(ភ្នំពេញ)៖ លោកឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ចុះទៅស្រុកស្វាយលើ ដើម្បីជួបសំណេះសំណាល ជាមួយមេភូមិ សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ ដើម្បីថ្លែងអំណរគុណក្រោយការបោះឆ្នោត។
លោក ឃឹម ប៊ុនសុង ក៏បាននាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការបក្សខេត្ត បានលើកឡើថា ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជា បានធ្វើការបូកសរុបទូទាំងប្រទេសដែលមានសម្លេងគាំទ្ររហូតដល់ជាង ៣,៥០០,០០០នាក់ ហើយបើប្រៀធៀបការបោះឆ្នោតសកលឆ្នាំ២០១៣ គណបក្សប្រជាជនបានកើនឡើងជាង ៣០០,០០០នាក់ នៅទូទាំងប្រទេស ចំណែកគណបក្សប្រឆាំងកើនឡើងតែ ៥០,០០០នាក់ តែប៉ុណ្ណោះ។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង បានសំណូមពរឲ្យមន្ត្រីជំនាញទាំងអស់ដែលពាក់ព័ន្ធ ល្មមបញ្ឈប់អំពើមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាជន មេឃុំ មេភូមិ ត្រូវបម្រើប្រជាជនឲ្យអស់ពីចិត្ត សូមប្រជាជនរក្សាឲ្យបាននូវដីសហគមន៍ កុំឲ្យអ្នកចំណាកស្រុកមកញុះញង់កាប់បំផ្លាញព្រៃសហគមន៍ ដែលរក្សាទុក្ខឲ្យកូនចៅជំនាន់ក្រោយ ហើយចំពោះមេភូមិ គ្មានអ្នកណាអាចផ្លាស់ប្ដូរបានឡើយ។
លោកបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋាន ត្រូវចុះទៅថ្លែងអំណរគុណដល់ផ្ទះរបស់សមាជិកគណបក្ស ដើម្បីបន្តការអភិវឌ្ឍន៍ របស់ភូមិ ឃុំ បន្តទៀត ការអភិវឌ្ឍន៍ភូមិឃុំ ត្រូវតែបន្តទៀត ហើយខិតខំការកសាងសមាជិកថ្មីបន្ថែម ពិសេសយុវជន ក្រុមការងារមូលដ្ឋានត្រូវចុះឲ្យបានក្នុង១ខែ២ដងយ៉ាងតិច ក្រុមការងារត្រូវដោះស្រាយភ្លាមៗ រាល់បញ្ហាដែលកើនមានឡើងចំពោះប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន អ្វីដែលដោះស្រាយមិនបានត្រូវរាយការណ៍មកខេត្ត ខេត្តនឹងដោះស្រាយបន្តទៀត៕