(ព្រះវិហារ)៖ រថយន្តយីឌុបដឹកឈើខុសច្បាប់ដែលសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបាន ខណៈកំពុងលើកឈើដាក់រថយន្តបម្រុង នាំចេញកាលពីម្សិលមិញ ពេលនេះម្ចាស់បានទៅចូលខ្លួនដោះស្រាយ និងព្រមឲ្យមន្ត្រីជំនាញធ្វើការពិនយ័ទៅតាមច្បាប់ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោកឆិញ សេង នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ បានប្រាប់បណ្តាញភ្នាក់ងារ Fresh News តាមទូរសព្ទ័នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ថារថយន្តដឹកឈើយីឌុបដែលសមត្ថកិច្ចបង្ក្រាបបានហើយយកមករក្សាទុកនេះ បន្ទាប់ពីរើឈើទម្លាក់ចុះនឹងធ្វើការវាស់ទៅ ឃើញ១៨.១៧២ម៉ែត្រគូប ហើយពេលនេះម្ចាស់ឈើបានចូលខ្លួនដោះស្រាយហើយ ដោយយើងធ្វើការពិនយ័ទៅតាមច្បាប់បើគិតជាថវិការ ចូលរដ្ឋបានជិត៥០លានរៀល។
លោក ឆិញ សេង បានឲ្យដឹងថា ម្ចាស់ឈើមានឈ្មោះ សាន្ត រស់នៅខេត្តព្រះវិហារ ពេលនេះជំនាញកំពុងបំពេញឯកសាររៀបចំ ឲ្យម្ចាស់ដាក់ប្រាក់តំកល់ដោយឡែកឈើត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំណែកឡែករថយន្តបានប្រគល់ជូនម្ចាស់វិញ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានដឹកនាំកងកម្លាំង១៥នាក់រថយន្ត៥គ្រឿង សហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើត្បែងមានជ័យ ដោយមានការសម្របសម្រួលពីលោកព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការឡោមពទ្ធ័ និងឃាត់រថយន្តយីឌុបមួយគ្រឿងដែលកំពុងលើកឈើរៀបដាក់លើរថយន្តហើយក៏បានយករថយន្ត និងឈើយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើត្បែង។ តែពេលនេះម្ចាស់ឈើល្មើសច្បាប់បានចូលខ្លួនដោះស្រាយហើយ គឺព្រមទទួលការពិន័យតាមច្បាប់ព្រៃឈើ។
ប្រជាពលរដ្ឋខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញរកស៊ីឈើនៅមានឈ្មោះ ឈុំ រស្មី មួយទៀតដែលសមត្ថកិច្ចមិនត្រូវមើលរំលងនោះទេ ព្រោះឈ្មួញរូបនេះតែងធ្វើការដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ទៅខេត្តសៀមរាប កាត់តាមស្រុកគូលែនដោយមិនញញើតច្បាប់នោះទេ៕