(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ អញ្ជើញចែកសញ្ញាបត្រជូនដល់និស្សិត សកលវិទ្យាល័យបញ្ញាសាស្រ្តនៅវិទ្យាស្ថានជាតិអប់រំ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះនិស្សិត ដែលបានប្រឹងប្រែងធ្វើការងារពេលថ្ងៃ ហើយឆ្លៀតពេលប្រឹងប្រែងរៀនសូត្រនៅពេលយប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងយុវជនជំនាន់មុនឈឺចាប់ណាស់ ដោយសារភ្លើងសង្រ្គាម តែយុវជននាពេលបច្ចុប្បន្នមានឱកាសច្រើនសម្រាប់ការសិក្សា។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យុវជននាពេលបច្ចុប្បន្នមានសំណាងច្រើន ដូច្នេះត្រូវរៀបចំផ្លូវសម្រាប់បណ្តុះបណ្តាលយុវជន ដើម្បីពង្រឹងសមត្ថភាពយុវជន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរបុរសពិការម្នាក់ ដែលបានប្រឹងប្រែងដើរចាប់សរសៃ ដើម្បីរកថវិកាឲ្យសិក្សាប្រមាណ៨០០ដុល្លារក្នុងមួយឆ្នាំ នៅសាលាប៊ែលធី។ ទីបំផុតសម្តេច ក៏បានស្នើសុំឲ្យសាលានេះផ្តល់អាហារូបករណ៍ជូនកូនបុរសពិការម្នាក់នេះ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការប្រឹងប្រែង របស់បុរសពិការនេះថា ជាការចូលរួមចំណែកដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា។ សម្តេចតេជោ ថ្លែងថា គ្មានជោគជ័យណាមួយកើតឡើង ដោយគ្មានការចូលរួមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគលើវិស័យអប់រំ នៅតែជាកត្តាដ៏ចាំបាច់សម្រាប់បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចពិតជាសប្បាយរីករាយចំពោះភាពរីកចម្រើនលូតលាស់នៃធនធានមនុស្សនៅកម្ពុជា ហើយក៏បានថ្លែងកោតសរសើរលោក ហង់ ជួនណារ៉ុន ដែលបានប្រឹងប្រែងធ្វើកំណែទម្រង់លើវិស័យអប់រំ។
* នៅថ្ងៃនេះក្មួយរបស់សម្តេចម្នាក់ ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកាត់បន្ថយគម្លាតធនធានគឺជារឿងដែលលំបាក តែការកាត់បន្ថយគម្លាតចំណេះដឹងគឺជារឿងដែលត្រូវតែយកចិត្ត ទុកដាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្តើមចេញពីជីវិតជាយុវជនម្នាក់ ដែលចូលសមរភូមិនៅអាយុ២៥ឆ្នាំ កាន់មុខតំណែងជារដ្ឋមន្រ្តីការបរទេស ២៧ឆ្នាំ និងនាយករដ្ឋមន្រ្តី ៣២ឆ្នាំ ហើយដឹកនាំនាំប្រទេសឆ្លងកាត់ព្យុះសង្ឃរា រហូតឈានមកដល់ស្ថានភាពដូចពេលបច្ចុប្បន្ន ទើបជំរុញសម្តេចបានប្រឹងប្រែង យកចិត្តទុកដាក់ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់គ្រប់ប្រទេសលើពិភពលោក រួមទាំងអាមេរិកផងដែរ គឺមានការលំបាកក្នុងការកាត់បន្ថយគម្លាតធនធានទ្រព្យសម្បត្តិ ប៉ុន្តែការបន្ថយគម្លាតចំណេះដឹង គឺគេអាចធ្វើទៅបាន ព្រោះតែហេតុផលនេះ ហើយទើបរាជរដ្ឋាភិបាលប្រឹងប្រែងក្នុងការ បណ្តុះបណ្តាលទៅដល់ កូនចៅប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ ជូនមន្រ្តីរាជការក្នុងវិស័យអប់រំ និងសុខាភិបាល គឺជាការសម្រេចត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំពើភេរវកម្មដែលបង្កឡើងដោយក្រុម ISIS ជាសំណុំបញ្ហាដ៏ស៊ាំញាំមួយ ដែលលំបាកក្នុងការដោះស្រាយ ហើយអាចធ្វើសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកាត់ជំនួយអភិវឌ្ឍន៍របស់អាមេរិក គឺធ្វើឡើងគ្រប់ប្រទេសនៅលើពិភពលោក មិនមែនមានតែកម្ពុជានោះទេ។ សម្តេចតេជោថា ការកាត់បន្ថយជំនួយអភិវឌ្ឍន៍របស់អាមេរិក មិនប៉ះពាល់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ ហើយបើចង់កាត់ ១០០ភាគរយ ក៏មិនប៉ះពាល់ដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឆ្នាំ២០១៧នេះ សម្តេចតេជោ នឹងប្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពី រឿងធ្វើទិដ្ឋាការទៅកាន់អាមេរិក ដែលជាប់និងធ្លាក់សុទ្ធតែយកលុយក្នុងតម្លៃ ១៥០ដុល្លារ។ សម្តេចចង់ឲ្យអាមេរិក គិតឡើងវិញលើបញ្ហានេះ។ សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យអាមេរិកពិចារណា រឿងយកលុយថ្លៃធ្វើទិដ្ឋាការទៅអាមេរិក ចំពោះអ្នកសម្ភាសន៍មិនជាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសជាច្រើនសុទ្ធតែបានស្វែងរកទីផ្សារការងារ នៅក្រៅប្រទេស មិនមែនតែប្រទេសកម្ពុជានោះឡើយ ហើយប្រទេសដែលត្រូវការកម្លាំងពលកម្មច្រើនជាងគេ គឺប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ សម្តេចតេជោ បន្តថា ការស្វែងរកទីផ្សារការងារនៅក្រៅប្រទេសនេះ មានការប្រកួតប្រជែងគ្នាថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា កំពុងកាន់តែតួនាទីលើឆាកអន្តរជាតិមួយចំនួន ដែលជាមោទនភាពសម្រាប់កម្ពុជា។ តែសម្តេចថា យើងមិនត្រូវមោទនភាពខ្លាំងចំពោះខ្លួនឯងនោះទេ តែក៏មិនត្រូវបន្ទាបខ្លួនឯងពេកនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា បើទោះបីកម្ពុជារងការវាយប្រហារលើកងកម្លាំង នៅប្រទេសអាហ្វ្រិកកណ្តាលយ៉ាងណាក្តី តែកម្ពុជាមិនរាថយ ក្នុងការបញ្ជូនកងកម្លាំងទៅចូលរួមសកម្មភាពរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងធ្វើឲ្យការ បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ បានប្រព្រឹត្តទៅដោយជោគជ័យ និងល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់នេះថា ជារឿងល្អប្រសើរ ព្រោះគណបក្សនយោបាយទាំងអស់ សុទ្ធតែបានបង្ហាញពីជ័យជម្នះ។ បើទោះបីយ៉ាងណាសម្តេចអបអរសាទរចំពោះ ដំណើរការនៃការបោះឆ្នោត ប្រព្រឹត្តដោយបរិយាកាសល្អប្រសើរ ផ្ទុយពីបណ្តាប្រទេសមួយចំនួនរាល់ពេលបោះឆ្នោតតែងមានហិង្សា និងមានអ្នកស្លាប់។
* សម្តេចតេជោ បានផ្តាំទៅលោក ប្រេត អាដាម ឲ្យឈប់ចងកម្មចងពារ ជាមួយប្រទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍រិះគន់ការបោះឆ្នោតនៅកម្ពុជា ខណៈប្រទេសនានា រួមទាំងអាមេរិកផងសរសើរពីភាពល្អប្រសើរ នៃដំណើរការបោះឆ្នោតនេះ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើទៅអ្នកលេង Facebook ដែលចូលចិត្តជេរប្រមាថថា បង្ហោះនៅទីណាក៏គេដឹងដែរ។ សម្តេចតេជោ ហ៊ុន សែន សម្តែងការភ្ញាក់ផ្អើលពេលឮគេជេរថា «អាចោរថង់យាម» ដែលជាពាក្យរបស់លោក ឃឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅសំដៅទៅលើព្រះសង្ឃ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលបោះឆ្នោតសម្រាប់គណបក្សកាន់អំណាច គិតសំខាន់ជាងគេ គឺការរក្សាបានស្ថេរភាព ដែលផ្ទុយពីគណបក្សនយោបាយក្រៅរដ្ឋាភិបាល គឺគិតតែរឿងឈ្នះតែមួយមុខប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅនេះ បានធ្វើឲ្យគណបក្សនយោបាយទាំងអស់ធ្វើការ ជាមួយគ្នានៅតាមមូលដ្ឋាន ហើយសម្តេចជំរុញឲ្យគណបក្សនយោបាយជាប់ឆ្នោត ត្រូវប្រឹងប្រែងធ្វើ និងសម្រេចតាមការសន្យារបស់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន ថា ការស្វែងរកតម្លៃសម្រាប់កសិផល គឺជារឿងដែលប្រជាពលរដ្ឋ នឹងសម្លឹងមើល បន្ទាប់មកគឺរឿងលុបបំណុលពីគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ។ សម្តេចថ្លែងថា ការសន្យាធំពេក បើធ្វើមិនបាននោះប្រជាពលរដ្ឋនឹងមើលឃើញហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស.ជ.ណ រារាំងលោក សម រង្ស៊ី មិនឲ្យចូលស្រុកកាលពីឆ្នាំ២០១៦ គឺជាការការពារអាយុជីវិតជូនលោក សម រង្ស៊ី តែមិនគួរលោក សម រង្ស៊ី យកទៅវាយប្រហារបង្កាច់បង្ខូចរាជរដ្ឋាភិបាល។ សម្តេចថា សម្តេចសុខចិត្តខ្មាសអៀន មិនឲ្យឈាមខ្មែរហូរទេ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឲ្យតែលោក សម រង្ស៊ី ជាន់ដីខ្មែរច្បាស់ណាស់សមត្ថកិច្ចនឹងចាប់ខ្លួន ព្រោះវាជាអំណាចរបស់តុលាការ
* សម្តេចតេជោ ថ្លែងខ្លាំងៗឌឺឲ្យលោក សម រង្ស៊ី បានសន្យាថា មិនខ្លាចគុក ហេតុអ្វីមិនធ្វើដំណើរមករកគុក។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការងឿងឆ្ងល់ថា គណបក្សសង្រ្គោះជាតិមានលោក កឹម សុខា ជាប្រធាន តែហេតុអ្វីបានជាលោក សម រង្ស៊ី ថ្លែងប្រកួត ប្រជែងតំណែងនាយករដ្ឋមន្រ្តីជាមួយសម្តេចទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងស្វាគមន៍ដំណើរចូលមកកម្ពុជារបស់លោក សម រង្ស៊ី ហើយចង់ចូល តាមផ្លូវណា ក៏បាន។ តែទោះជាយ៉ាងណាសម្តេចសម្តែងការនឹកស្មានមិនដល់ ដែលលោកសម រង្ស៊ី បានផ្លាស់ប្តូរចិត្ត (មិនចូលស្រុក) ក្នុងរយៈពេលមិនដល់ ១០ម៉ោងផងនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឌឺឲ្យលោក សម រង្ស៊ី ថា មួយជីវិតនេះ លោក សម រង្ស៊ី នឹងមិនត្រឡប់ចូលស្រុកខ្មែរនោះទេ បើដរាបណា គុក នៅតែរង់ចាំរូបលោកនោះ។
* ថវិកាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់សិស្សទទួលសញ្ញាបត្រត្រូវបានដំឡើងពី ៣ម៉ឺន មកដល់ ៥ម៉ឺនរៀល ខណៈថវិកាជូនគ្រូៗ ក៏បានឡើងពី ៤ម៉ឺន មកដល់ ១០ម៉ឺនរៀល។ សម្តេចតេជោថា បើកំណើនសេដ្ឋកិច្ចឡើងដល់ ៧ភាគរយហើយ ហេតុអ្វីប្រាក់ឧបត្ថម្ភសម្រាប់និស្សិត និងគ្រូ ក្នុងពេលចែកសញ្ញាបត្រដំឡើងមិនបាន?
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង១០៖១០នាទីនាព្រឹកថ្ងៃដដែលនេះ, សូមអរគុណចំពោះទស្សនការផ្សាយផ្ទាល់៕