(ព្រះវិហារ)៖ ក្រោយទទួលបានដំណឹងភ្លាម កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានសហការគ្នាធ្វើការឡោមព័ទ្ធទីតាំង ដឹកជញ្ជូនឈើខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ពេលចូលទៅដល់ទីតាំង ឃើញសុទ្ធតែល្អៗប្រភេទលេខ២ ពេញក្នុងរថយន្តយីឌុបមួយគ្រឿង ដែលគេបានលើកដាក់លើរថយន្តខ្នាតធំនេះ ចំណែកម្ចាស់ឈើ បានរត់គេចខ្លួនបាត់ មុនពេលកម្លាំងសមត្ដកិច្ចទៅដល់។
ប្រតិបត្តិការបង្ក្រាបបទល្មើសឈើខុសច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការសម្របសម្រួលពីលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តព្រះវិហារ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើត្បែងមានជ័យ សរុបកម្លាំងសមត្ថកិច្ចចំនួន ១៥នាក់ ប្រើប្រាស់រថយន្ត ៥គ្រឿង ជាមធ្យោបាយសម្រាប់ប្រតិបត្តិការ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តខ្នាតធំ១គ្រឿង ម៉ាកយីឌុប ពាក់ស្លាកលេខ 3A-1644 ដែលផ្ទុកឈើប្រភេទលេខ២ ពេញក្នុងរថយន្ត រីឯអ្នកបើករថយន្ត មុនពេលសមត្ថកិច្ចទៅដល់ ក៏បានរត់គេចខ្លួនបាត់ ស្រមោលតែម្ដង។
លោកឧត្តមសេនីយ៍ត្រីបានបន្តថា បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសឈើនេះ ចំណែករថយន្ត និងឈើខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីចាត់ការតាមនីតិវិធីតាមច្បាប់។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រលប់ថ្ងៃនេះថា ករណីនេះ កម្លាំងសមត្ថកិច្ចកំពុងតែត្រួតពិនិត្យមើលឯកសារ ហើយក៏មិនទាន់ដឹងថា ឈើនោះមានចំនួនប៉ុន្មាននៅឡើយទេ។
លោក អ៊ុន ចាន់ដា ក៏បានកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចចម្រុះផងដែរ ដែលបានខិតខំតាមបង្រ្កាបបទល្មើសដឹកជញ្ជូន ឈើដោយខុសច្បាប់ បានជាបន្តបន្ទាប់ ហើយលោកទទូចឲ្យកម្លាំងសមត្ថកិច្ចទូទាំងខេត្ត ត្រូវខិតខំបង្ក្រាបករណីដឹកឈើខុសច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ក្នុងគោលបំណងការពារធនធាន ធម្មជាតិឲ្យនៅគង់វង់៕