(ភ្នំពេញ)៖ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី លីបម៉េង នាថ្មីៗនេះ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឈ្មោះ ប៉ម ស៊ីថា ប្រធានក្រុមហ៊ុនគោកមនវីឡា ពាក់ព័ន្ធការចេញសែកគ្មានប្រាក់។
យោងតាមដីការបស់លោក លី លីបម៉េង ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ការបង្គាប់ឲ្យចាប់ខ្លួននេះ ពាក់ព័ន្ធបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦។
យោងតាមដីកាបង្គាប់នេះ បានគូសបញ្ជាក់ថា តុលាការធ្លាប់បានចេញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ ប៉ម ស៊ីថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ម្តងរួចមកហើយ តែរបស់សមត្ថកិច្ចបានបញ្ជាក់ថា លោក ប៉ម ស៊ីថា មិនមានរស់នៅក្នុងឃុំគោកមន ស្រុកបន្ទាយមអំពិល ខេត្តឧត្តរមានជ័យនោះទេ៕