(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ បច្ចុប្បន្ននេះគេសង្កេតឃើញថា មន្ត្រីនគរបាលក្រុងប៉ោយប៉ែត ផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ មិនចុះរៀបចំ សណ្តាប់ធ្នាប់ ដោយបណ្តោយឲ្យក្រុមអ្នករត់តាក់ស៊ី ក្រុមរថយន្តសាំយ៉ុង ក្រុមអ្នកអូសរទះលក់ផ្លែឈើ ចាប់ពាសពេញផ្លូវជាតិលេខ៥ ពីចំណុចរង្វង់មូល រហូតដល់ចំណុច អេស៊ីលីដា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ស្ថានភាពបែបនេះ បានធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិរិះគន់ ក្រុមអ្នករត់តាក់ស៊ីថា គ្មានសណ្តាប់ធ្នាប់ ត្រូវបានក្រុមអ្នករត់តាក់ស៊ីជាចោទថា មន្ត្រីនគរបាលក្រុងប៉ោយប៉ែត មិនអើពើបញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ គិតតែប្រមូលលុយពីក្រុមពួកគេទៅវិញ។
បើយោងតាមការប្រជុំគណៈអង្គភាពក្រុងប៉ោយប៉ែត ដោយលោក ង៉ោ ម៉េងជ្រួន ជាប្រធាន បានលើកឡើងជារឿយៗ ថាសណ្តាប់ធ្នាប់នាពេល បច្ចុប្បន្ននេះ គឺមានការកក់ស្ទះ គ្មានសណ្តាប់ធ្នាប់ គឺដោយសារតែរថយន្តចតលើផ្លូវជាតិ៥ អស់រលីងហើយចតយកផ្លូវសឹងមួយចំហៀង តែម្តងប៉ុន្តែគ្មានឃើញមន្ត្រីនគរបាលជំនាញ ចរាចណ៍ណាចុះទៅអប់រំណែនាំ ពីបញ្ហាកក់ស្ទះចរាចរណ៍សោះ និងហាមឃាត់ដល់ក្រុមអ្នករត់តាក់ស៊ី កុំឲ្យធ្វើដូច្នេះទៀតដែលធ្វើឲ្យប៉ះពាល់សុវត្ថិភាពអ្នកធ្វើដំណើរលើដងផ្លូវ គឺឃើញតែមន្ត្រីអស់លោកដើរយកលុយក្បាលរថយន្តតាក់ស៊ី រថយន្តសាំយ៉ុងជាដើម មិនបានអនុវត្តតាមការណែនាំពីថ្នាក់គណៈឯកអង្គភាពក្រុងប៉ោយប៉ែតឡើយ។
ក្រុមអ្នករត់តាក់ស៊ី ចតនៅមុខធនាគារអេស៊ីលីដា និងចំណុចរង្វង់មូលបានខ្សិបប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ថាពួកខ្ញុំអាចចាប់ម៉ូយបានទីនេះ គឺពួកខ្ញុំបានបង់លុយឲ្យទៅកាន់ចំណតរថយន្ត (បេនឡាន) និងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត ក្នុងការចតចាប់ម៉ូយឲ្យពេញរថយន្ត គឺបានប្រគល់លុយទៅឲ្យមន្ត្រីនគរបាល ចរាចរណ៍ចំនួន២ពាន់រៀល ទៅ៥ពាន់រៀលទើបអាចចត ចាប់ម៉ូយបានតាមចិត្ត។
ដោយឡែកភ្ញៀវអន្តរជាតិ បានថ្លែងថា ហេតុអីបានជានៅចំណុចរង្វង់មូល មានចតរថយន្តរញ៉េរញ៉ៃយ៉ាងនេះមិនឃើញ មានសមត្ថកិច្ចជំនាញដេញ និងហាមឃាត់ឡើយ បណ្តាលឲ្យចតគ្មានសណ្តាប់ធ្នាប់ ពាសវាលពាសកាលធ្វើឲ្យស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរលើដងផ្លូវមួយនេះ យ៉ាងធ្ងន់ធ្ងរ។
ចំណែកភ្ញៀវជាតិវិញបានលើកឡើងដូច្នេះថា នគរបាលចរាចរណ៍ហេតុអី បានជាមិនរៀបចំសណ្តាប់ធ្នាប់បន្តិចសោះ មិនចេះសំឡឹងមើល នៅក្នុងទឹកដីថៃ ឈមនិងច្រកទ្វារប៉ោយប៉ែត គេមានរថយន្តច្រើនជាងយើងចុះហេតុអីបានជាគេចតមានសណ្តាប់ធ្នាប់ ចឹងហើយពួកគាត់ ស្នើឲ្យមន្ត្រីជំនាញ មេត្តាគិតគូពីបញ្ហាទាំងអស់នេះផង បើទុកដូចរូបភាពបែបនេះទៀតមិនសូវល្អចំពោះបញ្ហាខាងលើនេះ ឬនិយាយបានថាជាទំលាប់អាក្រក់ទៅហើយ។
ពាក់ព័ន្ធបញ្ហាខាងលើនេះភ្នាក់ងារ Fresh News បានទាក់ទងទៅកាន់លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត តែលោកអធិការមិន បានលើកទូរស័ព្ទឡើយ៕