(ភ្នំពេញ)៖ សហព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហមសម្រេចថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៃអំពើអមនុស្សធម៌ផ្សេងទៀត ដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ធវៈ នៅក្នុងអាពាហ៍ពិពាហ៍ទាំងនោះ។
ការស្នើសុំនេះ បានធ្វើឡើងនៅថ្ងៃទី២ នៃដំណើរការសវនាការធ្វើសេចក្តីសន្និដ្ឋានបិទ បញ្ចប់ការពិភាក្សាដេញដោលលើភស្តុតាងក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹងនួន ជា និងខៀវ សំផន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
សហព្រះរាជអាជ្ញា បានធ្វើសារណាដោយផ្ទាល់មាត់ លើទាក់ទងនឹងអង្គហេតុការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនៅក្នុងរបបខ្មែរក្រហម ដោយបានលើកមកបង្ហាញនូវសក្ខីកម្ម និងឯកសារភស្តុតាងជាច្រើនដើម្បីឲ្យលើសពី វិមតិសង្ស័យ។ សហព្រះរាជអាជ្ញារងជាតិ លោក សេង ប៊ុនឃាង បានលើកឡើងថា ភស្តុតាងនៃការប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនេះ មានយ៉ាងច្រើនសន្ធឹកសន្ធាបដែលជាស្ថានទម្ងន់ មានទាំងការឈឺចាប់ដែលមិនអាចប្រកែកបាន។
ព្រះរាជអាជ្ញាបានលើកឡើងថា របបខ្មែរក្រហមបានដាក់គោលនយោបាយជាក់លាក់ ក្នុងការបង្កើនចំនួនប្រជាជនក្នុងរយៈពេលពី១០ ទៅ១៥ឆ្នាំ គឺត្រូវបង្កើនចំនួនប្រជាជនកម្ពុជាឲ្យបាន២០លាននាក់។
នៅថ្ងៃទី២ នៃសវនាការ ធ្វើសេចក្តីសន្និដ្ឋានបិទ បញ្ចប់ការពិភាក្សាដេញដោល លើភស្តុតាងក្នុងសំណុំរឿង ០០២/០២ សហព្រះរាជអាជ្ញា បានធ្វើសេចក្តីសន្និដ្ឋាន ទាក់ទងនឹងឧក្រិដ្ឋម្មលើអង្គហេតុដាក់ជាទាសភាព នៃប្រជាជនកម្ពុជាតាមរយៈការធ្វើការងារ នៅតាមការដ្ឋានការងារនានានៅក្នុងប្រទេសកម្ពុជា និងបានបង្ហាញផងដែរ អំពីការធ្វើទុកបុកម្នេញទៅលើអ្នកកាន់ព្រះពុទ្ធសាសនា។
នៅក្នុងសារណារបស់ខ្លួន សហព្រះរាជអាជ្ញាបញ្ជាក់ថា «ជនជាប់ចោទនៅក្នុងសំណុំរឿងក្តី ០០២/០២ គឺ នួន ជា បងធំទី២ និងខៀវ សំផន ជាមុខមាត់សាធារណៈរបស់ខ្មែរក្រហម និងជាប្រធានរដ្ឋ នៅក្នុងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរបស់ពួកគេ បានស្វែងរកគ្រប់វិធីដើម្បីគេចវេសពីការទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មរបស់របបនេះ។ ពួកគេ ម្នាក់ៗនិយាយឲ្យចំគឺ នួន ជា តែម្តង បានអះអាងថា ការសម្លាប់ក្រៅអំណាចតុលាការ គឺជារឿងចាំបាច់ដើម្បីការពារ ប្រទេសពីខ្មាំងបរទេស ដូច្នេះវាជារឿងត្រឹមត្រូវ។ ពួកគេម្នាក់ៗ និយាយឲ្យចំគឺខៀវ សំផន តែម្តងបានអះអាងថា គាត់មិនបានដឹងពីអ្វីដែលបានកំពុងកើតឡើង ចំពោះប្រជាជនកម្ពុជាទេ ហើយថាគាត់គ្មានអំណាចដើម្បីដើរតួនាទីនៅក្នុងឧក្រិដ្ឋកម្មទាំងនេះដែរ»។
សហព្រះរាជអាជ្ញាបានបន្តទៀតថា ប៉ុន្តែភស្តុតាងបានបង្ហាញថា នួន ជា និងខៀវសំផន សុទ្ធតែមានតួនាទី ដែលគេបានស្គាល់ ឬដែលសំខាន់បំផុតក្នុង ការឃោសនាឲ្យមានឧក្រិដ្ឋកម្ម ដែលគេមិនអាចមានអ្វីជាយុត្តិកម្មបាន។ ពួកគេទាំង២នាក់ គឺជាអ្នកសេពគប់គ្នាជិតស្និទ្ធបំផុតរបស់ ប៉ុល ពត ដែលមេដឹកនាំបក្ស កុម្មុយនិស្តិកម្ពុជា ដែលជាមនុស្សស្ថិតនៅក្នុងចំណោមក្រុមតូចមួយ នៃមេដឹកនាំបក្សនេះ ដែលបានចូលរួមក្នុងផែនការមួយ ដើម្បីប្រើប្រាស់គោលនយោបាយ ឧក្រិដ្ឋកម្មដើម្បីរក្សាការក្តាប់អំណាចរបស់ខ្លួន និងដើម្បីលាក់កំបាំងភាពបរាជ័យ នៃអភិបាលកិច្ចរបស់ខ្លួន។
សហព្រះរាជអាជ្ញា បានលើកឡើងថា ដើម្បីពន្លឿនដល់កម្មវិធីនយោបាយនេះ របបខ្មែរក្រហម ក៏បានប្រឌិតឡើងនូវគោលនយោបាយឧក្រិដ្ឋនានា ដែលត្រូវបានអនុវត្តនៅទូទាំងប្រទេស។ របបខ្មែរក្រហម បានចាប់ផ្សឹកព្រះសង្ឃ ធ្វើទុក្ខបុកម្នេញលើពុទ្ធសាសនិកជន និងបានហាមឃាត់ការប្រតិបត្តិ សាសនាទាំងអស់។ ទីក្រុងនានាត្រូវបានគេបោសសម្អាតយ៉ាងស្ងាត់ជ្រងំ ហើយអ្នករស់នៅទីក្រុងទាំងនោះ ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅទៅ រស់នៅតាមជនបទ។ ប្រជាជនភាគច្រើន ត្រូវបានបញ្ជូនឲ្យទៅធ្វើពលកម្មនៅតាមការដ្ឋាន និងសហករណ៍នៅក្រោមលក្ខខណ្ឌនានា ដែលមានតម្លៃស្នើនឹងការធ្វើឲ្យទៅជាទាសករ។
តាមរយៈការបង្ហាញភស្តុតាងទាំងអស់នេះ សហព្រះរាជអាជ្ញា បានធ្វើសេចក្តីសន្និដ្ឋានថា ឆ្លងតាមដំណើរការសវនាការ និងការស្តាប់សក្ខីកម្មសាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកជំនាញព្រមទាំងឯកសារជាច្រើនម៉ឺននាក់ បានបញ្ជាក់ថា មានភស្តុតាងលើសពីវិមតិសង្ស័យ ដែលជនជាប់ចោទ នួន ជា និងខៀវ សំផន គឺជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មដែលបានកើតឡើង។ សហព្រះរាជអាជ្ញា នឹងបន្តធ្វើសារណារបស់ខ្លួនបន្តទៀតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧៕