(ភ្នំពេញ)៖ លោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងលោកទេសរដ្ដមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក គឹម វ៉ាដា តំណាងធនាគារជាតិ និងលោកបណ្ឌិត Han Chang-woo ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្ថាបនា ភីអិលស៊ី បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ការិយាល័យធនាគារស្ថាបនាថ្មី ដែលមានទីតាំងតាមបណ្តោយផ្លូវមហាវិថីព្រះមុនីវង្ស ភូមិ១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។
លោក Han Chang-woo បានថ្លែងថា ធនាការស្ថាបនា គឺជាធនាការពាណិជ្ជរបស់ជប៉ុន ដែលបានកើតឡើងពីការរួមបញ្ចូលគ្នា ជាមួយធនាគារ ម៉ារ៉ូហាន់ និងគ្រឹះដ្ឋានមីក្រូហិរញ្ញវត្ថុស្ថាបនា លីមីតធិត នៅខែមេសា ឆ្នាំ២០១៦កន្លង ទៅនេះ។ ការច្របាច់បញ្ចូលគ្នា រវាងស្ថាប័នមីក្រូហិរញ្ញវត្ថុដូចគ្នានេះ គឺជាករណីដែលទើបកើតឡើង លើកដំបូងនៅកម្ពុជា។ គ្រឹះដ្ឋានមីក្រូហិរញ្ញវត្ថុស្ថាបនាគឺជាគ្រឹះដ្ឋាន មួយដែលមានតួនាទីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា ហើយបានផ្តល់សេវាកម្មហិរញ្ញវត្ថុ នៅកម្ពុជាអស់រយៈពេលយូរអង្វែង មកហើយ ដែលមានរយៈពេល២១ឆ្នាំ។ ដោយឡែកសម្រាប់ធនាគារ ម៉ារ៉ូហាន់ គឺជាធនាគារជប៉ុននៅកម្ពុជាដំបូងបង្អស់ដែលបាន ចាប់ផ្តើម ប្រតិបត្តិការពីចំណុចសូន្យ ដែលបានព្យាយាមឲ្យក្លាយជាធានាគារជប៉ុនមួយ ដែលនឹងចាក់ឬសចាក់គល់នៅកម្ពុជា។
លោក Han Chang-woo បានបន្តថា ធនាគារទាំងពីរមានចំណុចខ្លាំងរៀងខ្លួនៗ ក្រោយពីច្របាច់បញ្ចូលគ្នារួច គឺជាធនាគារស្ថាបនា ដែលជួយបម្រើ ប្រយោជន៍ដល់ ប្រជាពលរដ្ឋកម្ពុជា ដែលមានពាក្យស្លោកថា «ប្រជាធនាគារ» ហើយបានខិតខំប្រឹងប្រែងចូលរួមចំណែកការអភិវឌ្ឍន៍កម្ពុជាតាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ គ្រប់រូបដើម្បីលើកកម្ពស់កម្រិតជីវភារស់នៅ របស់ពួកគាត់ តាមរយៈការបង្កើនឡើងមុខជំនួញរបស់ពួកគាត់ដោយមិន សន្សំសំចៃ នៃការខិតខំប្រឹងប្រែងរបស់យើង ផ្ទាល់ខ្លួនឡើយ។ អាស្រ័យហេតុនេះហើយក្នុង ម៉ារ៉ូហាន់ គ្រុបរបស់យើងខ្ញុំមានក្តីស្រមៃរបស់ ខ្លួនរួចទៅហើយតាំងពីពេលដែលយើងមិនទាន់បានដាក់ បញ្ចូលគ្នា មកម្ល៉េះ យើងនឹងសាងសងអាគារ ស្នាក់ការកណ្តាលធនាគារថ្មីដើម្បីការរីក លូតលាស់របស់ធនាគារយើងថែមមួយកម្រិតទៀត និងដើម្បីបបង្កើនសេវាកម្មជូនអតិថិជនផងដែរ។
លោកប្រធានក្រុមប្រឹក្សាភិបាលធនាគារស្ថាបនា បានបញ្ជាក់ថា ដូច្នេះហើយយើងបានទិញដីនៅក្នុងទីតាំងតំបន់លេខមួយ តាំងពីមុនពេល ដែលក្រុមហ៊ុនទាំងពិរដាក់បញ្ចូលមកម្ល៉េះ។ យើងសង្ឃឹមយ៉ាងមុតមាំថា ប្រទេកម្ពុជា និងមានការរីក ចម្រើនកាន់តែខ្លាំងនៅពេលអនាគត ហើយខ្ញុំគិតថាវាល្មមដល់ពេលហើយសម្រាប់ការសាងសង់ អាគារថ្មីមួយនេះដោយ មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល ចាប់ផ្តើម កសាងដោយប្រារព្ធពិធីបញ្ចុះ បឋមសិលានាពេលនេះ ហើយអគារនេះមានកម្ពស់២២ជាន់ និងចុះក្រោមដី៥ជាន់ហើយ គម្រោងនេះ កម្រិត Gread A ដែលមានចំនួនតិចតួចបំផុត នៅភ្នំពេញ ដែលស្របតាមកម្រិតស្ថង់ដារអន្តរជាតិនេះ។
លោក ប៉ែន សុផល បានថ្លែងថា រាជរដ្ឋភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់គោល នយោបាយ យ៉ាងត្រឹមត្រូវ ក្នុងការអភិវឌ្ឍវិស័យឯកជន និងការវិនិយោគបរទេស និងក្នុងស្រុរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាតែងតែ ចាត់ទុកវិស័យឯកជនជាដៃគូ និងបានលើកកម្ពស់វិស័យឯកជនក្នុង អភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមដោយឡែក ការអភិវឌ្ឍវិស័យ អចលនទ្រព្យ ររាជរដ្ឋាភិបាលបានផ្តល់ភាពអនុគ្រោះជាច្រើនដល់អ្នកវិនិយោគទុន បរទេស ចំពោះសិទ្ធិលើ អចលនទ្រព្យនិងការ សាងសង។
លោក ប៉ែន សុផល បានបន្តថា កត្តាទាំងនេះបានមកពីការអភិវឌ្ឍ លើគ្រប់វិស័យជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុង រង្វង់៧ភាគរយ ក្នុងរយៈពេលជាច្រើនឆ្នាំ បន្តបន្ទាប់មកនេះ និងតាមការព្យាករណ៍នៅឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជានឹង សម្រេចបាន ៧ភាគរយបន្ត ថែមទៀត ក្នុងនោះវិស័យអចលនទ្រព្យ វិស័យធនាការបានចូលរួមបង្កើនសេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើន និងជួយស្វែងរកការងារឲ្យប្រជាពលរដ្ឋកម្ពុជា ជាច្រើនផងដែរ៕