(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានទម្លាយថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពិតជាបានទូរស័ព្ទទៅលោកប្រាកដមែន ដោយប្រាប់ថា សមាជិកគណបក្សខ្មែររួបរួមជាតិ នឹងបោះឆ្នោតជូន គណបក្សសង្រ្គោះជាតិ នៅឃុំ/សង្កាត់ណា ដែលគណបក្សខ្មែររួបរួមជាតិ មិនបានឈរឈ្មោះ ប៉ុន្តែទោះជាយ៉ាងណា លោកមិនចាប់ អារម្មណ៍ចំពោះសម្តីរបស់ លោក ញឹក ប៊ុនឆៃទេ។
លោក អេង ឆៃអ៊ាង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំគ្រាន់តែនិយាយការពិតថា ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ហ្នឹង គាត់ (ញឹក ប៊ុនឆៃ) បានទូរស័ព្ទមករកខ្ញុំពិតមែន គាត់ពិតជាប្រាប់អញ្ចឹងមែន ប៉ុន្តែខ្ញុំមិនមានការភ្ញាក់ផ្អើលទេ ព្រោះខ្ញុំយល់ថា បើសិនជាគាត់មានអ្នកគាំទ្រ គឺគាត់រើសបេក្ខជនបានហើយ មិនចាំបាច់បង្គាប់ឱ្យបោះអីទេ»។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលជាអតីតដៃគូរបស់គណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិមកនោះ ត្រូវបាន ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបញ្ចប់មុខតំណែងរបស់លោក ពីទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ដ្រី។ ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការដកតំណែងនេះ លោក ញឹក ប៊ុនឆៃ ក៏ធ្លាប់បានទម្លាយប្រាប់អ្នកសារព័ត៌មានថា លោកពិតជាបានខលទៅចូល លោក អេង ឆៃអ៊ាង ប្រាកដមែន ប៉ុន្តែការខលនោះ កើតឡើងដោយការយល់ច្រឡំតែប៉ុណ្ណោះ។ ខណៈដែលអ្នកវិភាគជាច្រើន ពុំជឿថា រឿងនេះជាការយល់ច្រឡំឡើយ។
សម្រាប់ លោក អ៊េង ឆៃអ៊ាង បានអះអាងថា លោក ញឹក ប៊ុនឆៃ បានស្គាល់លោកច្បាស់តាំងពីលោកនៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចម្ល៉េះ។ លោកចាត់ទុកថា ការទូរស័ព្ទរបស់ លោក ញឹក ប៊ុនឆៃ ទៅកាន់លោកពេលនោះ គឺជាល្បិចកល្បមួយ៕