(ពោធិ៍សាត់)៖ កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសតែងតែរអ៊ូរទាំរឿងស្រូវ ដំឡូងមី ម្រេច កៅស៊ូ និងជ្រូកចុះថ្លៃមិនអាចទូទាត់នឹងតម្លៃជី ចំណី និងកម្លាំងពលកម្មបាននោះទេ។ ឥឡូវនេះស្រាប់តែម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង នៅក្រុងពោធិ៍សាត់ ត្អូញត្អែររឿងក្រពើធ្លាក់ថ្លៃ មិនរួចថ្លៃដើមដែរ។
លោក ជិន លាងគី ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋចាប់យកមុខរបរចិញ្ចឹមសត្វក្រពើជាច្រើនកន្លែងដែរ ប៉ុន្តែពួកគេចិញ្ចឹមជាលក្ខណៈគ្រួសារ មិនបើកជាកសិដ្ឋានទ្រង់ទ្រាយធំដូចរូបលោកនោះទេ។ លោកបានលើកឡើងថា ពីមុនលោកបើកកសិដ្ឋានចិញ្ចឹមជ្រូក ប៉ុន្តែដោយសាររាជរដ្ឋាភិបាលបើកឲ្យនាំជ្រូកចូលពីបរទេស ធ្វើឲ្យតម្លៃជ្រូកក្នុងស្រុកធ្លាក់ចុះ ទើបលោកបោះបង់ចោលការចិញ្ចឹមជ្រូកមកចិញ្ចឹមសត្វក្រពើវិញម្ដង។
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរូបនេះ បានឲ្យដឹងទៀតថា ចាប់តាំងពីលោកចាប់ផ្ដើមចិញ្ចឹមសត្វក្រពើ នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០០៨ ដើម្បីយកកូនលក់ កសិដ្ឋានរបស់លោកមានក្រពើសរុបទាំងធំទាំងតូច ជាង៣០០០ក្បាល ក្នុងនោះពេញវ័យពងកូន៣០០ក្បាល កូនក្រពើវ័យ៣ឆ្នាំ មាន៧០០ក្បាល វ័យ២ឆ្នាំ មាន៨០០ក្បាល វ័យ០១ឆ្នាំ និងទើបតែញ៉ាស់ជាង១០០០ក្បាល។
លោកបានបន្ថែមថា សម្រាប់ចំណីឲ្យក្រពើស៊ីសព្វថ្ងៃ លោកបានទិញក្បាលត្រី និងឆ្អឹងត្រី ដែលសល់ចោលពីការធ្វើប្រហិតរបស់អាជីវករក្នុងផ្សារពោធិ៍សាត់ ក្នុង១គីឡូក្រាម ១៥០០រៀល បើមិនបំពេញតម្រូវការគ្រប់គ្រាន់ទេ លោកទិញត្រីទីឡាប់យ៉ាពីថៃ ក្នុង១គីឡូក្រាម២០បាត ដោយឲ្យស៊ីម្តង ចន្លោះពី០៧ថ្ងៃ ទៅ១០ថ្ងៃ ហើយក្រពើធំមួយក្បាលស៊ីម្ដង ពី២ទៅ៣គីឡូក្រាម។
លោកបានបញ្ជាក់ផងដែរថា ក្នុងមួយឆ្នាំក្រពើពងតែម្ដងទេ គឺក្នុងអំឡុងខែកុម្ភៈ និងខែមីនា ដែលមេខ្លះមួយក្បាលពងចន្លោះពី៣០ ទៅ៤០ពង ក្រពើមេដែលចាប់ផ្ដើមពងដំបូងក្នុងមួយក្បាល តម្លៃពី៥០០ទៅ៦០០ដុល្លារ និងអាយុលើសពី១០ឆ្នាំឡើងទៅ តម្លៃ១២០០ដុល្លារ។ ចំណែកកូនក្រពើពីមុន មួយក្បាលតម្លៃពី២៧ទៅ៣០ដុល្លារ, ឆ្នាំ២០១៦ចុះមកនៅត្រឹម១៧ដុល្លារ ហើយដើមឆ្នាំ២០១៧នេះ ធ្លាក់នៅសល់១៥ដុល្លារ និងមកដល់ខែមិថុនានេះ ធ្លាក់មកដល់១២ដុល្លារឯណោះ។
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរូបនេះ បានសំណូមពរដល់រាជរដ្ឋាភិបាល ជួយរកទីផ្សារ ឫបង្កើតជាសមាគមអ្នកចិញ្ចឹមក្រពើ ដើម្បីលក់បានថ្លៃឡើងវិញ បើមិនដូច្នេះទេប្រជាពលរដ្ឋ អាចនឹងបោះបង់ការចិញ្ចឹមក្រពើនេះជាមិនខាន។
គួរឲ្យកត់សម្គាល់ផងដែរថា ដំណាំកសិផល ឫផលិតផលក្នុងស្រុក ដែលផលិតដោយប្រជាពលរដ្ឋខ្មែរ គ្មានជាតិគីមីតែងមានតម្លៃថោកជាងទំនិញនាំចូលពីបរទេស ដែលពោរពេញទៅដោយជាតិគីមី។ ម្យ៉ាងវិញទៀត អ្វីដែលកំពុងមានតម្លៃ ហើយប្រជាពលរដ្ឋខ្មែរខិតខំចិញ្ចឹម និងដាំដុះនោះ លុះពេលបានផលច្រើន បែរជាចុះថោកមិនរួចថ្លៃដើមទៅវិញ។ ជាក់ស្ដែងដូចជាស្រូវ ពោត ដំឡូងមី ម្រេច កៅស៊ូ ការចិញ្ចឹមជ្រូក និងក្រពើនេះជាដើម បើរាជរដ្ឋាភិបាល និងក្រសួងដែលមានកាតពាក់ព័ន្ធមិនអាចទប់ស្កាត់ និងធ្វើកំណែទម្រង់បានទេ កូនចៅប្រជាពលរដ្ឋមួយចំនួនធំ នៅតែបន្តធ្វើចំណាកស្រុកទៀតជាមិនខាន៕