(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នេះ ពុំបានបើកសវនាការលើរឿងក្ដីលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលប្តឹងជំទាស់នឹងការសម្រេចរបស់សាលាឧទ្ធរណ៍នោះទេ ដោយសារតែអវត្តមានមេធាវីខាងជនជាប់ចោទ។
តាមការគ្រោងទុក សវនាការដែលប្រុងនឹងធ្វើនៅថ្ងៃនេះ គឺជំនុំជម្រះទៅនឹងបណ្តឹងសារទុក្ខរបស់ លោក អ៊ុំ សំអាន ដែលប្តឹងជំទាស់នឹងការសម្រេចរបស់តុលាការដែលឱ្យលោក ជាប់ពន្ធនាគារ ២ឆ្នាំ៦ខែ។ ប៉ុន្តែមន្ត្រីតុលាការកំពូល បានថ្លែងថា រឿងក្តីព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋ រាល់សវនាការត្រូវតែមានមេធាវីការពារក្ដីជាដាច់ខាត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែនិងពិន័យ៤លានរៀល ។
លោក អ៊ុំ សំអាន ដែលសកម្មក្នុងការវាយប្រហារទៅលើបញ្ហាព្រំដែនកម្ពុជា-វៀតណាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប។
លោក ត្រូវបានសមត្ថកិច្ចរកឃើញថា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ដែលបង្ហោះឯកសារក្លែងនៅលើបណ្តាញសង្គម Facebook។ ជាមួយគ្នានេះ តុលាការបានចោទ លោក អ៊ុំ សំអាន ចំនួនពីរបទល្មើស គឺ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕