(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានលោកនាយកសាលាភូមិភាគ៣ ខេត្តកំពង់ស្ពឺ អញ្ជើញមកធ្វើបាឋកថា ផ្តល់បទពិសោធន៍ ជូនសិក្ខាកាមនគរបាលជាតិ ដែលជ្រើសរើសថ្មីកំពុងបំពេញការសិក្សា នៅសាលាភូមិភាគ៣ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
សន្ទរកថាស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី វៀក សុភាព នាយកសាលាភូមិភាគ៣ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិ លើកទី២សម្រាប់សិស្ស នាយនគរបាល នាយនគរបាលរង ដែលជាបេក្ខជនក្របខ័ណ្ឌថ្មី បានបើកវគ្គរៀនសូត្រនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ មានសិស្សមកពី៥ខេត្តមាន កំពង់ស្ពឺ, កំពត, កោះកុង, តាកែវ និងខេត្តព្រះសីហនុ សិស្សសរុប ចំនួន១៩៣នាក់ ស្រី៥៥នាក់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានផ្តល់ជាអនុសាសន៍មួយចំនួន ជូនដល់សិស្ស ជុំវិញនៃកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គមជូនប្រជាពលរដ្ឋ ក្នុងនោះលោកស្នងការ បានផ្តល់ជាអនុសាសន៍ ៥ចំណុច៖ ទី១៖នគរបាលគ្រប់រូប ត្រូវគោរពវិន័យ គោរពតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើ, ទី២៖អនុវត្តដោយហ្មឺងម៉ាត់ ប្រកបដោយឆន្ទៈ និងមានប្រសិទ្ធភាព, ទី៣៖បំពេញការងារ ប្រកបទៅដោយវិជ្ជាជីវៈ និងសីលធម៌, ទី៤៖សំដែងនូវភាពស្មោះត្រង់ ជានិច្ច និងទី៥៖ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ និងមានទំនាក់ទំនងល្អជាមួយមហាជន។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បាននាំយកសម្ភាមួយចំនួនដូចជា ទឹក៣០កេះ, មី២កេះ, ត្រីខ២កេះ និងទឹកក្រូច៥កេះ ទៅជួយឧបត្ថម្ភដល់សិក្ខាកាមផងដែរ៕