(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ តុលាការកំពូល នឹងបើកសវនាការរឿងក្ដីលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្តឹងប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពាក់ព័ន្ធរឿងសន្ធិសញ្ញាកម្ពុជា-វៀតណាម ។នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការកំពូល ។
គួរបញ្ជាក់ថា ក្រោយបើកសវនាការពេញមួយព្រឹក នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោស លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែនិងពិន័យ៤លានរៀល ។
លោក អ៊ុំ សំអាន ត្រូវបានតុលាការចោទប្រកាន់ចំនួនពីរបទល្មើស គឺ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ដែលសកម្មក្នុងការរិះគន់លើបញ្ហាព្រំដែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប៕