(ភ្នំពេញ)៖ សម រង្ស៊ី កំសាកពិតជាកំសាកមែន! មិនដល់រយៈពេល១០ម៉ោងផង ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបបម្រាមទាំងឡាយ ដែលហាមឃាត់យន្តហោះមិនឲ្យដឹកលោកវិលមកកាន់ប្រទេសកម្ពុជាវិញ សម រង្ស៊ី អ្នកនយោបាយអង្ករកំប៉ុងរូបនេះ បានប្រកាសថា ខ្លួននឹងមិនទាន់វិលត្រឡប់ចូលមកកម្ពុជាវិញទេ លុះត្រាឧបសគ្គនានាត្រូវបានដោះស្រាយ ដើម្បីសុវត្ថិភាពរបស់លោកជាមុនសិន។
អ្វីដែលជាឧបសគ្គពិតសម្រាប់ទណ្ឌិត សម រង្ស៊ី នោះត្រូវគេដឹងគឺ «គុក»។ សម្តីរបស់ សម រង្ស៊ី នេះ គឺផ្ទុយពីអ្វីដែលខ្លួនបាននិយាយបែបខែងរ៉ែងនៅក្នុងវេទិកា អ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ថា«លោកមិនខ្លាចជាប់គុកនោះទេ ប្រសិនបើលោក ហ៊ុន សែន បើកច្រកពេលណាគឺលោកនឹងធ្វើដំណើរ ទៅកម្ពុជាពេលនោះ»។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងការលើកពេលរបស់ សម រង្ស៊ី មិនអាចវិលចូលស្រុកភ្លាមដូចតាមការប្រកាសរបស់ខ្លួនថា «គាត់ប្រកាសមិនខ្លាចគុក ចុះម៉េចមិនមករកគុក។ បើគុកជាឧបសគ្គ មួយជីវិតនេះគាត់នឹងមិនត្រឡប់មកវិញទេ»។
ឥឡូវនេះអ្នកក្លាហាន សម រង្ស៊ី បានក្លាយជាខ្លាក្រដាសទៅហើយ បានប្រកាសមិនវិលវិញឡើយ ទាល់តែមានការលើកលែងទោសសិន។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី១៥ ខែមិថុនា នេះថា សម្តេចនឹងមិនចុះហត្ថលេខាស្នើសុំព្រះរាជលើកលែងទោសពីព្រះមហាក្សត្រដល់សម រង្ស៊ីទេ ព្រោះសម្តេចបានធ្វើ ពីរដងរួចមកហើយ និងគ្មានឡើយលើកទី៣ទេ និងសន្យាថា បើចុះហត្ថលេខាស្នើសុំលើកលែងទោស សម្តេចនឹងកាត់ដៃស្តាំចោល។ តាមពិតទៅ សម រង្ស៊ី មិនមែនជាអ្នកក្លាហានអ្វីឡើយ សូម្បីតែពាក្យសម្តីរបស់ខ្លួនមិនគោរពផង បន់បែន ក្រឡិចក្រឡុករាប់រយជំពូក។ មនុស្សយកសម្តី ដំរីគេយកភ្លុក! តែមនុស្សដូច សម រង្ស៊ី ប្រែប្រួលសម្តីដូច ផ្លេកបន្ទោល តើឱ្យរាស្ត្រជឿទុកចិត្តម្តេចនឹងបាន? សកម្មភាពរបស់បុគ្គល សម រង្ស៊ី នាពេលកន្លង ទៅគ្មានអ្វីក្តីពីការ ធ្វើនយោបាយសងសឹក គំនុំគ្រួសារឡើយ ហើយក៏គ្មានអ្វីក្រៅពីការធ្វើនយោបាយបោកប្រាស់រាស្ត្រ ញុះញង់ លាប ពណ៌ និងបញ្ឆេះកំហឹង វណ្ណៈសង្គម និងបង្កើតឱ្យមានការរើសអើងប្រកាន់ជាតិសាសន៍ប៉ុណ្ណោះ។ បើដឹងខ្លួនថាត្រឹម តែជាអ្នកក្លាហាន ក្នុងស្នូកទេ កុំវាចានាំតែខ្មាសគេនោះទេ! សកម្មជនបក្សប្រឆាំង និងប្រជារាស្ត្រខ្មែរទាំងមូលក៏បានដឹងច្បាស់ហើយថា សម រង្ស៊ី អតីតមេបក្សប្រឆាំងនេះ បានត្រឹមតែស្រែកញុះញង់ប៉ុណ្ណោះ ប៉ុន្តែសេចក្តី ក្លាហានស្ថិតនៅក្នុងស្នូកបាត់ទៅហើយ។ សម រង្ស៊ី ហ៊ានបង្កបញ្ហា ប៉ុន្តែមិនហ៊ានប្រឈមមុខច្បាប់ និងមិនហ៊ានដេកគុក ចាញ់តាំងកឹម សុខា ដែលធ្លាប់ដេក ក្នុងគុកព្រៃសជាច្រើនថ្ងៃ និងឃុំខ្លួនឯងនៅក្នុងទីស្នាក់ការបក្សជាច្រើនខែ។ នេះពិតជាអ្នកក្លាហានក្នុងស្នូកមែន!
ដោយ៖ ចៅចាក់ស្មុក
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក សម រង្ស៊ី និងលោក ជុន ច័ន្ទបុត្រ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧