(តាកែវ)៖ ទីតាំងផលិតសសៃគុយទាវបាញ់កាញ់២កន្លែង នៅក្នុងស្រុកត្រាំកក់ ត្រូវបានមន្រ្តីកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្រ្តីមន្ទីរ​ពាណិជ្ជកម្មខេត្តតាកែវ ​ចុះទៅបិត​នៅរសៀលថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៧នេះ។

ការចុះបិទនេះធ្វើឡើងបន្ទាប់ ពីមន្រ្តីកាំកុងត្រូលបានចុះទៅត្រួតពិនិត្យនៅតាមផ្សារ ដោយរកឃើញសាធាតុគីមីបូរ៉ាក់ នៅលើសសៃគុយទាវ​បាញ់កាញ់ ដែលទីតាំងទាំង២នេះ បានផលិតយកទៅលក់នៅលើទីផ្សារ។

លោក ប៉ោ លាងគង់ ដែល​ដឹកនាំកម្លាំងជំនាញចុះយុទ្ធនាការ​នេះ បានឲ្យដឹងថា «ក្នុងការចុះត្រួតពិនិត្យនៅផ្សារ​អង្គតាសោម មន្រ្តីយើងបាន​រកឃើញសសៃគុយទាវ ដែលមានសារធាតុគីមីប៉ូរ៉ាក់ នៅលើសសៃគុយទាវបាញ់កាញ់ ហើយយើងបានធ្វើការដកហូតមិនឲ្យចរាចរ​លើទីផ្សារ និងបន្តទៅបិទទីតាំងផលិតគូយទាវនេះថែមទៀតផង»

លោកបានបញ្ជាក់ថា សរសៃគុយទាវប្រមាណ៥០គីឡូនេះ ជំនាញនឹង​ធ្វើការ​ដុតកម្ទេចចោលតែម្តង ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយ អាជីវករមិនឲ្យបន្តលក់សសៃគុយទាវ ដែលមានសាធាតុហាមឃាត់នេះបន្តទៅទៀតទេ ព្រោះវាប៉ះពាល់ខ្លាំងដល់សុខភាព​របស់អ្នកប្រើប្រាស់។

លោកប្រធានសាខាកាំកុងត្រូលខេត្តបន្តថា សរសៃគុយទាវបាញ់កាញ់ ដែលផ្ទុកសារធាតុគីមីប៉ូរ៉ាក់នេះ វាពិតជាបង្កគ្រោះថ្នាក់ដល់អ្នក​បរិភោគ ហើយវាវត្តន៍ទៅរកជំងឺដូចជា ខ្សោយក្រលៀន រលាកក្រពះ ពោះវៀន និងប្រសិនជាអ្នកផលិតដាក់សារធាតុគីមីនេះច្រើនពេក វានឹង បណ្តាលឲ្យស្លាប់ថែមទៀតផង៕