(ភ្នំពេញ)៖ មន្ដ្រីនគរបាលឈ្មោះ លាង ឡា ពាក់ស័ក្ដិ៣ មានតួនាទីជានាយរងផ្នែក នៃការិយាល័យគណនេយ្យ នាយកដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេស របស់ក្រសួងមហាផ្ទៃ ដែលបានប្រើសរសេរប្រមាថអាយុជីវិត របស់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេចនៅលើបណ្ដាញសង្គម Facebook នោះ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយ ។
មន្ត្រីតុលាការថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ឈ្មោះ លាង ឡា ពីបទ «គំរាមកំហែងថានឹងសម្លាប់«តាមមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ ។
បទល្មើសគំរាមកំហែងថានឹងសម្លាប់ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។
សូមបញ្ជាក់ថា លោក លាង ឡា ដែលប្រើគណនី Facebook ឈ្មោះ Leala Leang ដែលបានកាត់តរូបសម្តេចតេជោ និងរូបខ្លួនឯងលើ Profile ពាក់ផ្កាយ៥ ហើយថែមទាំងសរសេរថា សហនាយករដ្ឋមន្រ្តីទី១ និងទី២ បានចូលទៅ comment នៅក្នុងផេករបស់សម្ដេចតេជោ ហ៊ុន សែន ដោយប្រើពាក្យប្រមាថធ្ងន់ៗ ដល់សម្ដេច និងគ្រួសារ ខណៈដែលខ្លួនគឺជាមន្ដ្រីនគរបាលម្នាក់របស់រាជរដ្ឋាភិបាល និងស៊ីប្រាក់ខែរបស់រាជរដ្ឋាភិបាល៕