(កំពង់ចាម)៖ សាខាកាំកុងត្រូលខេត្តកំពង់ចាម បានបន្តបើកយុទ្ធនាការរកប្រេងខ្យងម៉ាក Yuan ​នៅតាមផ្ទះ និងផ្សារបុក ក្នុងស្រុកចំការលើ តែមិនមានឃើញប្រេងខ្យង ដែលផ្ទុកនូវសារធាតុគីមីហាមឃាត់នោះទេ។ ​តែទោះជាយ៉ាងណា ទឹកចាហួយ ទឹកក្រូច តែបៃតង ទឹកផ្លែឈើ ទឹកដោះគោជូ កាហ្វេ ដែលខូចគុណភាព ដែលក្រុមអាជីវករ យកដាក់លក់ នៅផ្សារបុសខ្នុរ ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។

យុទ្ធនាការនេះបាន​ធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ដែល​មន្រ្តីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារបុសខ្នុរ និងផ្ទះជុំវិញផ្សារបុសខ្នុរ​ ខេត្តកំពង់ចាម ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ តាមការណែនាំពីថ្នាក់ដឹកនាំ។

លោក ជួន សុជាតិ ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាព​ដូចជា​៖ ចាហួយចំនួន៣៦ដប, ទឹកក្រូច សារាំងហេ ចំនួន៦កេស, តែបៃតង ម៉ាក midori ចំនួន៧២ដប, ទឹកផ្លែឈើ ចំនួន៤២ដប, តែបៃតង ម៉ាក​Tea ចំនួន៣៦ដប, ទឹកដោះគោជូ ចំនួន​៩០ដប និងកាហ្វេកញ្ចប់ ចំនួន ៤,១៤ក្រាម ហើយបន្ទាប់ពីរកឃើញទំនិញខូចគុណភាពទាំងនេះ ក្រុមការងារទាំងអស់បានធ្វើកំណត់ហេតុ និងដកហូតយក​ទៅដុតកម្ទេចចោលផងដែរ​។

យ៉ាណាមិញ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម ក៏បានស្រាវជ្រាវរកសារធាតុគីមីហាមឃាត់ (Propyl Para Hydroxy Penzoate) ប្រើក្នុងផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំ ប្រេងខ្យងម៉ាក Yuan ជាសារធាតុគីមីសម្រាប់ថែរក្សាផលិតផលឲ្យ មានអាយុកាលវែង និងហាមប្រើក្នុងផលិតផលម្ហូបអាហារ តែជាលទ្ធផល​ពុំបានប្រទះឃើញនោះឡើយ។

ក្រុមកាងារក៏បានចែកផ្សាយ នូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាល មកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ​។

ទន្ទឹមនឹងនេះ ក្រុមការងារបានណែនាំដល់អាជីវករ ឲ្យជៀសវៀងពីការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ជៀសវៀងនូវការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់​៕