(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីគុយបា បានបង្ហាញជំហរថា នឹងសហការគ្នាឲ្យបានខ្លាំងក្លា ដើម្បីបណ្តុះបណ្តាល ធនធានមនុស្ស លើទំនាក់ទំនងការទូតឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នេះជាការលើកឡើងរបស់ ទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Juan de Jesus Hidalgo-Gato Perez អគ្គរដ្ឋទូតនៃ សាធារណរដ្ឋគុយបា នៅទីស្តីការក្រសួង នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោកទេសរដ្ឋមន្រ្តីបានថ្លែងថា ការសហការគ្នារវាងវិទ្យាស្ថានការទូតជាតិ និងគុយបា នឹងជួយកម្ពុជាក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស និងអាចផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយគ្នាទៅវិញទៅមកផងដែរ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា លោក ប្រាក់ សុខុន បញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតគុយបា ថា ក្នុងពេលឆាប់ៗនេះ កម្ពុជា នឹងបង្កើតវិទ្យាស្ថានជាតិការទូត និងការសិក្សាអន្តរជាតិ ឆ្លើយតបនឹងតម្រូវការធនធានមនុស្ស។

ជាការឆ្លើយតប លោក Juan de Jesus Hidalgo-Gato Perez បានសំដែងការស្វាគមន៍ និងសរសើរលើគំនិតផ្តួចផ្តើមរបស់ទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ក៏បានអរគុណដល់ភាគីគុយបា ដែលបានជួយជាជំនួយដល់កម្ពុជា ឲ្យមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ ក្រោយពេលកម្ពុជាបានផ្តួលរំលំរបប ប៉ុល ពត។

ចំពោះឯកអគ្គរដ្ឋទូតគុយបា លោក Juan de Jesus Hidalgo-Gato Perez បានសម្តែងការរីករាយ និងស្វាគមន៍ ចំពោះទំនាក់ទំនងល្អរវាង កម្ពុជា និងគុយបា និងទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជនតាំងដើម រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោក ប្រាក់ ​សុខុន បានបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាលគុយបា នៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាបន្តទៀត ជាពិសេសការបន្តផ្តល់អាហារូបករណ៍ ហើយជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ស្តីពីភាពចាំបាច់ក្នុងការបញ្ចប់ ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីអាមេរិក ទៅលើប្រទេសគុយបា៕