(ភ្នំពេញ)៖ ដើម្បីប្រារព្ធ និងចូលរួមក្នុងទិវាពិភពលោក នៃអ្នកផ្តល់ឈាម បុគ្គលិករោងភាពយន្ត Major Cinepelx by Cellcard រួមទាំងអ្នកគាំទ្ររោងភាពយន្ត Major Cineplex by Cellcard ចំនួន៣៥នាក់ បាននាំគ្នាទៅបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក សៅ សុខនី ប្រធានគ្រប់គ្រងទូទៅនៃរោងភាពយន្ត Major Cineplex by Cellcard បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកថា កម្មវិធីនេះពិតជាអស្ចារ្យ ហើយត្រូវបានរៀបចំឡើងយ៉ាងល្អ ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការស្វែងរកអ្នកដែលផ្តល់ឈាម ដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវការឈាមដើម្បីសង្គ្រោះជីវតរបស់ពួគាត់។
លោក សៅ សុខនី បានអំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនត្រូវនាំគ្នាទៅចូលរួមបរិច្ចាគឈាមទាំងអស់គ្នា មិនដើម្បីតែខ្លួនឯង ម្នាក់នោះទេ គឺដើម្បីផលប្រយោជន៍រួមទូទៅ ដែលត្រូវការឈាមដើម្បីសង្គ្រោះអាយុជីវិត ក្នុងការកាលៈទេសៈដែលពួកគាត់ជួគ្រោះថ្នាក់ជាយថា ហេតុណាមួយ សូមកុំភ្លេចថា ឈាមអ្នកមួយកំផ្លោករបស់អ្នកអាចជួយជីវិតមនុស្សបានម្នាក់ ឬអាចច្រើនជាងនេះ។ ការផ្តល់ឈាមមិនមែន សម្រាប់តែប្រជាពលរដ្ឋខ្មែរនោះទេ គឺដើម្បីប្រជាជនទូទៅដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ។
លោក សៅ សុខនី បានបញ្ជាក់ថា «វាជាកាតព្វកិច្ចរបស់ខ្ញុំ ក្នុងការជួយដល់ពលរដ្ឋដទៃទៀត ហើយខ្ញុំជឿជាក់ថា បុគ្គលិក និងក្រុមការងាររបស់ ខ្ញុំក៏គិតដូច្នេះដែរ»។ លោកពន្យល់ថា «យើងមិនអាចរស់នៅដោយសុខស្រួលតែឯកឯង ហើយទុកឲ្យអ្នកដទៃរស់នៅផ្ទុយស្រលះពីយើងបានទេ ព្រោះថា យើងទាំងអស់គ្នារស់នៅក្នុងពិភពលោកជាមួយគ្នា។ ផលប៉ះពាល់នឹងអាចជះឥទ្ធិពលមកលើយើងនៅថ្ងៃណាមួយ»។
លោកបានបន្តថា «ក្នុងនាមជាពលរដ្ឋល្អ រោងភាពយន្ត Major Cineplex by Cellcard តែងតែស្វែងរកឱកាស ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រទៅដល់សហគមន៍វិញជានិច្ច»។
គួរបញ្ជាក់ផងដែរថា រោងភាពយន្ត Major Cinepelx by Cellcard តែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដូចជាកម្មវិធីបរិច្ចាគឈាមនេះជាដើម។ យោងតាមលោក សុខនី រោងភាពយន្ត Major Cinepelx by Cellcard មានគោលដៅ និងផែនការច្បាស់លាស់ទាក់ទងនឹងការងារសង្គម ពោលគឺ រោងភាពយន្ត Major Cinepelx by Cellcard មានកញ្ចប់ថវិការមួយកញ្ចប់ សម្រាប់ចូលរួមលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល៕