(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងការវិវត្តរីកចម្រើននៃសេដ្ឋកិច្ច និងស្របតាមការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក រាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នកម្ម ឯកសារយុទ្ធសាស្រ្ដជាលើកទី៣ គឺ «យុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥» ដោយដាក់ចេញនូវគោលដៅសម្រេចឲ្យបានប្រព័ន្ធហិរញ្ញវត្ថុមួយប្រកបដោយប្រសិទ្ធិភាព ផ្អែកលើគោការណ៍ទីផ្សារ មានលក្ខណៈពិពិធភាព ភាពរឹងមាំ និងបរិយាប័ន្នដែលផ្ដល់ភាពទូលំទូលាយ ក្នុងការបំពេញតម្រូវការសេវាហិរញ្ញវត្ថុ នៅក្នុងប្រទេស។
សម្រាប់យុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ លើកទី៣នេះ ក៏បានត្រូវដាក់សម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីសំណាក់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ លោក អូន ព័ន្ធមន្នីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Samiuela T. Tukuafu ប្រធានធនាគារអភិវឌ្ឍន៍អស៊ីប្រចាំកម្ពុជា រួមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតផង។
លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា «យុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ដែលជាផែនការយុទ្ធសាស្រ្ដរយៈពេលវែងរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងទស្សនវិស័យវែងឆ្ងាយ»។
វិស័យហិរញ្ញវត្ថុបានដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការផ្ដល់សេវាហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ សកម្មភាពសេដ្ឋកិច្ច ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ បង្កើនភាពប្រាកដប្រជាក្នុងជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ ដោយយល់ឃើញពីសារសំខាន់នេះ ហើយទើបរាជរដ្ឋាភិបាលបានរៀបចំ ឯសារយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុរយៈពេលវែង សម្រាប់រយៈពេល១០ឆ្នាំ និងមានលក្ខណៈជាផែនការរំកិលដោយផ្ដើមចេញ ពីឯកសារទី១នៅឆ្នាំ២០០១ ដែលមានឈ្មោះថា ចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០០១-២០១០។
លោក ជា ចាន់តូ បានបញ្ជាក់ទៀតថា «ផែនការយុទ្ធសាស្រ្ដនេះ ត្រូវបានធ្វើបច្ចុប្បន្នកម្មជាបន្ដបន្ទាប់ក្នុងរយៈពេល៥ឆ្នាំម្ដង ដែលបានដើរតួជាមគ្គុទ្ទេស៍ដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ និងការកែទម្រង់នានាក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ផែនការយុទ្ធសាស្រ្ដច្បាស់លាស់នេះ បានធ្វើឲ្យវិស័យហិរញ្ញវត្ថុរីកចម្រើន យ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ ឆ្នាំចុងក្រោយនេះ ហើយបានគាំទ្រសេដ្ឋកិច្ច ឲ្យមានកំណើនខ្ពស់ប្រមាណ៧ភាគរយ ក្នុង១ឆ្នាំ, រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុជាលំដាប់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន នៃប្រជាជនពេញវ័យដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ (រួមមានសេវាឥណទាន, បញ្ញើ, និងទូទាត់) ដល់ប្រមាណ៥៤ភាគរយ ធៀបនឹងប្រមាណទាបជាង១០ភាគរយ កាលដើមទស្សវត្សរ៍ឆ្នាំ២០០០»។
ទោះជាយ៉ាងណា នៅពេលដែលវិស័យហិរញ្ញវត្ថុ បានរីកចម្រើនយ៉ាងឆាប់រហ័ស បញ្ហាប្រឈម និងឧបសគ្គថ្មីៗក៏បានលេចឡើង ផងដែរ ដែលទាមទារឲ្យយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុមានភាពបត់បែន ស្រប់តាមស្ថានភាពជាក់ស្ដែង។ ហេតុដូច្នេះ ដើម្បីបន្ដអភិវឌ្ឍវិស័យហិរញ្ញវត្ថុឲ្យកាន់តែមានភាពរឹងមាំ ស្រប់តាមការរីកចម្រើននៃសេដ្ឋកិច្ច ការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុ អន្ដរជាតិ សន្ទុះនៃសមាហរកម្មតំបន់ និងពិភពលោក ព្រមទាំងផ្អែកលើបទពិសោធន៍ និងមេរៀនថ្មីៗ ដែលបានជួបប្រទះ
ក្នុងការអនុវត្តកន្លងមក ឆ្នាំ២០១៦កន្លងទៅរាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្រ្ដជាលើកទី៣ ពីយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១១-២០២០ ទៅជាយុទ្ធសាស្រ្ដអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។ នេះបើតាមលោក ជា ចាន់តូ បានបញ្ជាក់បន្ថែម។
លោក អូន ព័ន្ធមន្នីរ័ត្ន បានថ្លែងឲ្យដឹងដែរថា «វិស័យហិរញ្ញវត្ថុបានចូលរួមគាំទ្រយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយសម្រេចបានជាមធ្យមប្រមាណ៧,១ភាគរយ ក្នុងរយៈពេលជិត២ទស្សវត្សរ៍។ ទោះបីជាស្ថានភាពសេដ្ឋកិច្ច សកលលោក និងតំបន់ត្រូវប្រឈម នឹងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ ក្នុងនោះវិស័យធនាគារ បានដើរតួរគ្រប់ដណ្ដប់វិស័យហិរញ្ញវត្ថុ ដោយបានរួមចំណែក យ៉ាងធំធេងដល់ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ តាមរយៈការសម្រេចបាននូវការ ពង្រីក ការផ្ដល់សេវា ហិរញ្ញវត្ថុ ដល់ជនបទ»។យុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥នេះ ឆ្លុះបញ្ចាំងពីសមិទ្ធផលផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា រហូតមកដល់បច្ចុប្បន្ន ព្រមទាំងវាយតម្លៃពីឧបសគ្គ និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងដាក់ចេញផែនការសកម្មភាពសម្រាប់ពេលអនាគត។ យុទ្ធសាស្ដ្រនេះបានធ្វើសំយោគ និងកំណត់គោលដៅអាទិភាពនូវយុទ្ធសាស្រ្ដ និងផែនការសកម្មភាពសម្រាប់អនុវិស័យនីមួយៗនៃប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីធានាឲ្យយុទ្ធសាស្រ្ដ និងផែនការសកម្មភាពទាំងនោះដើរស្រប់តាមទស្សន
វិស័យរយៈពេលវែងរបស់វិស័យហិរញ្ញវត្ថុទាំងមូល៕