(ភ្នំពេញ)៖ ព័ត៌មានរបស់ Fresh News ផ្សាយថា៖ «លោក សម រង្ស៊ី ប្រកាសមិនទាន់វិលត្រឡប់មកកម្ពុជាវិញ បើទោះបីសម្តេចតេជោ ហ៊ុន សែន ដកបំរាមការរារាំងមិនឲ្យចូលក្នុងប្រទេសក៏ដោយ»។ នេះបង្ហាញថា សម រង្ស៊ី បង្កើតលេសមិនចេះចប់ ដើម្បីលាក់បាំងភាពកំសាករបស់ខ្លួន ! នេះទើបបានចំជាអ្នកក្លាហានក្របីស៊ីស្រូវ ហើយគេឲ្យគោរម្យងារនេះគឺមិនខុសទេ។
នៅក្នុងជីវិតមនុស្ស អ្វីដែលមនុស្ស «ខ្លាចខ្លាំងបំផុត» មាន២យ៉ាង៖ ទី១ គឺខ្លាចជាប់គុក និងទី២ គឺខ្លាចសេចក្តីស្លាប់។ ដូច្នេះជនកំសាកដូច សម រង្ស៊ី នេះគឺខ្លាចគុកជាទីបំផុតហើយ។ គ្មានឧបសគ្គអ្វីរារាំងទណ្ឌិត សម រង្ស៊ី ក្រៅពី «ខ្លាចជាប់គុក» នោះទេ។
កាលពីព្រេងនាយ មានរឿងនិទានច្រំដែលតំណាលថា៖ មានបុរសម្នាក់ប្រកាសប្រាប់អ្នកស្រុកថា គាត់នឹងទៅចង ក សម្លាប់ខ្លួន ដើម្បីក្លាយជាវីរៈបុរស។ បុរសនោះក៏ដើរចូលក្នុងព្រៃ។ មួយស្របក់គេក៏ឃើញបុរសនោះដើរ ចេញពីព្រៃមកវិញ។ គេសួរថា៖ ក្រែងទៅចង ក សម្លាប់ខ្លួន ហេតុម្តេចក៏ចេញពីព្រៃមកវិញ? បុរសនោះក៏តបថា អត់ហ៊ាននៅក្នុងព្រៃនោះយូរទេ ព្រោះខ្លាចពស់ចឹកងាប់។
ក្រោយមកទៀត បុរសដដែលក៏ប្រកាសប្រាប់គេទៀតថា គាត់នឹងឡើងចង ក សម្លាប់ខ្លួន នៅចុងស្វាយ។ តែគេមិនឃើញគាត់ហ៊ានឡើងចង ក នៅចុងស្វាយ នោះសោះ។ គេក៏សួរថា ម៉េចអញ្ចឹង? គាត់ថា អង្ក្រងនៅលើដើមស្វាយច្រើនពេក មិនហ៊ានឡើងទេ ខ្លាចអង្ក្រងខាំងាប់។
ថ្មីៗនេះបុរសដដែលក៏ប្រកាសម្តងទៀតថា គាត់នឹងលោតពីលើស្ពានសម្លាប់ខ្លួន។ តែគេមិនឃើញគាត់ហ៊ានលោតពីលើស្ពានសោះ។ គេសួរទៀតថា មូលហេតុអ្វីបានជាមិនហ៊ានលោតពីលើស្ពាន? បុរសនោះគាត់ថា មកពីទឹកហូរគួចខ្លាំងពេក!។
សូមបងប្អូនសម្រាន្តឲ្យបានលក់ស្ងប់ស្កល់ចុះ ដើម្បីភ្ញាក់ឡើងបន្តការងារតទៅទៀត។ រឿងរ៉ាវរវើរវាយរបស់អ្នកនយោបាយកំសាក គ្រាន់ជារឿងព្រេង១ពាន់១យប់ នៃវគ្គភូតភរគ្មានទីបញ្ចប់ប៉ុណ្ណោះ។
ជាការកត់សំគាល់ ជននេះមិនបានជួយអ្វីសូម្បីតែបន្តិចសោះ ដល់មាតុភូមិកម្ពុជារបស់យើង ពីព្រោះសូម្បីតែរបងវត្ត១ សាលារៀន១បន្ទប់ ផ្លូវ១ខ្សែ ឬយកសៀវភៅល្អៗ២០ ឬ៣០ក្បាលដាក់បណ្ណាល័យនោះ ក៏បុគ្គលនេះមិនដែលបានធ្វើផងទេ។ តើបុគ្គលនេះក្រខ្សត់ឬ? មិនមែនទេ! នេះគឺមកពីគាត់ជា បុគ្គលគ្មានចិត្តនឹងបរិច្ចាកអំពើបុណ្យ និងជាអ្នកនយោបាយគ្មានគុណធម៌ប៉ុណ្ណោះ។ មួយថ្ងៃៗ គាត់គិតតែរកវិធីបោកប្រាស់ប្រជាជន បំបែកបំបាក់ស្មារតីជាតិ តាមរយៈបម្រើមនោគមន៍វិជ្ជាបរទេស លាភពណ៌ ញុះញុង អុជអាល ប្រមាថ ភូតកុហក បំភ័ន្ត បំភ្លៃបំប៉នមហិច្ឆតាអំណាចដើម្បីការសងសឹកតែប៉ុណ្ណោះ។
សំណួរសាមញ្ញមួយចំពោះអ្នកក្លាហាន គង់ ហ៊ាន៖ តើការធ្វើអំពើល្អ ធ្វើអំពើត្រឹមត្រូវ គឺត្រូវតែរង់ចាំរហូតបានអំណាចតាមរយៈការបោកប្រាស់ប្រជាជនឬ? តែយ៉ាងណា ទេវតាពិតជាមានភ្នែកទិព្វ! ជនកំសាក និងពិសពុលរបៀបនេះ ពិតជាគ្មានសំណាងទេនៅក្នុងជាតិនេះ៕
ដោយ៖ ស្រីសរ