Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្អើលពលរដ្ឋនៅខណ្ឌសែនសុខ! ម៉ូតូរឺម៉ក់ដឹកហ្គាសទៅប៉ះតូបលក់សាំង បង្កជាអគ្គិភ័យយ៉ាងខ្លាំង បណ្ដាលឲ្យមនុស្ស៦នាក់រងរបួស, សមត្ថកិច្ចបញ្ជូនរថយន្តពន្លត់៧គ្រឿង ទៅអន្តរាគមន៍ (Video inside)

16-06-2017 11:44

(ភ្នំពេញ)៖ ម៉ូតូរឺម៉កដឹកហ្គាសបានបើកទៅប៉ះតូបលក់សាំង បង្កជាគ្រោះអគ្គិភ័យយ៉ាងខ្លាំង បណ្ដាលឲ្យមនុស្សចំនួន៦នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានកម្លាំងនគរបាលបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍ខាងលើ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រង់ចំណុចផ្លូវបេតុង លេខ១១៦២ ស្ថិតនៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងឆ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ហេតុការណ៍នេះបង្កឡើងដោយរឺម៉កដឹកហ្គាស ដែលកំពុងធ្វើដំណើរតាមផ្លួវ ក៏ទៅប៉ះនិងតូបលក់សាំងនៅក្បែរនោះ បណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះនេះតែម្ដង។ ក្នុងនោះផងដែរកម្លាំងនគរបាលបានប្រើប្រាស់ ឡានទឹកអស់ចំនួន៧គ្រឿងទៅជួយអន្តរាគមន៍ផងដែរ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា ជនរងគ្រោះទាំង៦នាក់ មាន៤នាក់របួសធ្ងន់ និង២នាក់រងរបួសស្រាល។

បើតាមសមត្ថកិច្ច ស​ម្ភារខូចខាតរួមមាន៖ ម៉ូតូ៤គ្រឿង ម៉ូតូកង់បី១គ្រឿង ម៉ូតូរឺម៉ក១គ្រឿង កន្ទុយរឺម៉ក១គ្រឿង រទះលក់ទាខ្វៃ១ ម៉ាស៊ីនភ្លើង១គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀត។

បច្ចុប្បន្ន អ្នករបួសទាំងមនុស្ស៦នាក់ខាងលើនេះ កំពុងធ្វើការសង្គ្រោះបន្ទាប់ នៅឯមន្ទីរពេទ្យលោកសង្ឃ និងអ្នកខ្លះទៀតកំពុងនៅឯមន្ទីរពេទ្យឯកជន៕