(សៀមរាប)៖ នេះជាលើកទី៣ហើយ ដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិ នៅប្រទេសកម្ពុជា ដើម្បីបង្កើនមិត្តភាព និងចូលរួមពង្រីកវិស័យកីឡា ក៏ដូចជាទាក់ទាញទេសចរអន្តរជាតិ ពិសេសទាក់ទាញទេសចរឥណ្ឌា ឱ្យមកកម្ពុជាកាន់តែច្រើន នៅឆ្នាំខាងមុខៗ។

នៅមុខប្រាសាទអង្គវត្ត នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ទិវាយោគៈអន្តរជាតិលើកទី៣ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយលោក រ៉ាជិត កូម៉ា តំណាងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលមានការចូលរួមពីមន្រ្តីអង្គទូត យុវជន ប្រតិភូ ACD សិស្ស-និស្សិត សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ១,០០០នាក់។

យោងតាមលោក រ៉ាជិត កូម៉ា បានឲ្យដឹងថា ទិវានេះបានធ្វើឡើងរយៈពេល២ឆ្នាំ ជាប់ៗគ្នានៅកម្ពុជា គឺនៅឆ្នាំ២០១៥ និង២០១៦ រួចមកហើយ ដោយទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននៅកម្ពុជា។

លោកបន្តថា យោគៈ (YOGA) ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ ទទួលស្គាល់ថា យោគៈ បានផ្តល់នូវវីធីសាស្ត្ររួមមួយ ដើម្បីថែរក្សាសុខភាព និងសុខុមាលភាព ហើយអង្គមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានប្រទេសជាសមាជិកប្រមាណ ១៩៣ប្រទេស បានអនុម័តសេចក្តីសម្រេចរួមគ្នាមួយ។

លោក ថោង ខុន បានបញ្ជាក់ឱ្យដឹងអំពីអត្ថប្រយោជន៍ នៃលំហាត់យោគៈថា ពិតជាមានសារៈប្រយោជន៍ដល់សុខភាពដូចនេះ ក្រសួងទេសចរណ៍ បានគាំទ្រ និងសហការក្នុងការរៀបចំទិវាយោគៈអន្តរជាតិនេះ ព្រមទាំងបានអំពាវដល់ពលរដ្ឋកម្ពុជា ឲ្យចូលរួមធ្វើលំហាត់ប្រាណ តាមបែបយោគៈនេះ ដើម្បីសុខភាពទាំងអស់គ្នា។

សូមបញ្ជាក់ថា ដូចគ្នាទៅនឹងឆ្នាំមុនៗដែរ សម្រាប់ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍យោគៈ នឹងត្រូវរៀបចំឡើងក្នុងទីតាំងសំខាន់ៗចំនួន៣ ក្នុងប្រទេសកម្ពុជា រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕