(សៀមរាប)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធិពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញរងក្រោះ រងពាសដែកឆ្នាំ២០១៧ របស់វរសេនាតូចរថក្រោះលេខ៦៩ នៃយោធភូមិភាគទី៤ ស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ពិធីបទវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីសិក្ខាកាមជានាយទាហានជំនាញរថក្រោះរថពាសដែកទាំងនោះ បានបញ្ចប់ហ្វឹកហ្វឺនរបស់ខ្លួន នៅលើទីលានអស់រយៈពេល៩១ថ្ងៃ។ ពិធីនេះក៏មានការចូលរួមពី លោកមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគទី៤ និងមេបញ្ជាការគ្រប់បណ្តាកងពល ប្រចាំទិសយោធភូមិភាគទី៤ ផងដែរ។
លោកវរសេនីយ៍ទោ សូ ម៉េត មេបញ្ជាការវរសេនាតូចរថក្រោះលេខ៦៩ យោធភូមិភាគទី៤ កងទ័ពជើងគោក បានបញ្ជាក់ថា ដោយអនុវត្តន៍តាមសច្ចាប័ន្ត ស្តីពីការងារហ្វឹកហ្វឺនជំនាញរបស់អគ្គមេបញ្ជាការ នៃកងយោធិពលខេមរភូមិន្ទ និងបទបញ្ចាហ្វឹកហ្វឺនរបស់មេបញ្ជាការកងទ័ពជើងគោក និងបទបញ្ជារបស់មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងមានកិច្ចសហការពីបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃខ ភ ម និងបញ្ជាការដ្ឋានរថក្រោះកងទ័បជើងគោក អង្គភាពវរសេនាតូច រថក្រោះ រថពាសដែកលេខ៦៩។
បើតាមលោកមេបញ្ជាការ សិក្ខាកាមជានាយទាហាន មកពីគ្រប់កងឯកភាពក្នុងយោធភូមិភាគទី៤ ចូលហ្វឹកហ្វឺនចំនួន១០៣នាក់ ក្នុងនោះមានគណៈគ្រប់គ្រង៣នាក់ យោធាចារ្យ១៥នាក់ លើខ្លឹមសារមេរៀន អប់រំចិត្តសាស្ត្រ លំហាត់របៀប វិន័យទូទៅ សញ្ញាសំគាល់យោធា ឋានលេខា យុទ្ធវិធីរថក្រោះ សព្វាវុធលើរថក្រោះ បច្ចេកទេសរថក្រោះ មុខវិជ្ជាបើកបររថក្រោះ រថពាសដែក វិទ្យុទាក់ទងលើរថក្រោះ យុទ្ធវិធីរថពាសដែក សព្វាវុធលើរថពាសដែក បច្ចេកទេសរថពាសដែក និងរបៀបប្រើប្រាស់វិទ្យុទាក់ទងលើរថពាសដែក។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃខ ភ ម ពិសេសមេបញ្ជាការកងទ័ពជើងគោគ បានថ្លែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់អស់លោកជាមេបញ្ជាការមេបញ្ជាការរង និងនាយពលទាហាននៃបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី៤ ដែលក្នុងរយៈពេលកន្លងមក បានបំពេញកាតព្វកិច្ចសម្រាប់ជាតិមាតុភូមិបានយ៉ាងល្អ ពិសេសក្រៅពីភារកិច្ចស្នូល នូវបានចូលរួមយ៉ាងសកម្មក្នុងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការបើកវគ្គហ្វឹកហ្វឺនជំនាញឲ្យដល់កងកម្លាំងរបស់ខ្លួន កាន់តែមានសមត្ថភាពក្នុងការបំពេញភារកិច្ចការពារជាតិ ទឹកដីនៃមាតុភូមិកាន់តែរឹងមាំ។
នាយឧត្តមសេនីយ៍ មាស សុភា បានសង្កត់ធ្ងន់ថា ជំនាញរថក្រោះ រថពាសដែក គឺជាជំនាញមួយដែលមិនអាចខ្វះបានសម្រាប់ ខ ភ ម ក្នុងកិច្ចប្រតិបត្តិការលើភារកិច្ចការពារអធិបតេយ្យ បូរណៈភាពទឹកដីរបស់កម្ពុជា។ ដូច្នេះដើម្បីក្លាយជានាយទាហានដ៏ល្អ និងប្រកបដោយសមត្ថភាព អស់លោកជាសិក្ខាកាមត្រូវតែខិតខំសិក្សារៀនសូត្របន្ថែមទៀត ក្រោយពេលបញ្ចប់នេះ នូវជំនាញប្រើប្រាស់ និងជួសជុលរថក្រោះ រថពាសដែកឲ្យបានស្ទាត់ជំនាញ ទាំងការបើកបរ ជួសជុល សេនាធការដឹកនាំបញ្ជាប្រយុទ្ធ ពិសេសបច្ចេកទេស នៃការប្រើប្រាស់រថក្រោះ រថពាសដែក ឲ្យបានច្បាស់លាស់គួបផ្សំ និងការគោរពវិន័យបានល្អផងនោះ ហើយនាយឧត្តមសេនីយ៍សង្ឃឹមយ៉ាងមុតមាំថា នាយទាហានទាំងអស់ក្រោយពីបញ្ចប់វគ្គនេះ វិលទៅតាមអង្គភាពវិញ និងយកនូវចំណេះដឹងដែលមានទៅបម្រើឲ្យប្រយោជន៍សម្រាប់វិស័យការពារជាតិ។
បន្ថែមពីនេះ អគ្គមេបញ្ជាការរងរូបនេះ ក៏បានឧបត្ថម្ភដល់ពិធីបិទវគ្គនូវថវិកាចំនួន ៥លានរៀលផងដែរ៕