(ភ្នំពេញ)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលចិន និងបក្សកុម្មុយនីស្តចិន គឺលោក លីវ យ៉ុងសាន ជាសមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស នៃបក្សកុម្មុយនីស្តចិន បានអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អណត្តិទី៤ នាពេលកន្លងមកថ្មីៗនេះ។ 

ការអបអរសាទរពីមេដឹកនាំរដ្ឋាភិបាល មហាយក្សចិនខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមវេទិកាប្រទេសប្រ៊ិដ និងបានវិលត្រឡប់មកដល់កម្ពុជាវិញ នាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧។

លោកស្រី ម៉ែន សំអន បានថ្លែងថា នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ អំពីទំនាក់ទំនងទ្វេភាគីរវាងគណបក្សប្រជាជនកម្ពុជា ជាមួយគណ បក្សកុម្មុយនីស្តចិន និងមានទំនាក់ទំនង ល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ប្រជាជននិងប្រជាជន មានទំនាក់ទំនងគ្នាល្អ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ទំនាក់ទំនងនេះ បានពង្រឹងឈាន់ដល់ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅក្នុងសករាជថ្មីនេះ ភាគីទាំងពីរ (ចិន-កម្ពុជា) បានប្តេជ្ញាចិត្តថា បង្កើនទំនាក់ទំនងនេះឲ្យទៅជាទំនាក់ទំនងមិត្តភាពថ្មីមួយទៀត។ នៅក្នុងជំនួបនោះដែរលោក លី យ៉ុងសាន បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អណត្តិទី៤ នាពេលកន្លងមកថ្មីៗនេះ»

លោកបានបញ្ជាក់ថា កម្មាភិបាល នៃបក្សកុម្មុយនីស្តចិន មន្ត្រីរាជការ និងប្រជាជនចិនទាំងអស់ បានគោរព និងចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាមិត្តភក្តិស្មោះត្រង់របស់ចិន ហើយរដ្ឋាភិបាលចិន គ្រប់កាលៈទេសៈប្តេជ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្ររាជរដ្ឋាភិ
បាលកម្ពុជាក្នុងការដឹកនាំប្រទេស។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយអភិបាល ខេត្តហ្វូចៀន និងអគ្គលេខាធិការបក្សខេត្ត ដែលក្នុងជំនួបនោះភាគីទាំងពីរ បានពិភាក្សាគ្នាពីការធ្វើសម្ព័ន្ធមេត្រីភាព រវាងខេត្តចិន និងខេត្តក្រុងប្រទេសកម្ពុជា និងជំរុញអ្នកវិនិយោគទុនចិនមកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនទៀត៕