(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងយ៉ាងច្បាស់ៗថា «គ្រប់ប្រទេសទាំងអស់លើសកលលោក កាលណាបើគេបង្កើតស្ថាប័ននគរបាល ស្ថាប័នយោធាមក គឺដើម្បីប្រើប្រាស់ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មិនមែនបង្កើតមកដើម្បីទុកក្នុងអង្គភាពទទេរៗទេ ចំណែកការដាក់ពង្រាយកម្លាំងសមត្ថកិច្ច នាអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់ កន្លងទៅ គឺដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ មិនមែនដាក់ដើម្បីគំរាមកំហែងប្រជាពលរដ្ឋនោះទេ»។
សម្ដេចក្រឡាហោម ថ្លែងបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នាអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយសម្ដេច ស ខេង និងប្រធាន ស៊ុក ប៊ុនហុក ក៏បានវាយតម្លៃដែរថា ដំណើរការបោះឆ្នោត និងការការពារសន្តិសុខ មានភាពល្អប្រសើរទូទាំងប្រទេស គ្មានបញ្ហាធ្ងន់ធ្ងរនោះឡើយ។
ការបញ្ជាក់នេះ ដោយសារកន្លងមក ចេះតែមានអ្នករិះគន់អំពីការដាក់ពង្រាយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ក៏ដូចជាកម្លាំងយោធា នាពេលបោះឆ្នោតឃុំ-សង្កាត់ នៅទូទាំងប្រទេស ដោយពួកគេបានលើកឡើងថា ជាការគំរាមកំហែងដល់សុវត្ថិភាពប្រជាពលរដ្ឋ ជាការបំភិតបំភ័យដល់ប្រជាពលរដ្ឋ និងគណបក្សនយោបាយជាដើម។
ប្រការនេះ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឆ្លើយតបវិញថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ច នាពេលបោះឆ្នោតនោះ មិនមែនជាការគំរាមកំហែង បំភិតបំភ័យប្រជាពលរដ្ឋអ្វីនោះទេ តែជាការការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការពារសុវត្ថិភាពជូនប្រពលរដ្ឋ ដែលទាំងអស់នេះ គឺជាប្រយោជន៍របស់ប្រជាពលរដ្ឋទៅវិញទេ ព្រោះកម្លាំងសមត្ថកិច្ច បើត្រូវបានបង្កើតហើយ គឺដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ មិនមែនបង្កើតឡើង សម្រាប់ទុកតែក្នុងអង្គភាពចោលទទេរៗឯណា។
សម្ដេចថ្លែងយ៉ាងដូច្នេះថា «ជាធម្មតាទេ គ្មានប្រទេសណា មិនប្រើកម្លាំងដើម្បីរក្សាសន្តិសុខនោះទេ ព្រោះថាគេបង្កើតកម្លាំងមក គឺដើម្បីពង្រាយការពារ រក្សាសន្តិសុខហ្នឹងហើយ បើបង្កើតមកទុកក្នុងផ្ទះដដែល បង្កើតមកធ្វើអី?»។
សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តថា បើគ្មានការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ដើម្បីការងារសន្តិសុខនៅពេលបោះឆ្នោតនោះ មិនដឹងថា នឹងមានរឿងអវិជ្ជមានអ្វីខ្លះ កើតឡើងនៅពេលអវត្តមានកម្លាំងការពារនោះទេ ហើយបើកើតមានបញ្ហាដោយសារគ្មានកម្លាំងការពារពិតមែន នោះនឹងមានពាក្យរិះគន់ជាហូហែទៀតមិនខាន។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ កងកម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងនោះកម្លាំងនគរបាលមានចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមរភូមិន្ទ ១,៨៤៤នាក់៕