(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងប្រាប់លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំ អាស៊ាន-អាមេរិក ឆ្នាំ២០១៧នេះ អំពីរឿងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា យកលុយថ្លៃធ្វើទិដ្ឋាទៅអាមរិក១៥០ដុល្លារ មិនថាក្នុងលក្ខខណ្ឌជាប់ឬក៏ធ្លាប់នោះទេ គឺត្រូវយកលុយទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះការបញ្ហារឿងលុយ១៥០ដុល្លារ ធ្វើទិដ្ឋាការនោះ សម្រាប់អ្នកមានលុយមិនមែនជាបញ្ហាចោទនោះទេ ប៉ុន្ដែសម្រាប់អ្នកដែលគ្មានលុយវិញ គឺត្រូវទៅខ្ចីលុយគេយកទៅឲ្យស្ថានទូតអាមេរិក ដែលបញ្ហានេះធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនខឹង និងស្អប់អាមេរិក។
ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិត សកលវិទ្យាល័យបញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវនេះអ្នកទាំងអស់គ្នា ប្រហែលជាដឹងហើយថា ទៅទូតអាមេរិកដើម្បីសុំវីសារយក១៥០ដុល្លារទៅ តើមែនទេ ជាប់ក៏យក អស់១៥០ដុល្លារ មិនជាប់ក៏យកអស់១៥០ដុល្លារ ខ្ញុំនឹងសួរដូណាត្រាំ លើរឿងហ្នឹងបន្ដិចថា តើអាចសម្រួលបានទេ...ថាជាប់ចុះយកលុយ ចុះមិនជាប់ក៏ យកលុយដែរ?។ រឿងហ្នឹងសម្រាប់អ្នកមានលុយមិនបញ្ហាទេ តែអ្នកដែលគ្មានលុយត្រូវទៅខ្ចីបុលគេ រួចយកទៅឲ្យទូតអាមេរិកស៊ីលេងៗ ហើយរឿងអីគេមិនខឹង»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាង នៅក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក ខាងមុខនេះ សម្ដេចត្រូវតែហ៊ាននិយាយប្រាប់លោក ដូណាល់ត្រាំ ត្រង់ៗពីបញ្ហានេះ ប្រសិនអាមេរិកយល់ពីទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក ហើយសម្ដេចតេជោ ហ៊ុន សែន ក៏ចង់ឲ្យអាមេរិកពិចារណារឿងនេះ ឲ្យបានច្បាស់លាស់ផងដែរ សម្រាប់កម្ពុជា។
សូមជម្រាបថា ជនបរទេសណាដែលចង់ធ្វើដំណើរ ទៅសហរដ្ឋអាមេរិក ជាទូទៅពួកគេត្រូវតែទទួលបានទិដ្ឋាការអាមេរិកជាមុនសិន ហើយទិដ្ឋាការនេះ ត្រូវបិតភ្ជាប់នៅក្នុងលិខិតឆ្លងដែន ដែលជាឯកសារសម្រាប់ធ្វើដំណើរផ្តល់ ដោយរដ្ឋាភិបាលនៃប្រទេសសញ្ជាតិរបស់ពួកគេ៕