(ព្រះវិហារ)៖ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃ០៥ មិថុនា ក្រោមប្រធានបទ «ការផ្សាភ្ជាប់ទំនាក់ទំនង រវាងមនុស្ស និងធម្មជាតិ» អាជ្ញាធរខេត្តព្រពវិហារ បានចែកដើមឈើហូបផ្លែជូនប្រជាពលរដ្ឋ និងបានដាំដើមឈើ រួមគ្នាផងដែរ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពី លោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅវិទ្យាល័យគូលែន។
លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ទិវាបរិស្ថានជាតិ និងពិភពលោក៥មិថុនា ក្រោមប្រធានបទ «ការផ្សាភ្ជាប់ ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ» ត្រូវបានគេឲ្យតម្លៃជាលក្ខណៈសកល ហើយប្រជាជននៃប្រជាជាតិទាំងអស់ បានចាត់ទុកថា ជាទិវាមួយដ៍វិសេសវិសាលសម្រាប់ពួកគេ ធ្វើការក្រើនរំលឹកអំពីការដឹងគុណ ដល់ធម្មជាតិវិញ និងចែករំលែកសកម្មភាពជាវិជ្ជមាន ដល់ធម្មជាតិ។
លោកបញ្ជាក់ថា ចាប់តាំងទិវានេះ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧២មក សកម្មភាព នាតែងត្រូវបានរៀបចំឲ្យមានយុទ្ធនាការសម្អាត អនាម័យ ការប្រយុទ្ធប្រឆាំងបទល្មើសធនធានធម្មជាតិ សត្វព្រៃ ការស្តាឡើងវិញនៅព្រៃឈើ ដែលបាត់បង់តាមការរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ ក៏ដូចជាបទពិសោធន៍សកល នៃបញ្ហាបរិស្ថាន បានផ្តល់មេរៀនមួយយ៉ាងល្អក្នុងការ ស្វែងយល់កាន់តែច្បាស់អំពីគុណ តម្លៃរបស់ធម្មជាតិ ដែលបានផ្តល់ឲ្យមនុស្សទូទាំងពិភពលោក ហើយប្រព័ន្ធនៃបរិស្ថានធម្មជាតិដែលជាមូលធនគាំទ្រដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសុខមាលភាព។
ជាមួយគ្នានោះ លោក គោ ស៊ុប៊ុនសឿត បានថ្លែងថា អាជ្ញាធរខេត្តបានដាំ និងចែកកូនឈើហូបផ្លែជូនដល់ប្រជាពលរដ្ឋនៅក្នុង វិទ្យាល័យ ស្រុកគូលែន ដើម្បីជួយកាត់បន្ថយការឡើងកំដៅ ខ្យល់កន្ត្រាក់ និងបង្កើនសោភ័ណ្ឌភាពតាមសាលារៀន និងគេហដ្ឋានរបស់ ប្រជាពលរដ្ឋឲ្យក្លាយទៅជាពណ៌បៃតង ការចូលរួមរបស់អ្នកទាំងអស់គ្នាពិត ជាមានសារសំខាន់ណាស់ ក្នុងការចលនាដាំដើមឈើឡើង វិញនៅតាមទីសាធារណៈ វត្តអារាម មន្ទីរពេទ្យ សាលារៀន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្ត។
លោកបញ្ជាក់ថា ការរៀបចំទិវាបរិស្ថានជាតិ និងពិភពលោក ក្នុងគោលបំណងដើម្បីឲ្យប្រជាជន គ្រប់លំដាប់ថ្នាក់បង្ហាញ ពីសកម្មភាព និងបណ្តុះផ្នត់គំនិតរបស់បងប្អូននៅក្នុងវិសយ័បរិស្ថាន និងត្រូវបានប្រារព្ធ ក្នុងគោលបំណងលើកកំពស់ ការយល់ដឹងអំពីបរិស្ថាន និងបំផុសចលនាប្រជាពលរដ្ឋ ក៏ដូចជាមហាជនឲ្យស្រលាញ់ ផ្សាភ្ជាប់ទំនាក់ទំនងជាមួយ បរិស្ថានធម្មជាតិ៕