(ភ្នំពេញ)៖ ទោះបីជាមានការលុបចោលនូវបំរាម សម្រាប់ការចូលប្រទេសកម្ពុជាក៏ដោយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសថា លោកនឹងមិនទាន់ត្រឡប់មកកម្ពុជាឡើយ លុះត្រាឧបសគ្គនានា ត្រូវបានដោះស្រាយ ដើម្បីសុវត្ថិភាពរបស់លោក។
ការអះអាងរបស់លោក សម រង្ស៊ី ត្រូវបានធ្វើឡើងនៅលើបណ្តាញសង្គម Twitter នាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) ថ្មី ដោយលុប ស.ជ.ណ ចាស់ ដែលរារាំងដល់ការ វិលត្រឡប់ចូលស្រុកវិញរបស់ លោក សម រង្ស៊ី ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
លោក សម រង្ស៊ី បានសរសេរយ៉ាងដូច្នេះថា៖ «When all obstacles to my safe return and freedom of movement are cleared, I will return to #Cambodia. #SamRainsy» ដែលមានន័យថា «នៅពេលរាល់បញ្ហាទាំងអស់ដែលរារាំងការវិលត្រឡប់របស់ខ្ញុំទៅកម្ពុជា និងសេរីភាពក្នុងការធ្វើចលនាផ្សេងៗត្រូវបានដោះស្រាយ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ»។
នៅយប់ថ្ងៃទី១៤ ខែមិថុនាដដែលនេះលោក សម រង្ស៊ី បានបង្ហោះខ្លឹមសារបន្ថែមទៀតថា «ខ្ញុំត្រូវតែធ្វើឱ្យប្រាកដក្នុងចិត្តថា ខ្ញុំមិនមែនជាមនុស្សទីមួយក្នុងចំណោមមនុស្ស១០០ ទៅ២០០នាក់ផ្សេងទៀត ដែលហ៊ុនសែន កំពុងពិចារណា ថាត្រូវកម្ចាត់ចោលនោះទេ»។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) ថ្មី មួយ ដោយសម្រេចលុប ស.ជ.ណ ចាស់ ដែលរារាំងដល់ការ វិលត្រឡប់ចូលស្រុកវិញរបស់ លោក សម រង្ស៊ី ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
សូមជំរាបថា មន្រ្តីជាន់ខ្ពស់មួយរូបនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះប្រាប់បណ្តាញ ព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះថា «ដរាបណាទណ្ឌិត សម រង្ស៊ី មិនទាន់ត្រូវបាន លើកលែងទោសនោះ កម្លាំងសមត្ថកិច្ចគឺអនុវត្តតាមដីការបស់តុលាការ ចាប់ខ្លួនតែម្តងប្រសិនបើគាត់ (សមរង្ស៊ី) ក្លាហ៊ានចូលស្រុកនោះ។ កម្លាំងសមត្ថកិច្ចនឹងដាក់ពង្រាយពេញអាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជា និងកម្លាំងគ្រប់ច្រកទ្វារអន្តរជាតិតាមព្រំដែន ដើម្បីចាប់ខ្លួនវាយខ្នោះ បញ្ជូនទៅកាន់ដាក់ទោស»។
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹងមួយជម្រាបជូនលោក នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការបង្ការទុកមុន ក្នុងការទប់ស្កាត់បុគ្គល សម រង្ស៊ី កុំឲ្យវិលចូលប្រទេសវិញ ដោយដែលបាន ណែនាំដល់មន្រ្តីនានា, មានទាំងមន្រ្តីអាកាសចរស៊ីវិល, ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជា, មន្រ្តីគយតាមច្រកព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិ ទាំង៣...។ល។ ទប់ស្កាត់ចំពោះការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលកំពុងមានទោសទណ្ឌតាមផ្លូវច្បាប់។
ទោះជាយ៉ាងនេះក្តី លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ បានអបអរសាទរ ចំពោះសេចក្តីជូនដំណឹងថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយអះអាងថា ពេលនេះបក្សប្រឆាំងមិនទាន់រៀបចំពេលវេលាសម្រាប់ការវិលត្រឡប់ របស់អតីតប្រធានបក្សរបស់ខ្លួននៅឡើយទេ ប៉ុន្តែថា លោក សម រង្ស៊ី នឹងវិលត្រឡប់ចូលកម្ពុជា នៅមុនការបោះឆ្នោត ឆ្នាំ២០១៨ ទោះបីត្រូវជាប់ពន្ធនាគារក៏ដោយ។
យ៉ាងណាក៏ដោយ អ្វីដែល លោក សម រង្ស៊ី លើកឡើងពេលនេះ គឺហាក់ផ្ទុយនឹងអ្វីដែល លោក បានផ្តល់បទសម្ភាសដល់ វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ដែលអះអាងថា បើសិនជាមានការបើកផ្លូវ ដោយលុបបំរាម ចំពោះការចូលស្រុករបស់លោកនោះ លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាភ្លាមៗតែម្តង៕