(ភ្នំពេញ)៖ ដើម្បីរកលេសមកបិទបាំងទង្វើដ៏កំសាក និងការក្បត់ពាក្យសម្តីរបស់ខ្លួន មិនធ្វើតាមអ្វីដែលខ្លួននិយាយក្តែងៗថា បើសម្តេចតេជោ ហ៊ុន សែន លើក បម្រាមហាមឃាត់ការវិលត្រឡប់របស់ខ្លួនចូលស្រុកវិញពេលណា និងវិលចូលប្រទេសកម្ពុជាវិញពេលនោះ ទោះបីជាខ្លួនជាប់គុកយ៉ាងណាក៏ដោយ នៅថ្ងៃទី១៥ ខែមិថុនា នេះ សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកខ្លួនថា «មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំត្រូវការឲ្យលោក ហ៊ុន សែន បញ្ជាក់ថា គាត់យល់ព្រម បោះបង់គម្រោងរបស់គាត់ ដែលចង់កំចាត់មនុស្សពី១០០ ទៅ ២០០ នាក់ ដើម្បីរក្សាអំណាចរបស់គាត់។ គម្រោងនេះត្រូវបានគាត់ប្រកាសជាសាធារណៈ ថ្មីៗនេះ។ ខ្ញុំដឹងថា តាំងតែពីឆ្នាំ១៩៩៧ ខ្ញុំជាមនុស្សទី១ នៅលើបញ្ជីខ្មៅរបស់គាត់។ ហេតុអ្វីបានជា សម រង្ស៊ី ដឹងថាខ្លួនស្ថិតក្នុងបញ្ជីខ្មៅ? តើពិតជាមានបញ្ជីខ្មៅនោះមែនឬ?
គេនៅចាំបានថានៅប៉ុន្មានសបា្តហ៍មុន ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ក្នុងនាមជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ព្រមានទុកជាមុននៅចំពោះមុខភាពគឃ្លើនរបស់បក្សប្រឆាំង ការបន្តដើរញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋ ព្រមទាំងបានបង្កការរើសអើងប្រឆាំងជាតិសាសន៍ថា សូមកុំឱ្យស្ថានការណ៍ដូចឆ្នាំ ២០១៣ ដុតកម្ទេចឡានសមត្ថកិច្ច តវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត បង្កជាកុបកម្មហិង្សាក្នុងចេតនាបដិវត្តន៍ពណ៌កើតឡើងទៅទៀត។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ប្រសិនបើកើតមានព្រឹត្តិការណ៍ដូចឆ្នាំ២០១៣នោះ កងកម្លាំងសមត្ថកិច្ច នឹងចុះបង្ក្រាបភ្លាម ហើយមិនមានការអត់ធ្មត់ទៀតឡើយ។ សម្តេចបានគូសបញ្ជាក់ថា ទៅថ្ងៃមុខ បើមានសកម្មភាពណាមួយក្នុងគោលបំណងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រាកដណាស់ថានឹងមានការបង្ក្រាប ហើយសូមកុំបន្ទោសទៅលើថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធ ដែលបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងបដិវត្តន៍ពណ៌។ ប្រមុខដឹកនាំរដ្ឋាភិបាលបានប្រាប់ឱ្យដឹង មុនថា សូមចងចាំថា ត្រកូលហ៊ុន មិនមែនអ្នកកាប់សម្លាប់ទេ ត្រកូលហ៊ុននេះបានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងកម្ពុជា។ ប៉ុន្តែដើម្បីជីវិតមនុស្ស រាប់លាននាក់សុខចិត្តកម្ចាត់ចោលមនុស្ស១០០ ឬ ២០០នាក់។ សំណាងល្អ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងទៅ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ។ ប៉ុន្តែការប្រុងប្រយ័ត្ននៅមានជាប់រហូត។
ការត្រៀមជាយថាហេតុក្នុងកម្ចាត់មនុស្សអាក្រក់ទាំងនេះមិនមែនដើម្បីការពារអំណាចរបស់សម្តេចតេជោដូចអ្វីដែល សម រង្ស៊ី បានចោទប្រកាន់ទាំងងើល នោះឡើយ តែដើម្បីការពារសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាពលរដ្ឋកម្ពុជាកំពុងទទួលផល។ បើសម រង្ស៊ី ចាត់ទុកខ្លួនឯងនៅក្នុងបញ្ជីខ្មៅ នៃក្រុមបង្កការញុះញង់ និងចលាចលក្នុងសង្គម គឺមានន័យថា សម រង្ស៊ី កំពុងចំណាត់ថ្នាក់របស់ខ្លួនចូលក្នុងក្រុមមនុស្សមួយចំនួនតូច ដែលចូលចិត្តពឹង ឥទ្ធិពលបរទេសដើម្បីធ្វើនយោបាយ និងដែលតែងតែព្យាយាមទាញកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមសោកនាដកម្ម និងការបំផ្លិចបំផ្លាញសាជាថ្មី ខណៈប្រទេសជាតិ និងប្រជាជនកម្ពុជាកំពុងទទួល ពរជ័យពីសន្តិភាព និងការអភិវឌ្ឍ។
បើ សម រង្ស៊ី ថាមានបញ្ជីខ្មៅហើយខ្លួន ក៏ស្ថិតក្នុងបញ្ជីនោះក៏ព្រោះតែ សម រង្ស៊ី ដឹងថា ទង្វើដែលខ្លួនបានធ្វើរយៈពេលជាង២០ឆ្នាំមកនេះ គឺជាទង្វើឧទ្ទាម នយោបាយ ដើរញុះញង់រាស្ត្រ បង្កចលាចលក្នុងសង្គម។ ពេល សម រង្ស៊ី នៅក្នុងស្រុក ស្ថានភាពនយោបាយតឹងតែង ហើយអាជីវករពាណិជ្ជករមានការ ព្រួយបារម្ភ ប្រកបមុខរបរទាំងក្តីព្រួយបារម្ភព្រោះ សម រង្ស៊ី ព្យាយាមបង្កបញ្ហាដល់ការគ្រប់គ្រង និងដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលតាមរយៈវោហារសាស្ត្រ ចាក់ដោត និងច្រណែនឈ្នានីសរបស់ខ្លួន។ បើ សម រង្ស៊ី នៅក្រៅប្រទេស សម រង្ស៊ី ដើរសម្អុយកេរ្តិ៍ឈ្មោះជាតិខ្មែរគ្រប់ទីកន្លែងអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ និងឈប់ទិញផលិតផល សម្លៀកបំពាក់ និងផលិតផលវាយណភណ្ឌផ្សេងទៀតរបស់កម្ពុជា។ កម្ពុជា ក្រោមក្រសែភ្នែក សម រង្ស៊ី និងបក្សប្រឆាំង គឺខ្មៅងងឹតតែម្តង។ ប៉ុន្តែបើ សម រង្ស៊ី នៅខ្ចាត់ព្រាត់ពីប្រទេសកម្ពុជា រាស្ត្រខ្មែរដូចជាមានសេចក្តីក្នុងចិត្ត និងមិនរងគ្រោះដោយទង្វើដោយ ផ្ទាល់របស់ទណ្ឌិតរូបនេះ។
កាលដែលសម្តេចតេជោ ព្រមានទុកជាមុននេះគឺជាភាពស្របច្បាប់ ក្នុងនាមជាមេដឹកនាំប្រទេសដែលមានតួនាទីក្នុងការការពារសុខសុវត្ថិភាព សន្តិភាព និងធានាបាននូវដំណើរការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋ។ នេះមិនមែនចម្លែកទេ! សូម្បីប្រទេសថៃ មេដឹកនាំប្រទេសនេះក៏បាននិយាយដែរថា រវាងស្ថេរភាពក្នុង ប្រទេស និងលទ្ធិប្រជាធិបតេយ្យ ខ្លួននឹងជ្រើសរើសយកស្ថេរភាពជាតិ ជាងប្រជាធិបតេយ្យ។ មានតែ សម រង្ស៊ី ដែលជាអ្នកនយោបាយកំសាកទេ ដែលចេញមកប្រកាសធ្វើជាអ្នកសង្គ្រោះជាតិក្នុងពេលប្រទេសមានសន្តិភាពនោះ។ សង្គ្រោះផេះ! តើពេលកម្ពុជារងគ្រោះដោយរបបខ្មែរក្រហមបក្សសង្គ្រោះជាតិ នេះនៅឯណា? សម រង្ស៊ី នៅស្រុកបារាំង ផឹកស្រាក្រហម បរិភោគប័រយ៉ាងឆ្ញាញ់ពិសា រស់នៅក្នុងជីវិតអភិជន ខណៈរាស្ត្រខ្មែរគ្មានអ្វីហូប និងប្រជាពលរដ្ឋ ខ្មែរប្រមាណ ៣ លាននាក់ស្លាប់បាត់បង់ជីវិត។ ប្រទេសជាតិ និងជីវិតរាស្ត្រខ្មែររាប់លាននាក់ត្រូវបានរំដោះចេញពីក្រញ៉ាំដៃនៃវាល ពិឃាតដោយស្នាដៃ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម តាមរយៈការងើបឡើង វាយផ្តួលរំលំរបបអាវខ្មៅនេះ។
ខណៈសម រង្ស៊ី និងក្រុមរបស់ខ្លួនចងសម្ព័ន្ធមិត្រជាមួយខ្មែរក្រហមបន្តបំផ្លិចបំផ្លាញប្រទេស និងប្រជាជន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានខិតខំដឹកនាំស្តារ និងកសាងប្រទេសឡើងវិញពីបាទដៃទទេ និងទប់ទល់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត មិនដូច សម សារី ឪពុករបស់ សម រង្ស៊ី ត្រូវបានគេស្គាល់ថាជាជនក្បត់ជាតិឡើយ ហើយដំណក់ឈាមជនក្បត់ជាតិនេះកំពុងតែតាមបំផ្លិចបំផ្លាញជាតិខ្មែរ បំផ្លាញសន្តិភាព និងការអភិវឌ្ឍជាតិ និងប្រជាជន តាមខ្សែញាក់បរទេស និងគំនុំគ្រួសារ។
ដូច្នេះ ទាំង សម រង្ស៊ី ទាំងបក្សប្រឆាំង និងសកម្មជនរបស់ខ្លួនគួរគោរពក្រមសីលធម៌នយោបាយ និងសីលធម៌ក្នុងការបញ្ចេញមតិ ព្រោះអ្វីៗស្ថិតនៅក្រោមច្បាប់ និងព្យាយាមធ្វើជាប្រជាពលរដ្ឋល្អដើម្បីកុំឱ្យខ្លាចស្រមោលខ្លួនឯង និងកុំឱ្យមានអារម្មណ៍ថាខ្លួនជាមនុស្សដែលស្ថិតក្នុងបញ្ជីខ្មៅ ព្រោះទង្វើរបស់ខ្លួន ធ្វើនាពេលកន្លងមកជាទង្វើបំផ្លាញជាតិ បង្កចលាចលសង្គម និងទង្វើអសីលធម៌ផ្សេងៗទៀតដែលរំខានដល់សន្តិភាព ការអភិវឌ្ឍ និងសន្តិសុខផ្លូវចិត្ត របស់ប្រជាជន។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ខ្លាចស្រមោលខ្លួនឯង និងព្យាយាមស្វែងវិធានការការពារខ្លួន។ ចំណុចនេះក៏បង្ហាញថា សម រង្ស៊ី ជាមនុស្ស អាត្មានិយមបំផុត ចង់រស់ម្នាក់ឯង ចុះមនុស្សផ្សេងទៀតក្នុងចំណោម ១០០ ទៅ ២០០នាក់នោះ ហេតុអ្វី សម រង្ស៊ី មិនស្វះស្វែងរកការធានាជារួមផង? នេះបានចំជាសក់អ្នកណា ក្បាលអ្នកហ្នឹងមែន!!!
ដោយ៖ ចៅចាក់ស្មុក