(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នេះ បើកសវនាការរឿងក្ដីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្តឹងប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពាក់ព័ន្ធរឿងផែនទីសន្ធិសញ្ញាកម្ពុជាវៀតណាម ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការកំពូល ។
ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មាន ពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណតុលាការកំពូល ដើម្បីផ្តិតយករូបភាពទេ ។
គួរបញ្ជាក់ថា ក្រោយបើកសវនាការពេញមួយព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែនិងពិន័យ៤លានរៀល ។
លោក អ៊ុំ សំអាន ជាប់ចោទចំនួនពីរបទល្មើស គឺ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។
ក្នុងការសម្រេចនេះ គឺ តុលាការបានអានសំអាងហេតុចំនួន១៥ចំណុច ។ ចំណុចសំខាន់ៗមានដូចជា លោក អ៊ុំ សំអាន ពិតជាមានចេតនាប្រព្រឹត្តបទល្មើស ។ លោក អ៊ុំ សំអាន នៅតែមានអភ័យឯកសិទ្ធិសភា ដដែល តែដោយសារនេះជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង មានចែងតាមមាត្រា៨៦នៃក្រមនីតិវិធី ព្រហ្មទណ្ឌ គឺតុលាការអាចដំណើរការក្តីបានជាធម្មតា ៕