(កណ្តាល)៖ ដោយត្រួតពិនិត្យឃើញថា រណ្តៅដីលោក កែវ ប៊ុនធឿន បានជីករំលោភអាជ្ញាប័ណ្ណ រហូតជិត១ហិកតា និងមិនគោរពតាមសាចរាណ៍ណែនាំរបស់ក្រសួងជំនាញ និងជីកខុសលក្ខណៈបច្ចេកទេស អាចប៉ះពាល់ដល់ដីប្រជាពលរដ្ឋជិតខាងនោះ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធចុះបិទតែម្ដង។
ការចុះបិទនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ដែលដឹកនាំដោយ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងមន្ត្រីជំនាញរបស់ក្រសួងច្រើននាក់ទៀតផងដែរ។
លោក ហេង ចាន់ធួន បានឲ្យដឹងថា ការផ្អាករណ្តៅរបស់លោក កែវ ប៊ុនធឿន មួយសប្តាហ៍នេះ ដោយសារម្ចាស់រណ្តៅដីនេះមិនគោរពតាម សារាចរណ៍ណែនាំលេខ៣១០ ស្តីពីច្បាប់ដឹកជញ្ជូនសារធាតុរ៉ែ និងជីកខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កឲ្យប៉ះពាល់ដល់ដីប្រជាពលរដ្ឋជិតខាង ជាពិសេសគឺជីករំលោភទៅលើអាជ្ញាប័ណ្ណ រហូតដល់ទៅ៨,០០០ម៉ែត្រការ៉េ ដោយទំហំដី នៅក្នុងអាជ្ញាប័ណ្ណដែលក្រសួងចេញឲ្យជីកត្រឹមតែ១០,០០០ម៉ែត្រការ៉េប៉ុណ្ណោះ ដូច្នេះយើងត្រឹមតែបិត ដើម្បីឲ្យម្ចាស់អាជ្ញាប័ណ្ណនេះ ធ្វើអាជ្ញាប័ណ្ណត្រឹមត្រូវទៅតាមទំហំកំពុងជីក និងកែតម្រូវលក្ខណៈបច្ចេកទេសត្រឹមត្រូវផងដែរ ទើបក្រសួងអនុញ្ញាតិបើកធ្វើអាជីវកម្មបន្តទៀតបាន ប៉ុន្តែនៅពេលម្ចាស់បានអាជ្ញាប័ណ្ណហើយ ក្រសួងនឹងចុះមកពិនិត្យម្តងទៀត បើមិនត្រឹមត្រូវតាមការណែនាំនោះ ក៏មិនអនុញ្ញាតិឲ្យធ្វើអាជីវកម្មដែរ លុះត្រាតែកែតម្រូវឲ្យស្របតាមលក្ខណៈបច្ចេកទេសទាំងអស់។
លោក ចំរើន នៅក្នុងភូមិដែលមានផ្ទះរស់នៅ លើខ្នងព្រែកកំពឺសស្របតាមបណ្តោយផ្លូវរថយន្តដឹកដីចេញនោះ បាននិយាយថា ពួកគាត់សព្វថ្ងៃមានការ លំបាកខ្លាំងណាស់ដោយសាររថយន្តដឹកដីធំៗ បើកលឿនបង្កឲ្យភ័យខ្លាច ពីសុវត្ថិភាពក្រុមគ្រួសារពួកគាត់ ជាពិសេសកូនតូចៗរបស់ពួកគាត់ ប្រឈមនឹងគ្រោះថ្នាក់ ដោយសាររថយន្តដឹកដីនេះ។
ចំពោះបរិស្ថានរស់នៅ គឺរឹតតែពិបាកខ្លាំងទៀត ដោយពេលថ្ងៃត្រង់ពេលរថយន្តបើកមកម្តងហុយងងិតគ្របលើផ្ទះសម្បែងពួកគាត់ចូលចានបាយចានសម្លរ លុះពេលព្រឹកល្ងាចរអិលធ្វើដំណើរមិនរួច ចំណែកផ្លូវ ខូចខាតជង្ហុកធំ ដូចរន្ធបាយខុម និងកន្លែងខ្លះបើកម៉ូតូ រ៉ឺម៉កលែងរួចហើយ ខ្នងទំនប់ខូចកៀរលុប បណ្តាលឲ្យខ្នងទំនប់ទាបទៅៗ ឆ្នាំនេះអាចប្រឈមការលិចទឹកជាមិនខាន ដូច្នេះគាត់សំណូមពរក្រុមហ៊ុនជួសជុលផ្លូវ និងចាក់បំពេញផងដែរ បើចេះតែឈូសឆាយខ្នងទំនប់បែបនេះ នៅរដូវទឹកតំឡើង ប្រាកដហៀរចូលផ្ទះប្រជាពលរដ្ឋជាមិនខាន។
មន្ត្រីកំប៉ិចកំប៉ុក នៅសាលាខេត្តបានបង្ហើបថា ម្ចាស់អាជ្ញាប័ណ្ណ លោក កែវ ប៊ុនធឿន អាចមិនខុសពីម្ចាស់អាជ្ញាប័ណ្ណ លោក សៅ ពន្លក នោះទេ ដោយសារលោក អ៊ុក ឡាឌីន ក្រសួងមិនចេញអាជ្ញាប័ណ្ណឲ្យទៀត ព្រោះបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ទើបយកឈ្មោះអ្នកផ្សេងមកឈរលើ អាជ្ញាប័ណ្ណបែបនេះ ហើយការជីករំលោភអាជ្ញាប័ណ្ណ ធ្វើបាត់ចំណូលសួយសារ ដែលត្រូវបង់ចូលរដ្ឋក្នុង១ឆ្នាំមិនតិច ដូច្នេះក្រសួងគួរតែពិន័យទៅលើឈ្មួញ ដែលប្រព្រឹត្តិបែបនេះឲ្យចាស់ដៃបន្តិច ដើម្បីឲ្យរាងចាល និងជាគំរូទៅអ្នកដទៃទៀតផងដែរ៕