(កំពង់ចាម)៖ មន្រ្តីនគរបាលម្នាក់ មន្រ្តីអាវុធហត្ថ២នាក់ និងមន្រ្តីយោធា៣នាក់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាកងកម្លាំងប្រដាប់អាវុធ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីកងកម្លាំងទាំងនេះ បានរួមគ្នាបើករថយន្តដេញតាមរថយន្តដឹកសសរសម្រាប់ធ្វើផ្ទះ រហូតទាញកាំភ្លើង AK បាញ់គំរាមទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍ល្មើសច្បាប់ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ម្តុំផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
មន្រ្តីនគរបាលស្រុកព្រៃឈរបានប្រាប់អង្គភាព Fresh News ថា កងកម្លាំងប្រដាប់ទាំងនេះរួមមាន៖
១- ឈ្មោះ ផុន វាសនា ឋានៈនាយផ្នែកសន្តិសុខនគរបាល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
២- ឈោះ ជាតិ សំណាង ជាយោធាឋាន្តរស័ក្កិអនុសេនីយ៍ត្រី ជំនួយការហ្វឹកហ្វឺន ស្រុកត្បូងឃ្មុំ (ជាអ្នកបាញ់បោះកាំភ្លើង Ak 47 ចំនួន01គ្រាប់)
៣- ឈោះ កេត តារា អាយុ៣២ឆ្នាំ ជាយោធាឋានន្តរស័ក្តិនាយចំណង់ ស្រុកត្បូងឃ្មុំ
៤- ឈោះ ម៉ៅ អឿន អាយុ៤២ឆ្នាំ ជាយោធាឋានន្តស័ក្កិអនុសេនីយ៍ទោ (កងការពារ) ស្រុកត្បូងឃ្មុំ
៥- ឈ្មោះ ខែម សុធារ័ត្ន អាយុ៣៣ឆ្នាំ ជាមន្រ្តីអាវុធហត្ថ ឋានន្តរស័ក្តិនាយផ្នែកសន្តិសុខ
៦- ឈ្មោះ វ៉ាន់ សុទ្ឋ អាយុ២៨ឆ្នាំ ជាមន្រ្តីអាវុធហត្ថ នន្តរស័ក្តិនាយចំណង់។
មន្រ្តីនគរបាលបានបញ្ជាក់ថា «ជនល្មើសទាំងនេះពាក់ព័ន្ធបាញ់បោះ ឃាត់រថយន្តដឹកឈើនៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ព្រមទាំងឃាត់បានព្រូឡានម្នាក់ ឈ្មោះ រីម សុខរឹម អាយុ២៧ឆ្នាំ រស់នៅភូមិកោះកន្ដឹន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បន្ទាប់ពីត្រូវបានចាប់ខ្លួនកម្លាំងសមត្ថកិច្ច បានដកហូត រថយន្តម៉ាកសំាងយ៉ុង១គ្រឿង ពណ៌លឿងដែលដឹកសសរចំនួន១៦ដើម ខ្លី១៣ដើម វែង៣ដើមរបស់ប្រជាពលរដ្ឋ និងដកហូតពីកងកម្លាំងប្រដាប់អាវុធរួមមាន៖ កាំភ្លើង AK01ដើម គ្រាប់24គ្រាប់, រថយន្តម៉ាកកាំរី បាឡែន១គ្រឿង ស្លាកលេខ 2Q-2237, រថយន្តម៉ាកកាំរី បាឡែន១គ្រឿង ស្លាកលេខ 2T-4068 និងរថយន្តម៉ាកហាយហ្វ្រីតមួយគ្រឿង ស្លាកលេខខេមរភូមិន្ទ។
ជុំវិញការឃាត់ខ្លួនកងកម្លាំងប្រដាប់អាវុធ ដែលក្នុងនោះមានមន្រ្តីនគរបាលផងដែរនោះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា លោកបានប្រាប់ទៅខាងសមត្ថកិច្ចខេត្តកំពង់ចាម ឲ្យចាប់បញ្ជូនឡើងតុលាការតែម្តង ដោយសារតែពួកគេជាកងកម្លាំងប្រដាប់អាវុធតែបែរជាធ្វើខុសតួនាទី និងខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ស្នងការខេត្តត្បូងឃ្មុំ ក៏ដូចជាអធិការស្រុកត្បូងឃ្មុំ អត់ចូលរួមទទួលខុសត្រូវរឿងនេះដាច់ខាត ពីព្រោះឈ្មោះនេះ បានលួចទៅបេសកកម្មដោយគ្មានបញ្ជា ហើយខាងកងរាជអាវុធហត្ថ លោក វីរៈ ជាមេបញ្ជាការរង ក៏មានជំហរដូចគ្នានឹងស្នងការខេត្តត្បូងឃ្មុំបានឯកភាពគ្នា ឲ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពង់ចាម បញ្ជូនជនទាំងនេះទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់»។
នៅពេលនេះកងកម្លាំងប្រដាប់អាវុធទាំង៦នាក់នេះ ត្រូវបានកំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមច្បាប់៕