ដ៏មានកិត្យានុភាពនេះ ហើយអាចនឹងមានសេវាកម្មផ្សេងៗ ជាច្រើនកើតឡើង សម្រាប់វិស័យនេះ។
ផ្អែកតាមរបាយការណ៍ របស់សមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា «ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃអន្តរជាតិ-កម្ពុជា លើកទី៣ ឆ្នាំ២០១៧» នឹងត្រូវរៀបចំធ្វើឡើង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ មានចូលរួមដាក់តាំងបង្ហាញ ផលិតផលពីក្រុមហ៊ុននានាមកពី ចិន (ហុងកុង) ជប៉ុន តួគី ថៃ វៀតណាម និងអារ៉ាប់រួម ។ល។ ផលិតផល ដែលដាក់តាំងបង្ហាញមាន ពេជ្រ ត្បូងមានតម្លៃ គុជ គ្រឿងអលង្ការ និងគ្រឿងម៉ាស៊ីនកែច្នៃ គ្រឿងអលង្ការជាដើម៕