(ព្រះសីហនុ)៖ កម្លាំងមន្ទីរយុត្ដិធម៌ នៃបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុចក្រុម១០ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី៖ឈ្មោះ លី អាង អាយុ២៣ឆ្នាំ និងទី២៖ឈ្មោះ ឈុន អាន អាយុ១៦ឆ្នាំ ដោយក្នុងនោះ ដកហូតបានថ្នាំញៀនប្រភេទម្ស៉ៅក្រាមសថា្ល១៥កញ្ចប់ និងទូរស័ព្ទដៃ២គ្រឿង។
បើតាមលោកមេបញ្ជាការ សម្រាប់បទល្មើសគ្រឿងញៀនខាងលើនេះ កម្លាំងជំនាញរបស់លោកបាននិងកំពុងធ្វើការស្រាវជ្រាវដូចភ្លៀងរលឹម ដែលទាំងនេះគឺជាបទបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕