(កំពង់ស្ពឺ)៖ លំនៅដ្ឋាន២ខ្នងថ្មក្រោមឈើលើ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងគ្មានសល់ ដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមិនតិចម៉ឺនដុល្លារនោះទេ ដោយសារតែឆ្លងចរន្ដអគ្គិសនី។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពងស្ពឺ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ករណីអគ្គិភ័យដែលបានឆាបឆេះ លំនៅដ្ឋានប្រជាពលរដ្ឋអស់២ខ្នងនោះ សមត្ថកិច្ចជំនាញមិនអាចជួយទាន់នោះទេ ដោយសារតែផ្លូវចូលទៅកាន់ទីនោះពិបាករថយន្តពន្លត់អគ្គិភ័យចូលទៅដល់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ផ្ទះជនរងគ្រោះទី១៖ឈ្មោះ ងិន ធី អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ នួន សុខុម អាយុ៥៥ឆ្មាំ ដែលផ្ទះខ្នងថ្មក្រោមឈើលើ ទំហំ ៩ម៉ែតគុណ១០ម៉ែត រងការខូចខាតផ្ទះទាំងស្រុង និងរថយន្ត២គ្រឿង, ទី២៖ម្ចាស់ផ្ទះឈ្មោះ ដួង ឡាយ ភេទប្រុស អាយុ៥០ឆ្នាំ ដែលមានផ្ទះទំហំ ៨ម៉ែតគុណ៨ម៉ែត ឆេះខ្ទេចទាំងស្រុង និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនផងដែរ។ ចំពោះមូលហេតុ ដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះលំនៅដ្ឋានទាំង២ដោយសារឆ្លងចរន្តអគ្គិសនី។
យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ កម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញប្រតិបត្តិការចេញជួយបាញ់ពន្លត់ចំនួន ៤គ្រឿងភ្លាមៗ ប៉ុន្តែដោយសារផ្លូវពិបាកចូលទៅទើបមានការយឺតយ៉ាវបន្តិច។
បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានបានចុះសាកសួរសុខទុក្ខ និងចូលសោកស្តាយបំផុត ចំពោះហេតុការណ៍គ្រោះអគ្គីភ័យនេះ ព្រមទាំងនាំយកនូវសម្ភារៈមួយចំនួន ដើម្បីដោះស្រាយការលំបាកបណ្តោះអាសន្នផងដែរ៕