(ភ្នំពេញ)៖ អាជ្ញាធររាជនីភ្នំពេញបានណែនាំឲ្យមន្ទីរសុខាភិបាល ត្រូវពង្រឹងក្រមសិលធម៌ និងវិជ្ជាជីវៈផ្នែកសុខាភិបាល ទាំងផ្នែករដ្ឋ និងឯកជន ត្រូវប្រើជំនាញវិជ្ជាជីវៈ របស់ខ្លួនឲ្យចំគោលដៅដើម្បីបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អ ខណៈដែលបច្ចុប្បន្នប្រជាពលរដ្ឋបានរិៈគន់ មកលើមន្ទីរពេទ្យមួយចំនួន អំពីការផ្តល់សេវាសុខាភិបាលនេះ។
ក្នុងសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាលឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីបុព្វហេតុធ្វើឲ្យប្រសើរឡើង នូវសុខភាពប្រជាជន តាមរយៈការផ្តល់សេវាសុខាភិបាលប្រកបដោយ ប្រសិទ្ធិភាព គុណភាព សមធម៌ និងមានចីរភាព ជូនដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្រីក្រ និងគ្រប់ជនរងគ្រោះ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា «មន្ទីរសុខាភិបាល ត្រូវណែនាំដល់បណ្តាមន្ទីរពេទ្យរដ្ឋ និងគ្រប់គ្លីនិកឯកជន ត្រូវពង្រឹងក្រមសិលធម៌ វិជ្ជាជីវៈឲ្យសាកសមជាគ្រូពេទ្យ ក្នុងការលើកស្ទួយ អនាម័យសុខភាពបំរើប្រជាពលរដ្ឋឲ្យគោលដៅ»។
លោកបានបន្តថា មួយវិញទៀត ដើម្បីពង្រឹងគុណភាពវប្បធម៌ការងារ និងការគោរពក្រមសិលធម៌វិជ្ជាជីវៈ របស់មន្ត្រីសុខាភិបាលមិនទាន់គោរព និងអនុវត្តបាន ដូច្នេះត្រូវរួមគ្នាខិតខំរកចំណុចប្រឈម ដែលបាននិងកំពុងជួបប្រទះដើម្បី សម្រេចដាក់ចេញទិសដៅអនុវត្តបន្តនៅរាជធានី ក្នុងឆ្នាំ២០១៧នេះ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្តទៀត។
លោកអភិបាលរង បានបន្ថែមថា «យើងត្រូវទទួលស្គាល់ថា ការផ្តល់សេវាជូនប្រជាពលរដ្ឋរបស់មន្ត្រីសុខាភិបាលមួយចំនួន នៅមានចំណុចខ្វះខាត និងធ្លាក់ចុះនូវក្រមសិលធម៌ និងមានការធ្វេសប្រហែសរបស់គ្រូពេទ្យមួយចំនួនតូច ដែលធ្វើឲ្យមានការត្អែរពីប្រជាពលរដ្ឋ ចំពោះឥរិបទ នៃការផ្តល់សេវាសុខាភិបាលនេះ»។
ម្យ៉ាងទៀត ក៏នៅមានទង្វើធ្វេសប្រហែសក្នុងការបំពេញមុខជំនាញវិជ្ជជីវៈ របស់គ្រូពេទ្យមួយចំនួនតូចចាំបាច់ត្រូវយកចិត្តទុកដាក់ មិនត្រូវមើលស្រាលបញ្ហានេះបន្តទៀតទេ ព្រោះវាជាចំណុចដ៏សំខាន់សម្រាប់ការអនុវត្តរបស់មន្ត្រីសុខាភិបាល ត្រូវធ្វើឲ្យបានស្រុះដៃគ្នា និងគ្រប់ទីកន្លែងទាំងអស់។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានទទួលយកនៅការណែនាំរបស់អាជ្ញាធររាជធានី ពីការពង្រឹងក្រមសិលធម៌ វិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាល ក្នុងការផ្តល់សេវានេះ ហើយមន្ទីរសុខាភិបាលមានតួនាទីសំខាន់ ក្នុងការគ្រប់គ្រងសេវាសុខាភិបាលរបស់រដ្ឋ ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លោកបានបន្តទៀតថា ក្នុងឆ្នាំ២០១៦កន្លងទៅ មន្ទីរបានផ្តល់សេវា ពិគ្រោះនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋសរុបបានចំនួន ៣៤៣,៨៨៨ នាក់៕
សូមបញ្ជាក់ថា សព្វថ្ងៃនៅរាជធានីភ្នំពពេញ មានមន្ទីរមានការរិយាល័យ ស្រុកប្រតិបត្តិចំនួន៧ មន្ទីរពេទ្យបង្អែកថ្នាក់រាជធានីចំនួន១ មន្ទីរពេទ្យបង្អែកតាមខណ្ឌចំនួន៧ មណ្ឌលសុខភាពចំនួន៩ និងប៉ុស្តិ៍សុខភាពចំនួន១២កន្លែង ដែលមានមន្ត្រីសុខាភិបាល កំពុងបំរើការងារសរុបចំនួន១១៩៩នាក់៕