Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា៖ ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅកម្ពុជាកន្លងទៅ បានដំណើរការប្រកបដោយសេរី និងយុត្ដិធម៌ (Video inside)

14-06-2017 16:46

(សៀមរាប)៖ លោក Wiliam A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មីម្ដងទៀតថា ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណិត្តទី៤ នៅប្រទេសកម្ពុជា ដែលបានប្រព្រឹត្តិទៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ បានដំណើរការប្រកបដោយសេរី និងយុត្តិធម៌។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោក Wiliam A.Heidt អញ្ជើញចូលរួមក្នុងពិធី បុណ្យឯករាជ្យជាតិអាមេរិក (America day) ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើង នៅក្នុងទឹកដីខេត្តសៀមរាប នាយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។

លោក Wiliam A.Heidt បានថ្លែងយ៉ាងដូច្នោះថា «អ្វីដែលយើងបានមើលឃើញ ក្នុងអំឡុងនៃដំណើរការបោះឆ្នោតលើកនេះ គឺពិតជាបានប្រព្រឹត្តិទៅប្រកប ដោយភាពវិជ្ជមានស្ទើគ្រប់ទិដ្ឋភាព ដូចដែលស្ថានទូតបានចេញសេចក្តីថ្លែងការណ៍ ជូនរួចមកហើយទាក់ទិននិងបញ្ហានេះ»

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា អាមេរិកបានដាក់ក្រុមអ្នកអង្កេតការ ចំនួន៤០ក្រុម ទៅតាមរាជធានីខេត្តចំនួន១៣ នៃប្រទេសកម្ពុជា ពោលគឺបានពង្រាយ កម្លាំង ជាង៣០០មណ្ឌល បោះឆ្នោត ក្នុងនោះបានកត់ត្រានូវទិន្នន័យ តាមប្រព័ន្ធទូរស័ព្ធដៃ (Election App) និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការ រៀបចំការបោះឆ្នោត​ នៅក្នុងប្រទេសកម្ពុជា ដែលនេះជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។

លោកក៏បានរំពឹងផងដែរថា «ការបោះឆ្នោតនៅឆ្នាំក្រោយៗទៀត និងមានលក្ខណៈល្អប្រសើរដូច្នេះ ហើយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លើកនេះ ខ្ញុំមានជំនឿលើប្រជាពលរដ្ឋកម្ពុជា គិតថាការបោះឆ្នោតនេះ មានលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌១០០%»

លោក Wiliam A.Heidt បានបន្ថែមទៀតថា ការបោះឆ្នោតលើកនេះ ពិតជាមានចំណុចវិជ្ជមានស្ទើរគ្រប់ទិដ្ឋភាព ពោលគឺមានលក្ខណៈល្អប្រសើរ និងជាជំហ៊ានឆ្ពោះទៅមុខ សម្រាប់ការបោះឆ្នោតនៅកម្ពុជានៅពេលក្រោយៗទៀត។

លោកបានបញ្ជាក់ថា ប្រជាធិបតេយ្យ មិនអាចវាយតម្លៃបានថា វាសឬខ្មៅនោះទេ ព្រោះផ្នែកខ្លះនៃសិទ្ធិមនុស្សប្រព្រឹត្តិទៅបានល្អ ក៏មានផ្នែកខ្លះទៀត ប្រព្រឹត្តិមិនបានល្អ ដែលបញ្ហានេះ កើតមាននៅសហរដ្ឋអាមេរិកដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹងកាន់ខ្លាំងពី លទ្ធិប្រជាធិបតេយ្យ ដែលអាចធ្វើឲ្យការបោះឆ្នោត លើកក្រោយទៀត កាន់តែមានប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ល្អជាងនេះថែមទៀត៕