(សៀមរាប)៖ លោក ស៊ុ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និង ឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាន ការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ បានជួបប្រជុំពិភាក្សាអំពីសកម្មភាព សាងសង់សំណង់ ដីចាក់បំពេញខុសច្បាប់ នានា ដែលកើតមានក្នុងរមណីយដ្ឋានអង្គរនាពេលថ្មីៗនេះ និងវិធានការរុះរើនាពេលខាងមុខដ៏ខ្លី នារសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក ស៊ុ ម៉ាប់ បានរំឭកឡើងវិញអំពីសកម្មភាពសាងសង់ខុសច្បាប់ និងរបាយការណ៍សំខាន់ៗដោយរួមទាំងទិន្ន័យ ដែលក្រុមការងារប្រមូលបានកន្លងមកទាក់ទិននឹងម្ចាស់សំណង់ទាំងនោះ។ លោកបានបន្តថា ខណៈនេះមាន អ្នកឆ្លៀតឱកាស ដើម្បីសាងសង់បើទោះបី ជាអ្នកទាំងនោះភាគច្រើនពុំមែនជា អ្នកស្រុកអង្គរ និងពុំមានតម្រូវការសាងសង់ដើម្បីស្នាក់នៅនោះទេ។
ម្យ៉ាងទៀតសំណង់មួយចំនួនស្ថិតនៅកៀកនឹងប្រាសាទបន្ទាយក្តីតែប្រម៉ាណ៥០ម៉ែត្រប៉ុណ្ណោះ ដែលធ្វើឲ្យ ប៉ះពាល់ អវិជ្ជមានដ៏ធ្ងន់ធ្ងរដល់បេតិកភណ្ឌ។ដោយក្នុងហេតុផលនេះហើយ ទើបរាល់សំណង់ និងដីចាក់បំពេញខុសច្បាប់ ទាំងនោះ ត្រូវតែមានវិធានការរុះរើជាចាំបាច់ ដើម្បីការពារឲ្យបាននូវបេតិកភណ្ឌដូនតាឲ្យបានយូរអង្វែង។
លោក លី ឡាយ បានលើកឡើងថា រមណីយដ្ឋានអង្គរពិតជាអស្ចារ្យ និងល្បីល្បាញណាស់ ដែលសព្វថ្ងៃកម្ពុជា ត្រូវអន្តរជាតិទទួលស្គាល់យ៉ាងច្បាស់ ដូច្នេះកិច្ចការពារត្រូវតែម៉ឺងម៉ាត់។លោកបានឯកភាពតាមគោលការណ៍ របស់អាជ្ញាធរអប្សរា ពោលគឺវិធានការរុះរើចាំបាច់ត្រូវតែធ្វើ ដើម្បីការពារបេតិកភណ្ឌ។
លោក លី ឡាយ បានជំរុញឲ្យមានការអនុវត្តការងារនេះដោយមានកិច្ចសហការពី គ្រប់ភាគីទាំងអស់ ដោយរួមទាំង កម្លាំង នគរបាលខេត្ត នគរបាលការពារបេតិកភណ្ឌ ស្ថាប័នតុលាការ និងកម្លាំងសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា៕