(ភ្នំពេញ)៖ ក្មេងប្រុសជំទង់វ័យ១៥ឆ្នាំម្នាក់ ត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះ ស្វែងរករហូតឃើញនៅម្ដុំវត្តទួលសង្កែ ហើយឃាត់ខ្លួនយកទៅប្រគល់ឲ្យ នគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីសាកសួរទាក់ទិនរឿងនាំកូនស្រីរបស់គាត់ មានវ័យទើបតែ១៣ឆ្នាំ ទៅមើលបាល់ទាត់ ហើយឆ្លៀតឱកាសលួងលោមបបួលទៅរំលោភទាល់តែបានសម្រេច នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះសំណាក់ «ឡូលីដេយ៍» ស្ថិតតាមបណ្ដោយផ្លូវ១០៥ ក្នុងក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
លោកអនុសេនីយ៍ទោ នង សាប៊ុង នាយនគរបាលប៉ុស្ដិ៍ស្ដីទីទួលសង្កែ បានបញ្ជាក់ថា ការសម្រេចឃាត់ខ្លួនក្មេងប្រុសខាងលើនេះដែរ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះ បាននាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ច ដើម្បីបន្តស្រាវជ្រាវរឿងបបួលកូនស្រីគាត់ ទៅមើលបាល់ទាត់នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកទាំងយប់អាធ្រាត។
លោកអនុសេនីយ៍ទោ នង សាប៊ុង បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនបានតែប៉ុន្មានម៉ោងក្រោយ ស្រាប់តែបែកធ្លាយរឿង ក្រោយពីពួកគេទាំង២នាក់ មើលបាល់ទាត់រួច ជនសង្ស័យបានបបួលលួងលោមក្មេងស្រី ក្នុងបំណងចូលទៅដេកនៅផ្ទះសំណាក់យីហោ «ឡូលីដេយ៍» ដើម្បីរំលោភសេពសន្ធវៈ រហូតទាល់តែបានសម្រេចនៅយប់នោះតែម្ដង។
លោកបន្ថែមថា ជនសង្ស័យឈ្មោះ អ៊ុំ សារ៉ាន់ វ័យ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ៣៣៥ ស្ថិតក្នុងក្រុម៦ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ រីឯក្មេងស្រីរងគ្រោះ វ័យ១៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាសិស្សសាលាអន្តរជាតិប៊ែលធី ស្នាក់នៅជាមួយអាណាព្យាបាល ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
ក្រោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ ត្រូវបាននគរបាលប៉ុស្ដិ៍ទួលសង្កែ រៀបចំឯកសារបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីអនុវត្តបន្តនិតិវិធី៕