(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី បានប្រកាសថា មានតែខ្លួនម្នាក់គត់ដែលសក្តិសមជាបេក្ខជន សម្រាប់តំណែងនាយករដ្ឋមន្ត្រី និងមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែងជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។

តើហេតុអ្វីបានជា សម រង្ស៊ី អះអាងយ៉ាងដូច្នេះ?

១៖ សម រង្ស៊ី បានអះអាងជាសាធារណៈកាលពីទី១៣ ខែមិថុនា ឆ្នាំ២០១៧ តាមរយៈវិទ្យុអាស៊ីសេរីថា លោកនឹងធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្ស ព្រះអាទិត្យ សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខនេះ។ តើ សម រង្ស៊ី មានតួនាទីអ្វីនៅក្នុងបក្សព្រះអាទិត្យ? តាមផ្លូវច្បាប់កុំថាឡើយ សម រង្ស៊ី មិនមែនប្រធានបក្ស សូម្បីសមាជិកបក្សក៏មិនមែនដែរ។ ចុះលោក កឹម សុខា ដែលជាប្រធានបក្សពេញច្បាប់ តើធ្វើជាអីទៅវិញទៅ? ឬមួយក៏ថា កឹម សុខា មិនមានតម្លៃអ្វីទាំងអស់ក្នុងក្រសែភ្នែករបស់ សម រង្ស៊ី ឬ សម រង្ស៊ី កំពុងដើរតួឯកខុសសាច់រឿង!?

២៖ ការបោះឆ្នោតឆ្នាំ ២០១៧ បង្ហាញច្បាស់ថា បក្សព្រះអាទិត្យក្រោមការដឹកនាំរបស់ កឹម សុខា ហាក់ដូចមិនត្រូវការវត្តមាន សម រង្ស៊ី នោះទេ។ បក្សព្រះអាទិត្យ បានចូលរួមក្នុងការបោះឆ្នោតឆ្នាំ ២០១៧នេះ ដោយគ្មានវត្តមាន សម រង្ស៊ី ហើយថែមទាំងបានប្រកាសអំពីជោគជ័យទៀតផង។ ចុះចាំបាច់អី សម រង្ស៊ី ត្រូវមក ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ? ចុះ កឹម សុខា មិនចេះធ្វើការ មិនចេះដឹកនាំទេអី? គេនៅចាំបានថា ក្រោយ សម រង្ស៊ី បានលាលែង តំណែងពីប្រធានបក្ស កញ្ញា កឹម មនោវិទ្យា កូនស្រីសំណព្វចិត្តមេបក្សថ្មី បាននិយាយតាម Twitter ថា បក្សព្រះអាទិត្យមានសំណាង ក្នុងការបង្ហាញថា យើងជាបក្សដែលផ្អែកលើគោលគំនិត មិនមែនពឹងផ្អែកលើបុគ្គលឡើយ។ ចុះឥឡូវ ម៉េចវិញ!? សម រង្ស៊ី ដែលបាត់តំណែង ពីបក្សទៅហើយ នៅតែបន្តជាតួឯក និងលូកដៃគ្រប់គ្រង និងចាត់ចែងការងារបក្សដដែល ក្នុងឋានៈជាមេបក្សមែនទែន មានន័យថា មានអំណាចធំជាង កឹម សុខា ដែលគ្រាន់តែជាមេបក្ស លេងៗប៉ុណ្ណោះ។

៣៖ បើមើលឱ្យជ្រៅកាលដែល សម រង្ស៊ី ចង់វិលត្រឡប់មកវិញ គឺដើម្បីធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី ដែលជាក្តីសុបិន្ត និងមហិច្ឆតាអំណាចផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយច្បាស់ណាស់ គឺមិនមែនដើម្បីបុព្វហេតុសង្រ្គោះជាតិអីនោះទេ ព្រោះ ទី១-នគរនេះ រាស្រ្តរស់នៅក្នុងសន្តិភាព គ្មានសង្រ្គាម ដូចនេះជាតិគ្មានអ្វីត្រូវសង្រ្គោះ នោះទេ ទី២-សម រង្ស៊ី ចង់បង្ហាញថា គាត់ជាប្រធានបក្សមែនទែន ដែលត្រូវឡើងធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី មិនមែនជា កឹម សុខា ដែលគ្រាន់តែជាមេបក្ស លេងៗប៉ុណ្ណោះ ទី៣-សម រង្ស៊ី ខ្លាចរាស្រ្តបំភ្លេចតួអង្គរបស់គាត់ ជាមេដឹកនាំមែនទែន ដែលចាត់ចែងការងារជាក់ស្តែងនៃបក្សព្រះអាទិត្យ ទី៤-ខ្លាច កឹម សុខា ដណ្តើមយកតំណែងមែនទែនជាប្រធានបក្ស ព្រោះតាមពិត សម រង្ស៊ី គ្រាន់តែឱ្យ កឹម សុខា ធ្វើមេបក្សលេងៗប៉ុណ្ណោះ និងទី៥-សម រង្ស៊ី ចង់សាកល្បងលមើល ជាមួយ កឹម សុខា តើមានប្រតិកម្មដូចម្តេច ចំពោះការប្រកាសរបស់គាត់ក្នុងការធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សព្រះអាទិត្យ។

៤៖ សម រង្ស៊ី គិតថា ខ្លួនជាអ្នកឆ្លាត ប៉ុន្តែភ្លេចគិតថា នៅលើមេឃមានមេឃ ! កឹម សុខា បានរៀបចំផែនការយ៉ាងល្អិតល្អន់ តាំងពីពេលទំលាក់លោក សម រង្ស៊ី ពីតំណែងមេបក្សព្រះអាទិត្យ តាមរយៈការបញ្ចុះបញ្ចូលអោយ សម រង្ស៊ី លាលែងតំណែងដោយស្ម័គ្រចិត្ត និងឡើងធ្វើប្រធានបក្សដោយខ្លួនឯង។ កឹម សុខា ដឹងច្បាស់ណាស់នូវចំណុចខ្សោយរបស់សម រង្ស៊ី គឺក្តីសុបិន្តទាំងយប់ទាំងថ្ងៃចង់ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី។ ឱ្យតែ កឹម សុខា សន្យាឱ្យ សម រង្ស៊ី ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី អ្វីក៏ សម រង្ស៊ី សុខចិត្តលះបង់ដែរ ដោយរួមទាំងតំណែងប្រធានបក្សរបស់ខ្លួន។ កឹម សុខា គឺជា ស៉ឺម៉ាអ៉ី យ៉ាងពិតប្រាកដ!
បក្សីចាំក្រុងធ្លាប់បានសរសេរអត្ថបទទាក់ទងនឹងយុទ្ធសាស្រ្តរបស់ កឹម សុខា ក្នុងការក្តោបក្តាប់អំណាចក្នុងបក្សព្រះអាទិត្យតាំងពីពេល សម រង្ស៊ី លាលែងពី តំណែងប្រធានបក្ស។  កឹម សុខា ដែលក្នុងក្រសែភ្នែករបស់ សម រង្ស៊ី គឺជាមេបក្សលេងៗ អាចប្រើយុទ្ធសាស្រ្ត ប្រើខ្មោចឱ្យកិនម្សៅបាន ! កឹម សុខា អាចប្រាប់ ដោយវិធីយ៉ាងត្រជាក់ថា សម រង្ស៊ី គឺជាបេក្ខភាពនាយករដ្ឋមន្រ្តី ដើម្បីបន្តប្រើ សម រង្ស៊ី ឱ្យជួយធ្វើនយោបាយ និងទាញការគាំទ្រលើបក្សព្រះអាទិត្យ ដោយប្រើ ប្រជាប្រិយភាព សម រង្ស៊ី។ វិធីឃោសនាសាមញ្ញៗដូចជា៖ បើចង់ឱ្យ សម រង្ស៊ី ចូលស្រុកវិញ សុំបោះឆ្នោតឱ្យបក្សព្រះអាទិត្យ ឬអាចបញ្ចុះបញ្ចូលម្តងទៀតអោយ សម រង្ស៊ី ចូលស្រុក ហើយជាប់គុក ដើម្បីឃោសនាថា ចង់ឱ្យ សម រង្ស៊ី ចេញពីគុក ត្រូវបោះឆ្នោតឱ្យបក្សព្រះអាទិត្យជាដើម ។ល។

ប៉ុន្តែនៅទីបំផុត បើដោយចៃដន្យ បក្សព្រះអាទិត្យឈ្នះឆ្នោត នោះតើនរណានឹងក្លាយជានាយករដ្ឋមន្រ្តី? ប្រាកដជា កឹម សុខា! ក្នុងសេណារីយ៉ូនេះ  កឹម សុខា នឹងប្រាប់តំណាងរាស្រ្តទាំងអស់ថា សម រង្ស៊ី កំពុងមានទោសជាប់ខ្លួន ដែលតាមផ្លូវច្បាប់ មិនមានឈ្មោះជាបេក្ខជនតំណារាស្រ្តឡើយ ដូចនេះ សម រង្ស៊ី ដែលជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលឃោសនាបោះឆ្នោត មិនអាចឡើងធ្វើនាយករដ្ឋមន្រ្តីឡើយតាមផ្លូវច្បាប់។ សម រង្ស៊ី ចាំច្បាស់ណាស់អំពីនីតិវិធីនេះ នៅក្នុងឆ្នាំ ២០១៣។ នៅពេលនោះ សម រង្ស៊ី អាចចូលសភា គឺក្រោយពេលរាជរដ្ឋាភិបាលត្រូវបានបង្កើត ហើយត្រូវឱ្យ គួយ ប៊ុនរឿន លាលែងពីតំណាងរាស្រ្ត ដើម្បីអាចចូលជំនួស គួយ ប៊ុនរឿន បាន។

ក្នុងបច្ចេកទេសនីតិវិធីច្បាប់ដូចនេះ ហើយបើចែដន្យឈ្នះមែន គឺ កឹម សុខា អាចលួងឱ្យក្រុម សម រង្ស៊ី បោះឆ្នោត គាំទ្រគាត់ធ្វើជានាយករដ្ឋមន្រ្តីសិន ក្នុងហេតុផលថា ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែងទោសឲ្យ សម រង្ស៊ី មកធ្វើនាយករដ្ឋមន្រ្តី ប៉ុន្តែក្រោយពេលបានធ្វើជានាយករដ្ឋមន្រ្តីហើយ តើនរណាអាចទម្លាក់គាត់បាន? មិនអាចទេ ព្រោះកម្លាំងរបស់គាត់មានច្រើននៅរដ្ឋសភា ហើយ កឹម សុខា អាចចាប់ដៃជាមួយបក្សផ្សេងទៀតនៅរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាល ឬការពាររដ្ឋាភិបាលរបស់គាត់ ក្នុងករណីគាត់ បែកបាក់ជាមួយ សម រង្ស៊ី។ ប៉ុន្តែទាំងនេះ គ្រាន់តែជាសេណារីយ៉ូដ៏រវើរវាយ តាមបែបចៅចាក់ស្មុកប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលច្បាស់លាស់ជាងគេគឺ នៅទីបំផុតសុបិន្តរបស់ សម រង្ស៊ី ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី នៅតែជាសុបិន្ត ហើយ សម រង្ស៊ី ត្រូវរស់ក្នុងការយល់សប្តិ ក្នុងសុបិន្តនេះជារៀងរហូត!

វត្តភ្នំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧
ដោយ៖ បក្សីចាំក្រុង