(ភ្នំពេញ)៖ ក្រុមហ៊ុន Bosch ដែលផ្គត់ផ្គង់ឧបករណ៍ជាង និងគ្រឿងបន្លាសយានយន្ត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ បានអះអាងថា ការលក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា បានកើនឡើងយ៉ាងខ្លាំង នៅរយៈពេលចុងក្រោយនេះ។ ការលក់ផលិតផល Bosch នៅឆ្នាំ២០១៦ បានកើនឡើងប្រមាណ២៩ភាគរយ ដែលមានអត្រាកំណើនក្នុងកម្រិតពីរខ្ទង់ ចាប់តាំងពីមានវត្តមាន នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១០ ខណៈដែលសេដ្ឋកិច្ចប្រទេសនេះ នឹងនៅតែបន្តរឹងមាំជាមួយកំណើនក្នុងរង្វង់៧ភាគរយរៀងរាល់ឆ្នាំ។

លោក Andre de Jong អគ្គនាយកក្រុមហ៊ុន Bosch ប្រចាំប្រទេសកម្ពុជា ឡាវ និងភូមា បានថ្លែងថា កម្ពុជានៅតែជាទីផ្សារដ៏សំខាន់សម្រាប់កំណើនអាជីវកម្មរបស់ Bosch នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារស្ថិរភាព នៃកំណើនសេដ្ឋកិច្ច ក្នុងកម្រិតប្រមាណ ៧% ហើយជាពិសេសកំណើននៅក្នុងផ្នែកយានយន្ត និងសំណង់។

លោក Andre de Jong បានថ្លែងយ៉ាងដូច្នេះថា៖ «ទាំងវិស័យយានយន្ត និងវិស័យសំណង់កម្ពុជា យើងជឿជាក់ថា នៅតែបន្តរីកចំរើន។ ទី១ យើងឃើញថា វិស័យយានយន្តនេះ រីកចំរើនមែនទែន យើងឃើញហើយតួរលេខយានយន្ត ឆ្នាំ២០១៥-២០១៦ កើនឡើងជាង១៦ភាគរយ គឺពីជាង៣,៤សែនគ្រឿង ទៅដល់៣,៧សែនគ្រឿង ដូច្នេះនេះហើយជារឿងអំណោយផលសម្រាប់ Bosch ហើយផ្នែកសំណង់នេះ ក៏កាន់តែរីកចំរើនណាស់ យើងឃើញហើយ កំណើនក្នុងវិស័យសំណង់កម្ពុជា កើនឡើងជាង ១៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៥»

លោកបានបន្ថែមទៀតថា «នៅឆ្នាំ២០១៦នេះ យើងកើនឡើងប្រមាណ២៩ភាគរយ ដែលមានន័យថា យើងកើនឡើង២ខ្ទង់ ហើយការកើនឡើង២ខ្ទង់នេះ មិនមែនមានតែឆ្នាំ២០១៦នោះទេ វាមានរយៈពេល៦ឆ្នាំហើយ តាំងពីឆ្នាំ២០១០មកម្ល៉េះ ដែលកើនបែបនេះរាល់ឆ្នាំ គឺកើនឡើងលើសពី១០ភាគរយ»


ធនាគារពិភពលោក (WB) នាពេលកន្លងទៅ បានព្យាករណ៍ថា កំណើន សេដ្ឋកិច្ចនៅកម្ពុជា នៅតែបន្តរឹងមាំ ជាមួយនឹងកំណើនប្រហាក់ប្រហែល៧ភាគរយរៀលឆ្នាំ។ ធនាគារនេះ បានអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១៦ កើនឡើង៧ភាគរយ ខណៈនៅក្នុងឆ្នាំ២០១៧-២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងកើនចំនួន៦.៩ភាគរយ។ ការកើនឡើងនេះ ដោយសារមានការជំរុញដោយការនាំចេញ ភាពរីកចម្រើនវិស័យសំណង់ និងការចំណាយប្រើប្រាស់របស់រដ្ឋាភិបាល។

ដោយឡែក តាមរបាយការណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំនួនយានយន្តដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ក៏បានកើនឡើងច្រើនផងដែរ។ ការចុះបញ្ជីយានយន្ត បានកើនឡើងដល់ ៣.៧ លានគ្រឿងនៅក្នុងឆ្នាំ២០១៦ ដែលមានអត្រាកំណើន ១៦% បើធៀបនឹងឆ្នាំ២០១៥។ ជាមួយគ្នានេះ ទុនវិនិយោគលើវិស័យសំណង់នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ មានចំនួន ៨,៥០០លានដុល្លារ ដែលកើនឡើង ១៥៥ភាគរយ បើធៀបនឹងឆ្នាំ២០១៥។

លោក Andre de Jong បាននិយាយថា ភាពរីកចំរើនខ្ពស់ក្នុងវិស័យទាំងពីរនេះ ជាកត្តាជំរុញឱ្យការលក់របស់ Bosch នៅក្នុងប្រទេសកម្ពុជា នៅតែបន្តខ្លាំងក្លាថែមទៀត ហើយលោករំពឹងថា Bosch នឹងនៅតែរក្សាបាននូវកំណើននៃការលក់ខ្ពស់នៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត ស្របតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក Bosch សម្រេចបានកំណើនការលក់ខ្ពស់រហូតដល់ ៨.៣% នៅក្នុងឆ្នាំ២០១៦ ដែលមានបរិមាណទឹកប្រាក់រហូតដល់ ២០.៨ ពាន់លានអឺរ៉ូ (+១២% បន្ទាប់ពីផលប៉ះពាល់នៃអត្រាប្តូរប្រាក់)។ បរិមាណផលលក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ស្មើនឹង ២៨% នៃផលលក់សរុបរបស់ Bosch ហើយកាលពីឆ្នាំមុនស្មើនឹង២៧%ប៉ុណ្ណោះ៕