(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយក្រសួងផែនការ និងមន្ទីរផែនការខេត្ត នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ បានបើកវគ្គផ្សព្វផ្សាយ លទ្ធផលទិន្នន័យគ្រួសារក្រីក្រខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីកំណត់ អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ជុំទី១០ ឆ្នាំ២០១៦កន្លងមក និងដំណើរការយន្តការ សម្របសម្រួលតាមដាន និងឆ្លើយតបការដោះស្រាយ ពិធីនេះត្រូវបានធ្វើឡើងនៅ សាលប្រជុំសាលា ខេត្តពោធិ៍សាត់។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ប៉ូច ប៊ុណ្ណាក់ អនុរដ្ឋលេខាធិការក្រសួងផែនការ តំណាងលោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ លោកស្រី ជុក សុផានី អភិបាលរងខេត្ត លោក ឈឹម ផាវ៉េត សមាជិកក្រុមប្រឹក្សាខេត្ត បណ្តាមន្ទីរអង្គភាពនានា ជុំវិញខេត្ត អភិបាល អភិបាលរងស្រុក-ក្រុង និងសមាជិកសមាជិកា ចូលរួមយ៉ាងច្រើនកុះករ។

លោក ប៉ូច ប៊ុណ្ណាក់ និងលោកស្រី ជុក សុផានី បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សា គណៈអភិបាលខេត្ត-ស្រុក-ក្រុង និងអ្នកពាក់ព័ន្ធ ទាំងអស់ ដែលបានផ្ដល់ការគាំទ្រ រួមចំណែក ក្នុងការធ្វើបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្រ ក្នុងរយះពេលកន្លងមក រហូតទទួលបានទិន្នន័យ គ្រួសារក្រីក្រ ដែលមានលក្ខណះគួរឲ្យទុកចិត្តបាន។ ភាពក្រីក្រជាមូលដ្ឋាន ស្មុគ្រស្មាញ ពហុមុខដូចជា៖ កំណើនប្រជាជនខ្ពស់, កង្វះអនាម័យ, កង្វះការអប់រំ កង្វះកាលានុវត្តន៍ភាពការងារ, កង្វះសុវត្ថិភាពស្បៀង, ការរើសអើងក្នុងសង្គម និងភាពងាយរងគ្រោះ។

ចាប់តាំងពីឆ្នាំ២០០៥មក ក្រសួងផែនការ បានបង្កើតនូវនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជាតិមួយ សម្រាប់កំណត់អត្តសញ្ញាណ គ្រួសារក្រីក្រនៅតំបន់ជនបទហើយបានដាក់ ឲ្យដំណើរការតាំងពីឆ្នាំ២០០៧មក ដែលគិតមកដល់ពេលនេះមានរយៈពេល១០ឆ្នាំហើយ។ រាជរដ្ឋាភិបាលបានចាត់ទុកកម្មវិធីនេះ ជាឧបករណ៍ដ៏មានសារសំខាន់ ក្នុងការជម្រុញល្បឿនការកាត់បន្ថយភាពក្រីក្រឲ្យបានឆាប់រហ័ស ដើម្បីសម្រេចបានជោគជ័យក្នុងការអនុវត្តន៍ ផែនការយុទ្ធសាស្ត្រអភិវឌ្ព្យន៍ជាតិ។ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានផ្ដល់ទិន្នន័យ គ្រួសារក្រីក្រជាបន្តបន្ទាប់ ដល់ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ប្រតិបត្តិករផ្ដល់ជំនួយ និងសេវាសម្រាប់ ជាមូលដ្ឋាន ក្នុងការតម្រង់ទិសផ្ដល់ជំនួយ និងអន្តរាគមន៍ផ្សេងៗ ឲ្យចំគ្រួសារក្រីក្រពិតប្រាកដ។

លោក ប៉ូច ប៉ុណ្ណាក់ បានបន្តថា ដោយសារតម្រូវការ នៃការប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រមានការកើនឡើង ជាលំដាប់ចាប់ពីឆ្នាំ ២០១០មក ក្រសួងផែនការបានធ្វើការកំណត់ អត្តសញ្ញាណគ្រួសារក្រីក្រ ឲ្យមានលក្ខណះជាប្រព័ន្ធ និងធ្វើបច្ចុប្បន្នកម្មរៀងរាល់ ០៣ឆ្នាំម្ដង។ សម្រាប់ឆ្នាំ២០១៦កន្លងមកនេះ បានកំណត់ខេត្តគោលដៅចំនួន០៨ រួមមានខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ និងខេត្តរតនៈគិរី ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ។ ដោយឡែក នៅខេត្តពោធិ៍សាត់នេះ កម្មវិធីបានដំណើរការនៅក្នុងភូមិចំនួន៤៩៤ភូមិ មកដល់ពេលនេះបានបញ្ចប់ហើយ ដែលនៅក្នុងនោះមាន បញ្ជីគ្រួសារក្រីក្រចុងក្រោយ ដែលទទួលស្គាល់ដោយក្រុមប្រឹក្សា ឃុំ-សង្កាត់ មានតម្កល់ទុកនៅភូមិមួយច្បាប់ និងសាលាឃុំ-សង្កាត់ មួយច្បាប់។​​​ ​​

លោកបានជម្រាបជូនថា ផ្អែកតាមលទ្ធផល នៃការគណនារបស់ក្រសួងផែនការ ដោយផ្អែកលើលទ្ធផលអង្កេតសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុង ឆ្នាំ២០១៦ មានប្រជាពលរដ្ឋក្នុងរង្វង់៨៧ភាគរយ រស់នៅលើខ្សែបន្ទាត់ក្រីក្រតិចតួចប៉ុណ្ណោះ។ ដូច្នះក្នុងឆ្នាំ២០១៧នេះ កម្មវិធី អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ បានបន្ថែមនូវសំណួរមួយចំនួន ក្នុងកម្រងបញ្ជីសំណួរ ដូចជាគ្រួសារអតីតយុទ្ធជន គ្រួសារផ្ទុកមេរោគ អេដស៍គ្រួសារជួបប្រទះ ប្រធានសក្កិ វិបត្តិសកល និងបញ្ហាចៃដន្យណាមួយ ដើម្បីធ្វើសម្រង់ទិន្នន័យ សម្រាប់វាយតម្លៃកំណត់ គ្រួសារក្រីក្រ៕