(រតនគិរី)៖ ក្រុមអ្នកវិនិយោគថៃ បានសម្តែងនូវការចាប់អារម្មណ៍ចូលរួមវិនិយោគជាច្រើន នៅក្នុងខេត្តរតនគិរី រួមមានវិស័យកសិឧស្សាហកម្ម វិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។
ការចាប់អារម្មណ៍របស់ក្រុមវិនិយោគគិន ត្រូវបានធ្វើឡើងក្រោមបញ្ចប់ ជំនួបសម្ដែងការគួរសមជាមួយលោក ថង សាវុន អភិបាលខេត្តរតនគិរី រវាងក្រុមប្រតិភូសភាពាណិជ្ជកម្មថៃ ដឹកនាំដោយលោក ចូកីឌី កែវសាង អនុប្រធានក្រុមប្រឹក្សាភិបាលវិនិយោគថៃ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧។
លោក ថង សាវុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះប្រតិភូសភាពាណិជ្ជកម្មថៃ មានគ្រប់សមាសភាពតំណាងឲ្យក្រុមហ៊ុនវិនិយោគនានា ដែលបានមកបំពេញទស្សនៈកិច្ចផ្លូវការនៅក្នុងខេត្ត និងបានជម្រាបជូន អំពីសក្តានុពលនៅក្នុងខេត្តជូនប្រតិភូថៃ។ បន្ថែមពីនេះ អភិបាលខេត្តសូមលើកទឹកចិត្ត និងសូមគាំទ្រចំពោះអ្នកវិនិយោគទុនថៃ ដែលមានបំណងធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅក្នុងខេត្តរតនគិរី ក្រោយពីដំណើរទស្សនៈកិច្ចនេះចប់។
ជាមួយគ្នានោះ លោក ចូកីឌី កែវសាង បានថ្លែងនូវការចាប់អារម្មណ៍ចំពោះសក្តានុពលរបស់ខេត្តរតនគិរី ដែលជាខេត្តមួយសំបូរ ដោយសក្តានុពលទេសចរណ៍ វប្បធម៌ និងធនធានធម្មជាតិ ជាពិសេសកត្តាភូមិសាស្ត្រនៅទូទាំងខេត្ត គ្របដណ្តប់ដោយផ្ទៃដីដ៏មានជីវៈជាតិ អំណោយផលដល់វិស័យកសិឧស្សាហកម្ម គ្រប់ប្រភេទ។ លោកប្រធានប្រតិភូ ក៏បានថ្លែងអំណរគុណចំពោះ លោកអភិបាលខេត្ត ដែលបានអនុញ្ញាតិឲ្យប្រតិភូថៃ បានធ្វើទស្សនៈកិច្ចនៅក្នុងខេត្តរតនគិរី ប្រកបដោយភាពកក់ក្តៅ និងការទទួលស្វាគមន៍យ៉ាងរុះរាយរាក់ទាក់បំផុត។
សូមជម្រាបថា ក្រោយពីដំណើរទស្សនៈកិច្ចនេះ ប្រតិភូទាំងអស់ នឹងនាំយកអំពីសក្តានុពលនេះ ផ្សព្វផ្សាយដល់អ្នកវិនិយោគថៃទាំងអស់ ឲ្យមកវិនិយោគនៅក្នុងខេត្តរតនគិរី ស្របតាមធនធានដែលមាននៅក្នុងខេត្ត៕